ប្រទេសទន្លេមេគង្គឡានឆាងទាំង៦បានអនុម័តលើអនុសាសន៍នៃដំណាក់កាលទីមួយនៃការសិក្សារួមគ្នាដើម្បីត្រួសត្រាយផ្លូវសម្រាប់ការចែករំលែកព័ត៌មានកាន់តែប្រសើរឡើងអំពីប្រតិបត្តិការរបស់ទំនប់វារីអគ្គិសនីក្នុងអាងស្តុកទឹកនៅលើទន្លេមេគង្គ ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗទាក់ទិនលំហូរទឹក និងការបញ្ចេញទឹកក្នុងអាងទន្លេមេគង្គ។ នេះបើតាមគណៈកម្មការទន្លេមេគង្គ (MRC)។
មន្ត្រីជាន់ខ្ពស់នៃប្រទេសទន្លេមេគង្គទាំង៦ ក៏បានព្រមព្រៀងគ្នាបង្កើតក្រុមអ្នកជំនាញរួមមួយនៅកិច្ចប្រជុំមួយរៀបចំឡើងនៅក្នុងរដ្ឋធានីប៉េកាំងប្រទេសចិនកាលពីថ្ងៃទី១០ ខែកញ្ញា ដើម្បីត្រួតពិនិត្យការសិក្សារួមគ្នាបន្ថែមទៀត និងដើម្បីដាក់ឱ្យដំណើរការការស្ទង់មតិរួម Lancang-Mekong Survey។ ការស្ទង់មតិរួមនោះនឹងមានការចុះទៅកាន់ទីតាំងសំខាន់ៗរួមគ្នារបស់ភាគីពាក់ព័ន្ធនៅក្នុងអាងទន្លេមេគង្គនៅផ្នែកខាងលើ ហើយការសង្កេតជាច្រើននឹងកើតមាន ក្នុងនោះគឺការសង្កេតលើជីវភាពរស់នៅរបស់ប្រជាជន និងសហគមន៍ដែលរស់នៅតាមដងទន្លេ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។
លោក Brian Eyler នាយកកម្មវិធីអាស៊ីអាគ្នេយ៍ និងកម្មវិធីថាមពល ធនធានទឹក និងចីរភាព នៅមជ្ឈមណ្ឌល Stimson ប្រាប់វីអូអេថា នេះជាដំណឹងដ៏ល្អមួយក្នុងការចែករំលែកទិន្នន័យ និងព័ត៌មានផ្សេងៗពីទនេ្លមេគង្គ ដោយលោកបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នប្រទេសចិន ដែលស្ថិតនៅខ្សែទឹកទន្លេខាងលើមិនសូវចែករំលែកទិន្នន័យណាមួយជាមួយប្រទេសដដែលស្ថិតនៅខ្សែទឹកខាងក្រោមនោះទេ។
លោកបានបញ្ជាក់ក្នុងសម្តីដើមជាភាសាអង់គ្លេស និងបានប្រែសម្រួលជាភាសាខ្មែរថា៖ «សំខាន់ទៀតនោះ ទិន្នន័យនេះក៏ត្រូវចែករំលែកជាសាធារណៈផងដែរ ហើយមិនមែនជាអ្វីដែលមកពីរដ្ឋាភិបាលតែមួយនោះទេ។ ខ្ញុំជឿថាសហគមន៍ឃ្លាំមើលទន្លេមេគង្គភាគច្រើនចង់ឃើញលទ្ធផលនៃការសិក្សារួមគ្នារវាង LMC និង MRC ដែលនឹងចេញផ្សាយនៅក្នុងខែតុលា»។
លោក Brian Eylan បន្តទៀតថា ប្រទេសចិនបានមើលឃើញផលប្រយោជន៍តិចបំផុតក្នុងការចែករំលែកនូវទិន្នន័យ និងព័ត៌មានពីប្រភពទឹកខាងលើ ដោយលោកថា ទំនប់ទឹកខាងលើរបស់ប្រទេសចិនបានបង្កជាទឹកជំនន់ និងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។
លោកថ្លែងក្នុងសម្រង់សម្តីដើមជាភាសាអង់គ្លេសដែលបានប្រែសម្រួលជាភាសាខ្មែរថា៖ «វាទំនងជានឹងបន្តទៅទៀត ទោះបីជាមានការចែករំលែកទិន្នន័យទំនប់ទឹកក៏ដោយ លុះត្រាតែចិនចាប់ផ្តើមដំណើរការទំនប់វារីអគ្គិសនីរបស់ខ្លួនខុសពីមុន»។
យ៉ាងណាមិញ បើតាមរបាយការណ៍របស់គណៈកម្មការទន្លេមេគង្គ (MRC) ដែលចេញផ្សាយកាលពីឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនបានយល់ព្រមផ្តល់ទិន្នន័យជលសាស្ត្រពេញមួយឆ្នាំដល់គណៈកម្មការទន្លេមេគង្គ (MRC) ដែលរួមចំណែកដល់ការឃ្លាំមើលទន្លេ និងការព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងប្រទេសមេគង្គកាន់តែប្រសើរឡើង។
របាយការណ៍ក៏បន្តថា ក្នុងរយៈពេល១៨ឆ្នាំកន្លងមកនេះ ប្រទេសចិនបានចែករំលែកទិន្នន័យទឹកភ្លៀង និងកម្រិតទឹកពីទីតាំងទំនប់ចំនួនពីរនៅក្នុងអាងទន្លេមេគង្គខាងលើ ដែលជាកន្លែងទឹកទន្លេហូរចុះ ក្នុងអំឡុងពេលនៃរដូវវស្សាដែលចាប់ពីខែមិថុនាដល់ខែតុលា។
លោក លន់ ពេជ្រតារា នាយកប្រតិបត្តិអង្គការភូមិខ្ញុំដែលធ្វើការលើការការពារធនធានធម្មជាតិ និងអភិរក្សបរិស្ថាន លើកឡើងថា ការចែករំលែកព័ត៌មានទៅវិញទៅមករវាងប្រទេសទាំង៦នៃតំបន់ទន្លេមេគង្គជារឿងដែលប្រសើរ ពីព្រោះប្រទេសទន្លេមេគង្គនីមួយៗនឹងអាចត្រៀមវិធានការទប់ស្កាត់ទុកជាមុនដើម្បីកាត់បន្ថយហានិភ័យផ្នែកបរិស្ថាន និងធនធានទឹក។
លោកថ្លែងថា៖ «ការចែករំលែក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសខាងលើ និងខាងក្រោមទន្លេមេគង្គមានសារៈសំខាន់ ហើយការចែកព័ត៌មានទាន់ពេលវេលាហ្នឹងហើយដែលជាយន្តការមួយដ៏ល្អ ក្នុងការរៀបចំគ្រប់គ្រងធនធានទឹក និងការគ្រប់គ្រងហានិភ័យផ្សេងៗដែលអាចបង្កើតឡើងដោយកត្តាអាកាសធាតុដូចជាការអភិវឌ្ឍនានានៅតាមដងទន្លេមេគង្គយើង»។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៦មក គណៈកម្មការទន្លេមេគង្គ និងប្រទេសចិនបានធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងកិច្ចប្រជុំពិភាក្សាប្រចាំឆ្នាំ ការចែករំលែកទិន្នន័យ និងព័ត៌មាន សន្និសីទរួម និងការសិក្សារួមគ្នា និងការផ្លាស់ប្តូរបច្ចេកទេសលើការអភិវឌ្ឍធនធានទឹក ការការពារបរិស្ថាន និងការអភិវឌ្ឍទំនប់វារីអគ្គិសនីជាដើម៕