នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលនៃប្រទេសនៅទ្វីបអាស៊ីទាំងពីរកំពុងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ បន្ទាប់ពីប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានឯកភាពគ្នាបន្តពិភាក្សាកិច្ចព្រមព្រៀងនេះនៅក្នុងជំនួបរបស់មេដឹកនាំទាំងពីរកាលពីខែមេសាកន្លងទៅនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានានៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
លោក Fabrizio Bozzato អ្នកស្រាវជ្រាវជំនាញខាងកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃសមាគមស្រាវជ្រាវយុទ្ធសាស្ត្រតៃវ៉ាន់ (Taiwan Strategy Reserach Association) បាននិយាយថា៖ «ប្រសិនបើកិច្ចព្រមព្រៀងនោះពិតជាត្រូវបានចុះហត្ថលេខា និងអនុវត្ត នោះវាមិនមែនបង្ហាញឲ្យឃើញពីព្រឹត្តិការណ៍សំខាន់នោះទេ ប៉ុន្តែបង្ហាញឲ្យឃើញពីជំហានដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការប្រើប្រាស់ធនធានរួមគ្នាគឺមិនមែនជាបញ្ហាតូចតាចនោះទេ»។
ប្រទេសហ្វីលីពីនបានប្រឆាំងជាផ្លូវការចំពោះការធ្វើដំណើររបស់នាវានេសាទ នាវាល្បាតតាមសមុទ្រ និងនាវាយោធាជើងទឹករបស់ចិននៅក្នុងរង្វង់ចម្ងាយ ៣៧០ គីឡូម៉ែត្រនៃតំបន់សេដ្ឋកិច្ចពិសេសនៃដែនសមុទ្ររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
ប៉ុន្តែ ក្នុងរយៈពេលជាច្រើនខែក្រោយមក បន្ទាប់ពីលោក Duterte បានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីននៅក្នុងឆ្នាំ ២០១៦ មក លោក Duterte និងលោក Xi Jinping បានជួបគ្នាដើម្បីបង្កើតទំនាក់ទំនងមួយដែលគេមើលឃើញថា ភាគីទាំងពីរបានទុកជម្លោះដែនសមុទ្រមួយឡែក។ នៅក្នុងផ្នែកមួយនៃទំនាក់ទំនងដ៏ខ្លាំងក្លាជាងមុននេះ ប្រទេសចិនបានបង្ហាញពីការសន្យារបស់ខ្លួននៅក្នុងការផ្ដល់ជំនួយ និងការវិនិយោគក្នុងទឹកប្រាក់ ២៤ ពាន់លានដុល្លារអាមេរិក ដើម្បីជួយអភិវឌ្ឍប្រទេសហ្វីលីពីន។
ភាពជូរចត់នៅពីក្រោយទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ?
រដ្ឋាភិបាលចិនបានយោងទៅលើផែនទីប្រវត្តិសាស្ត្រ ដើម្បីគាំទ្រលើការទាមទារកាន់កាប់របស់ខ្លួនលើដែនសមុទ្រប្រហែល ៩០ ភាគរយ នៃសមុទ្រចិនខាងត្បូង ទោះបីជាមានការប្រជែងគ្នាទាមទារកាន់កាប់ដែនសមុទ្រទាំងនេះពីប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់ក៏ដោយ។
រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងម៉ានីលមានជម្លោះជាមួយគ្នាចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ ពាក់ព័ន្ធនឹងតំបន់ Scarborough Shoal ដែលសំបូរធនធានត្រី។ នៅទីបំផុត ប្រទេសចិនដែលមានអំណាចផ្នែកយោធាខ្លាំងជាងបានគ្រប់គ្រងតំបន់នោះ។
នៅពេលដែលលោក Duterte បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីចុងឆ្នាំ ២០១៦ ដើម្បីបំបែកភាពជាប់គាំង លោក Xi Jinping បានស្នើឲ្យមាន «កិច្ចសហប្រតិបត្តិការទ្វេភាគីខ្លាំងក្លាជាងមុននៅក្នុងផ្នែកនេសាទ» ក្នុងចំណោមផ្នែកផ្សេងៗទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិន កាលពីខែតុលាឆ្នាំមុន។
ប៉ុន្តែ អ្នកសិក្សាស្រាវជ្រាវខ្លះបាននិយាយថា កិច្ចព្រមព្រៀងនេសាទរវាងប្រទេសទាំងពីរប្រហែលជាអ្វីដែលអាចហួសពីលក្ខខណ្ឌកំណត់ផ្នែកផ្លូវច្បាប់សម្រាប់ប្រទេសហ្វីលីពីន។
អំណាចរបស់ប្រទេសហ្វីលីពីនគឺ «ត្រូវបានចងភ្ជាប់ផ្នែកផ្លូវច្បាប់» ទៅនឹងរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេសាទផ្លូវការនេះ។ នេះបើតាមការបញ្ជាក់របស់លោក Jay Batongbacal សាស្ត្រាចារ្យកិច្ចការដែនសមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យ University of the Philippines។
លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងណាមួយក៏ដោយគឺអាចគ្រាន់តែជា «ការសម្របសម្រួលគ្នា» តែប៉ុណ្ណោះ។
លោក Antonio Contreras អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ De La Salle នៅក្នុងប្រទេសហ្វីលីពីន បានបញ្ជាក់ថា៖ «ប្រសិនបើការនេសាទនោះធ្វើឡើងនៅក្នុងរង្វង់តំបន់សេដ្ឋកិច្ចពិសេសនៃដែនសមុទ្ររបស់ហ្វីលីពីន វាមិនគួរជាកិច្ចព្រមព្រៀងនោះទេ វាគួរតែជាការអនុញ្ញាតឲ្យធ្វើការនេសាទទៅវិញទេ។ វាមិនមែនជាកិច្ចព្រមព្រៀងមួយរវាងភាគីដែលមានកម្រិតស្មើគ្នានោះទេ ប៉ុន្តែវាជាអ្វីដែលដូចថា ខ្ញុំផ្ដល់សិទ្ធិនេសាទទៅឲ្យអ្នកក្រោមលក្ខខណ្ឌកំណត់របស់ខ្ញុំទៅវិញទេ»។
កិច្ចព្រមព្រៀងផ្លូវការជាងនេះមួយអាចបញ្ជាក់ថា ភាគីណាមួយអាចនេសាទនៅកន្លែងណាមួយបាន ដែលក្នុងនោះមានទាំងលទ្ធភាពសម្រាប់ប្រទេសទាំងពីរធ្វើការនេសាទនៅក្នុងដែនទឹកដែលមានជម្លោះផងដែរ។
លោក Jay Batongbacal បានបញ្ជាក់ថា៖ «ដោយសារតែគ្មានកិច្ចព្រមព្រៀងពិតប្រាកដ ដូច្នេះជម្លោះអាចកើតឡើងសារជាថ្មីម្ដងទៀតបាន»។
ជាងនេះទៅទៀត ប្រទេសហ្វីលីពីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការនេសាទជាមួយនឹងកោះតៃវ៉ាន់កាលពីឆ្នាំ ២០១៥។ ប្រទេសវៀតណាម និងម៉ាឡេស៊ីកំពុងធ្វើការលើកិច្ចព្រមព្រៀងនេសាទមួយរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន។
សារសម្រាប់ប្រទេសដទៃទៀត
ប្រទេសចិនអាចសង្ឃឹមថា កិច្ចព្រមព្រៀងនេះបង្ហាញឲ្យឃើញពីបំណងល្អចំពោះបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតដែលទាមទារកាន់កាប់ដែនសមុទ្រចិនខាងត្បូងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក Alexander Huang សាស្ត្រាចារ្យផ្នែកសិក្សាកិច្ចការយុទ្ធសាស្ត្រនៃសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់។
ប្រទេសចិនបានធ្វើឲ្យប្រទេសដទៃទៀតខឹងសម្បារដោយសារតែខ្លួនបានសាងសង់កោះជម្លោះតូចៗនានា។ ការសាងសង់នេះគឺមួយផ្នែកសម្រាប់ការប្រើប្រាស់បែបយោធារបស់ខ្លួន។ ជាងនេះទៅទៀត ប្រទេសចិនក៏បានធ្វើឲ្យប្រទេសផ្សេងទៀតមិនសប្បាយចិត្តផងដែរ ដោយសារតែការប្រកាសពីការហាមឃាត់មិនឲ្យនេសាទប្រចាំឆ្នាំរបស់ខ្លួននៅផ្នែកភាគខាងជើងនៃសមុទ្រចិនខាងត្បូងដែលមានទំហំ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េនេះ។
លោក Alexander Huang បាននិយាយយ៉ាងដូច្នេះថា៖ «ប្រទេសចិនប្រហែលជាចង់បង្កើតអ្វីមួយដែលជាការនាំមុខមុន ដើម្បីឲ្យប្រទេសដទៃទៀតអាចយោងទៅលើ ឬក៏គិតពិចារណាអំពីករណីទាំងនេះបាន។ ខ្ញុំគិតថា វិធីដោះស្រាយរបស់ហ្វីលីពីនគឺគ្មានអ្វីក្រៅពីការពាក់ព័ន្ធទៅនឹងការដោះស្រាយជម្លោះដែនអធិបតេយ្យនោះទេ។ វិធីដោះស្រាយនោះនឹងត្រូវគេមើលឃើញថាជាវិធានការបង្ការជម្លោះ»។
ប្រទេសចិនបានចាញ់ប្រទេសហ្វីលីពីននៅឯតុលាការអាជ្ញាកណ្ដាលអន្តរជាតិកាលពីឆ្នាំ ២០១៦ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងនឹងការពង្រីកការទាមទាររបស់ចិននៅក្នុងការកាន់កាប់ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។ ប៉ុន្តែប្រទេសចិនបានជំទាស់ទៅនឹងការសម្រេចដូចនេះរបស់តុលាការ។
តាំងពីពេលនោះមក ប្រទេសចិនបានស្វែងរកសន្តិភាពជាមួយនឹងប្រទេសផ្សេងទៀតដែលទាមទារកាន់កាប់ដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងជំនួយសេដ្ឋកិច្ច។
ប្រសិនបើហ្វីលីពីនធ្វើកិច្ចព្រមព្រៀងជាមួយនឹងចិន នោះមានន័យថា ចិន «មានលទ្ធភាពប្រើប្រាស់ធនធាននៅក្នុងសមុទ្រនៅតំបន់នោះបាន។ ចិនអាចបញ្ជូនពលរដ្ឋរបស់ខ្លួនទៅទីនោះបាន ហើយប្រទេសចិននឹងមានមុខមាត់ល្អទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ»។
ហានិភ័យនៃកិច្ចព្រមព្រៀងដែលមិនស្មើភាពគ្នា?
នាវានេសាទរហូតដល់ ១ លាន ៦ សែនគ្រឿងមកពីប្រទេសនានាបានរួមគ្នានេសាទត្រីនៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការស្រាវជ្រាវមួយរបស់កម្មវិធីកិច្ចការប្រទេសចិននៃមហាវិទ្យាល័យសិក្សាកិច្ចការអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៅក្នុងប្រទេសសិង្ហបុរី។
ប៉ុន្តែ នាវានេសាទហ្វីលីពីនជាទូទៅធ្វើការនេសាទតែនៅក្នុងរង្វង់ ៣៧០ គីឡូម៉ែត្រ និងនៅក្នុងដែនទឹកនៃប្រជុំកោះ Spratly ដែលនៅក្បែរនោះតែប៉ុណ្ណោះ ដែលនេះគឺជាដែននេសាទកាលពីយូរយារណាស់មកហើយរបស់ហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់លោក Jay Batongbacal។ ជារឿយៗ នាវានេសាទរបស់ហ្វីលីពីនមានទំហំតូចពេក ឬក៏មានកម្លាំងខ្សោយពេកដែលធ្វើឲ្យនាវាទាំងនោះពិបាកសាកល្បងធ្វើការនេសាទនៅក្នុងសមុទ្រដែលស្ថិតនៅចម្ងាយឆ្ងាយៗ។
ចំណែកឯនាវានេសាទរបស់ចិន តៃវ៉ាន់ និងវៀតណាម ជាទូទៅនេសាទនៅក្នុងដែនសមុទ្រឆ្ងាយៗ។
អ្នកសិក្សាស្រាវជ្រាវមួយចំនួនខ្លាចថា កិច្ចព្រមព្រៀងនេសាទនេះប្រសិនបើសម្រេចបាន អាចអនុញ្ញាតយ៉ាងមានប្រសិទ្ធភាពឲ្យនាវានេសាទចិនប្រើប្រាស់ដែនសមុទ្រដែលហ្វីលីពីនទាមទារកាន់កាប់ដោយគ្មានគ្រោះថ្នាក់អ្វីទាំងអស់ ទោះបីជាមិនមានការផ្សងគ្រោះថ្នាក់ណាមួយរបស់នាវានេសាទហ្វីលីពីននៅក្នុងដែនទឹកដែលនៅជិតប្រទេសចិនក៏ដោយ៕
ប្រែសម្រួលដោយ ភី សុភាដា