អាជ្ញាធរ​ក្រុង​ព្រះសីហនុ​ចុះ​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​របស់​ជនជាតិ​ចិន​ដែល​ខុស​ច្បាប់

រូបឯកសារ៖ ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)

អាជ្ញាធរ​ក្រុង​ព្រះ​សីហនុ​​បាន​ប្រកាស​ពី​ការ​ចុះ​រុះរើ​ស្លាក​ទាំង​អស់​នោះ​ ​ដោយ​មាន​ការ​អប់រំ​អ្នក​ប្រព្រឹត្ត​ ​ជា​បន្តបន្ទាប់។​ ​អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា​ ​អាជ្ញាធរ​គួរ​មាន​វិធាន​ការ​តឹងរ៉ឹង​​ដើម្បី​ធានា​ថា​ ​សកម្មភាព​ទាំង​នេះ​នឹង​មិន​កើត​មាន​ត​ទៅ​ទៀត។

អាជ្ញាធរ​ក្រុង​ព្រះ​សីហនុកំពុង​រុះរើ​ស្លាក​យីហោ​អាជីវកម្ម​ជាច្រើន​ ​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ ​ស្រប​ពេល​ដែល​ក្រសួង​ទេសចរណ៍ក្រើន​រំឭកពី​សារាចរ​ណែ​នាំ​ស្តី​ពី​ការ​ដាក់​តាំង​ស្លាក​យីហោ​អាជីវ​កម្ម​ទេសចរណ៍​ដែល​បាន​ចេញ​តាំងពី​ចុង​ខែមីនា​ឆ្នាំ​២០១៨។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​គេ​ឃើញ​មាន​ការ​បង្ហោះ​ ​និង​ផ្សព្វផ្សាយ​រូបភាព​ជាច្រើន​លើ​បណ្តាញ​សង្គមពាក់ព័ន្ធ​នឹង​ការ​សរសេរ​អក្សរ​ខ្មែរ​លើ​ស្លាក​យីហោ​ដោយ​មិន​ត្រឹមត្រូវ។​ ​ភាគច្រើន​នៃ​ស្លាក​យី​ហោ​ទាំង​នោះ​ស្ថិត​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​ជា​ខេត្ត​ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា​ ​សម្បូរ​ដោយ​ជនជាតិ​ចិន​ទៅ​ធ្វើការវិនិយោគ​ ​និង​បើក​ហាង​រក​ស៊ី​ថ្មីៗ​យ៉ាង​គំហុក។​

លោក​ ​លឹម ភត្រី​ ​មន្ដ្រី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ​ទទួល​បន្ទុក​រដ្ឋបាល​សាធារណៈ​ ​និង​បរិស្ថាន​ ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​ ​អាជ្ញាធរ​ក្រុង​ព្រះ​សីហនុ​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍បាន​ចុះ​រុះរើ​ស្លាក​យី​ហោ​ហាង​អាជីវកម្ម​របស់​ជន​ជាតិ​ចិន​ចំនួន​ជាង​២០០​ស្លាក​ពី​ហាង​ប្រមាណ​ជា​១០០។​ ​លោក​បន្ថែម​ថា​ ​ម្ចាស់​ហាង​អាជីវ​កម្ម​ដែល​ជា​ជនជាតិ​ចិន​ទាំង​នោះមិន​បាន​សុំ​ការ​អនុញ្ញាត​ដើម្បី​លើក​ស្លាក​បើក​អាជីវ​កម្ម​នោះ​ទេ​ ​ហើយ​លោក​ថា​ ​ពួកគេ​បាន​ធ្វើ​ស្លាក​នៅ​កន្លែង​ធ្វើ​ស្លាក​យីហោ​ដែលជន​ជាតិ​ចិន​មិន​បាន​សុំ​ការ​អនុញ្ញាត​បើក​អាជីវកម្ម​ដូច​គ្នា។​

លោក​បញ្ជាក់​ថា៖

«ភាគច្រើន​គាត់​ធ្វើ​ដោយ​ខ្លួនឯង ​អត់មាន​សុំ​អាជ្ញាធរ​ទេ។ គាត់​ធ្វើ​ដោយ​ខ្លួនឯង ដោយ​ចិត្តឯង។​ បើ​សិនជា​គាត់​សុំ​អាជ្ញាធរ​គឺ​អត់​មាន​តែ​អក្សរ​ចិន​អ៊ីចឹង​ទេ ​ឬ​ក៏​អត់​មាន​ខុស​អក្ខរាវិរុទ្ធ​អ៊ីចឹង​ទេ។ អ៊ីចឹងមាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ។ ​អ៊ីចឹង​ឥឡូវ​នេះ ​តាម​គោល​ការណ៍​រដ្ឋបាល​ខេត្ត ពេល​ដែល​សុំ​លើក​ស្លាក​យីហោ​គឺ​ត្រូវ​ឆ្លង​មន្ទីរ​វប្បធម៌ ​ឲ្យ​គាត់​ត្រួត​ពិនិត្យ​មើល​អក្ខរាវិរុទ្ធ​ ឬ​ក៏មាន​ការណែ​នាំពី​មន្ទីរ​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ»។​

គេ​ឃើញ​ថា ​ការ​សរសេរ​អក្សរ​ខ្មែរ​លើ​ស្លាក​យីហោ​ហាង​មិន​ត្រឹមត្រូវ​គឺ​ដោយ​សារ​ម្ចាស់​ហាង​ជា​ជន​បរទេស​ ​តែ​ពួក​គេ​មិន​ចេះ​អក្សរ​ខ្មែរ​ ​ហើយ​ពួកគេ​បាន​បក​ប្រែ​ភាសា​របស់​ពួក​គេ​មក​ជា​ភាសាខ្មែរ​ ​ដោយ​ប្រើ​កម្មវិធី​បកប្រែ «Google Translate»។

លោក​ ​លឹម ភត្រី បន្ថែម​ថា​ ​រហូត​មក​ដល់​ពេលនេះ​អាជ្ញាធរ​មិន​មាន​ចាត់​វិធាន​ការ​ណា​មួយ​លើ​អ្នក​ដែល​លើក​ស្លា​ក​យីហោ​មិន​ស្របតាម​ច្បាប់​ទាំង​នោះ​ ​ក្រៅតែ​ពី​ការ​អប់រំ​ពួក​គាត់​ប៉ុណ្ណោះ។​ ​ទោះ​យ៉ាងណា​ ​លោក​ថា​ ​ប្រសិន​បើ​ក្រោយ​ការ​អប់រំ​ហើយ​ពួក​គេ​នៅតែ​បន្ត​ប្រព្រឹត្ត​ខុស​ ​នោះ​អាជ្ញាធរ​នឹង​មិនឲ្យ​ពួក​គេ​ធ្វើ​អាជីវកម្ម​ទេ។​

លោក​បញ្ជាក់​ថា៖

«ឃើញ​ថា ​យើង​អត់​ទាន់​មាន​ច្បាប់​ដែល​ផាក​ពិន័យ​គាត់ទេ​ ប៉ុន្តែ​យើង​នឹង​ចុះ​អប់រំ​គាត់​ ឲ្យ​គាត់​ទៅ​សុំ​ច្បាប់​លើក​ស្លាក​យីហោ ​ណែនាំ​គាត់​ឲ្យ​មាន​អ្នក​បកប្រែ​មួយ​ដែល​សរសេរ​អក្សរ​ខ្មែរ​ទៅ​ត្រូវ​អក្ខរាវិរុទ្ធ។​ ហើយ​មួយ​ទៀត​ យើង​អប់រំ​ឲ្យ​ស្លាក​យីហោ​ហ្នឹង​គឺ​អក្សរ​ខ្មែរ​ធំ​ជាង​អក្សរ​ចិន ​ធំទំហំ​ពីរ​ដង​នៃ​អក្សរ​ចិន​ ឬ​ក៏​អក្សរ​អន្តរជាតិ​ផ្សេងៗ»។​

នៅ​សប្តាហ៍​នេះ​ ​ក្រសួង​ទេសចរណ៍​បាន​រំឭកពីសារាចរ​លេខ​០០៤​ ​សរណន​ ​ចុះ​ថ្ងៃ​ទី​២៩ខែ​មីនា​ឆ្នាំ​២០១៨ស្តី​ពី​ការ​ដាក់​តាំង​ស្លាក​យីហោ​អាជីវកម្ម​ដ្ឋាន​ទេសចរណ៍ចំនួន​បួន​ចំណុច។​ ​សារាចរ​ណែនាំ​នោះ​តម្រូវ​ឲ្យ​ម្ចាស់​អាជីវ​កម្ម​ទេសចរណ៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ​ត្រូវ​ដាក់​តាំង​ស្លាក​យីហោ​ជា​អក្សរ​ខ្មែរ​នៅ​ខាង​លើ​ ​ត្រូវ​សរសេរ​អក្សរ​អង់គ្លេស​បន្ទាប់ពី​អក្សរខ្មែរ​នៅ​ផ្នែក​ខាងក្រោម​ ​និងត្រូវ​មាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ​(១/២)នៃ​ទំហំ​អក្សរ​ខ្មែរ។​ ​ក្នុង​ករណី​ដែល​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​មាន​បំណង​ប្រើប្រាស់​អក្សរ​បរទេស​ទី​៣​ ​ពួកគេ​អាច​ដាក់បាន​នៅ​ផ្នែក​ខាង​ក្រោម​បន្ទាប់​ទៀត​ដោយ​មាន​ទំហំ​អក្សរ​មួយ​ភាគ​ពីរ(១/២)នៃទំហំអក្សរ​ខ្មែរ​ដែរ។​

ចំណុច​ទី៤នៃ​សារាចរ​នោះ​ត្រូវ​បាន​សរសេរ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ខ្លឹមសារ​ដូច​បាន​ណែនាំ​ខាង​លើ​នឹង​ត្រូវ​អនុវត្ត​ជា​កាតព្វកិច្ច​ចំពោះ​ម្ចាស់​អាជីវ​កម្ម​ទេសចរណ៍​ទាំងអស់​ ​និង​ជា​លក្ខខណ្ឌ​សម្រាប់​ការ​ផ្តល់​អាជ្ញា​បណ្ណ​ទេសចរណ៍»។​

លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​លើក​ឡើង​ថា​ ​ការ​លើក​ស្លាក​យីហោ​ហាង​របស់​ជន​បរទេស​ដែល​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ជាច្រើន​ ​និង​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​បង្ហាញ​ពី​ភាព​អសកម្ម​ធ្ងន់ធ្ងរ​របស់​អាជ្ញា។​ ​លោក​បន្ថែម​ថា​ ​អាជ្ញាធរ​គួរតែ​មាន​វិធាន​ការ​តឹងរ៉ឹង​ដើម្បី​ធានា​ថា​ ​សកម្ម​ភាព​ទាំង​នេះ​នឹង​មិន​កើត​មាន​ត​ទៅ​ទៀត។​

ដោយ​លើកយក​ករណី​នៃ​ការ​លើក​ស្លា​ក​យីហោ​ដាក់​ថា«ប្រទេស​ចិន»ក្នុង​ខេត្ត​ព្រះ​សីហនុ​ ​លោក​បញ្ជាក់​ថា៖​

«អាជ្ញាធរ​កម្ពុជា​ ​ជា​ពិសេស​តុលាការ​ខេត្ត​ព្រះសីហនុ​ គួរតែ​ប្រើប្រាស់​យន្តការ​តុលាការ​ដើម្បី​ចាត់​វិធាន​ការ​ទៅ​លើ​បទ​ល្មើស​នេះ។​ ​វា​មិន​មែន​ជា​រឿង​មួយ​ដែលតូចតាច​ទេ​ ​ដែល​ជនជាតិ​ចិន​ហ៊ាន​លើក​ស្លា​ក​នៅ​ហាង​របស់​ខ្លួន​ ដោយ​សរសេរ​ថា ​ប្រទេស​ចិននៅ​លើ​ទឹក​ដី​មួយ​ដែល​គេ​ហៅ​ថា ​រដ្ឋ​អធិបតេយ្យ​ ​ជា​រដ្ឋ​ឯករាជ្យ។​ ​ហើយ​ទម្រង់​ហ្នឹង​ បើ​មិន​មាន​វិធាន​ការ​ក្តៅ​ទេ​ ​វា​នៅតែ​ជា​រឿង​ដដែលៗ​ហ្នឹង​ ​នៅ​តែ​កើត​មាន​ ​ហើយ​វា​អាច​រាល​ដាល​ដល់​ខេត្ត​ផ្សេង​ទៀត»។​

ការ​លើក​ស្លាក​យីហោមិន​ត្រឹមត្រូវ​តាម​ច្បាប់មិនមែន​កើត​ឡើង​តែ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នា​ពេល​ថ្មីៗ​នោះ​ទេ។​ ​គេ​ឃើញ​ថា​ សូម្បីតែ​នៅ​រាជធានី​ភ្នំពេញ​ក៏​មាន​ហាង​អាជីវកម្ម​មួយ​ចំនួន​មាន​តែ​ភាសា​បរទេស​ ​មិន​មាន​អក្សរខ្មែរ​ ​និង​ខ្លះ​ទៀត​សរសេរ​អក្សរ​ខ្មែរ​តូច​ជាង​អក្សរ​បរទេស​ ​ឬ​ដាក់​អក្សរខ្មែរ​នៅ​ខាង​ក្រោម​អក្សរ​បរទេស​ជា​ដើម៕