ប្រាំ​មួយ​នាក់​ស្លាប់​នៅ​ក្នុង​ការប៉ះ​ទង្គិច​គ្នា​ពេល​ដើរ​ដង្ហែ​ក្បួន​នៅ​ក្រុង​គែរ

ក្រុម​អ្នក​គាំទ្រ​ក្រុម Muslim Brotherhood បាន​ធ្វើ​ការ​​ដុត​បញ្ឆេះ​​ ដើម្បី​បិទ​ផ្លូវ​មួួយ​នៅ​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​កងកម្លាំង​អេហ្ស៊ីប។ ប្រាំ​មួយ​នាក់​ស្លាប់​នៅ​ក្នុង​ការប៉ះ​ទង្គិច​គ្នា​ពេល​ដើរ​ដង្ហែ​ក្បួន​នៅ​ក្រុង​គែរ។

មន្ត្រី​អេហ្ស៊ីប​និយាយ​ថា​ មាន​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​៦​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង​គែរ​ ក្នុង​ពេល​ប៉ះទង្គិច​គ្នា​រវាង​អាជ្ញាធរ​ប៉ូលិស​ និង​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ម៉ូហាមេដ ម៉ូស៊ី​ (Mohammad Morsi) ​ដែល​ត្រូ​វ​បាន​គេ​ទម្លាក់​ចេញ​ពី​តំណែង។​

ការប្រយុទ្ធ​គ្នា​បាន​កើត​មាន​ឡើង​ក្នុង​ពេល​មាន​ការ​តវ៉ា​ដោយ​ក្រុម​ឥស្លាម ​បន្ទាប់​ពី​ពួកគេ​បាន​មក​ជួបជុំ​គ្នា​សូត្រ​ធម៌​នៅ​ពេល​ព្រឹក​ក្នុង​សង្កាត់​តាលីប៊ីយ៉ា (Talibiya) ដែល​នៅ​ជិត​ប្រាសាទ​ពីរ៉ាមីត​ (Giza)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ប៉ូលិស។​

ក៏​មាន​សេចក្តី​រាយការណ៍​ពី​ការតវ៉ា​នៅ​ក្នុង​ទីក្រុង​ណាយ៉ា (Nahya) ដែល​ជា​តំបន់​កាន់​កាប់​របស់​ក្រុម​ឥស្លាម ​ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​នៃ​ប្រទេស​អេហ្ស៊ីប។​

ការតវ៉ា​បាន​កើត​មាន​ឡើង​នៅ​ចំ​ថ្ងៃ​ឈប់​សម្រាក​ Eid al-Fitr ​ដ៏​សំខាន់ ​ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធី​បុណ្យ​រ៉ាម៉ាដាន់។

ក្រុម​អ្នក​គាំទ្រ​លោក​ម៉ូស៊ី បាន​ធ្វើ​ការ​តវ៉ា​ជាប់​ជា​ប្រចាំ​ចាប់​តាំង​ពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ក្នុង​ឆ្នាំ​២០១៣។

រដ្ឋាភិបាល​អេហ្ស៊ីប​បាន​ដាក់​ក្រុម​ Muslim Brotherhood ​ឲ្យ​នៅ​ក្រៅ​ច្បាប់​ ហើយ​បាន​ចាប់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដាក់ក្នុង​ពន្ធនាគារ។​

ចាប់​តាំងពី​មាន​ការ​បង្រ្កាប​មក​ មាន​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ជីវពល​ជាច្រើន​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ហើយ​ភាគច្រើន​លើ​គោលដៅ​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស៕