អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ករណី​ជួញ​ដូរ​កម្លាំង​ពលកម្ម​បរទេស​

រូបឯកសារ៖ ជនជាតិចិនក្នុង​ឯកសណ្ឋានអាវពណ៌ទឹកក្រូច ត្រូវបានចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេសចិនវិញ ដោយ​មន្ត្រីប៉ូលិសចិន មុនពេលពួកគេឡើងយន្តហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧។

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ថ្ងៃ​ពុធ ​បាន​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ក្នុង​រូប​ភាព​នៃ​អំពើ​ឆបោក​តាម​បច្ចេកវិទ្យា ​ដែល​គេ​ហៅ​ថា​ Scam ​ដែល​មាន​ជន​រង​គ្រោះ​ជា​ជន​បរទេស។​

លោក​ ឃាង ភារម្យ ​ អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ចេញ​ជា​វិធានការ​ចំនួន​ពីរ ​គឺ​ទីមួយ ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ទិញ ​លក់​ពលកម្ម​ ការ​ជួញ​ដូរ​ ការ​បង្ខាំង​ និង​ត្រូវ​ចាប់​ជន​ល្មើស​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​ជា​ដាច់​ខាត។​ ទីពីរទីតាំង​ដែល​ជន​ល្មើស​ប្រើ​ប្រាស់​សម្រាប់​ការ​ជួញ​ដូរ​មនុស្ស ​ក៏​ដូច​ជា​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ ត្រូវ​បិទ​អាជីវ​កម្ម​ជា​ដាច់​ខាត​ និង​នាំ​យក​ជន​ល្មើស​និង​ម្ចាស់​ដែល​សម​គំនិត​មក​ផ្តន្ទា​ទោស។​

លោក​ថ្លែង​ថា៖ ​«ចំពោះ​ប្រតិបត្តិ​ការ​នៃ​ការ​ស្រាវ​ជ្រាវ​បង្ក្រាប​ការ​ទិញ​ លក់​ពលកម្ម ​ការ​ជួញ​ដូរ ​និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហនុ ​គឺ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​អនុវត្ត​ឱ្យ​បាន​ហ្មត់​ចត់​ជា​ទី​បំផុត»។​

វិធានការ​នេះ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខេត្ត ​កាលពី​ថ្ងៃទី​២៤ ​ខែ​សីហា​ ឆ្នាំ​២០២២ ​ក្រោយ​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​ទិញ​លក់​ពលកម្ម​ ការ​ជួញ​ដូរ​ និង​ការ​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ហើយ​មាន​ជន​បរទេស ​ដូច​ជា​ថៃ​ ហ្វីលីពីន ​ឥណ្ឌូណេស៊ី ​និង​តៃវ៉ាន់​ជា​ដើម ​ជា​ជន​រង​គ្រោះ។​

ចំណែក​អភិបាល​ខេត្ត​កណ្តាល ​និង​ខេត្ត​កោះកុង ​ដែល​មាន​អគារ​ជន​បរទេស​ស្នាក់​នៅ ​និង​ធ្វើ​ការ​ ក៏​បាន​បញ្ជាក់​អំពី​វិធានការ​ចុះ​ពិនិត្យ​មើល​អគារ​ថា ​តើ​មាន​ការ​បង្ខាំង​មនុស្ស ​ឬ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ឬ​យ៉ាងណា។​

អភិបាល​ខេត្ត​កោះកុង​ អ្នកស្រី ​មិថុនា ភូថង ​ប្រាប់​វីអូអេ​ថា​ អាជ្ញាធរ​ខេត្ត​ក៏​បាន​ដាក់​ចេញ​ជា​ចំណាត់​ការ​ដែរ​ តាម​រយៈ​ការ​សហការ​ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ ​និង​ការ​ចុះ​ត្រួត​ពិនិត្យ​នៅ​តាម​អគារ​នានា។​

អ្នក​ស្រី​ថ្លែង​ថា៖«សម្រាប់​ខេត្ត​គឺ​មាន​ប្រចាំ​សម្រាប់​តំបន់​ដែល​មាន​ជន​បរទេស​ធ្វើការ ​គឺ​ត្រូវ​តែ​រាយ​ការណ៍​ហើយ​សហការ​គ្នា​ពិនិត្យ ជាមួយ​នឹង​អង្គភាព​អន្តោ​ប្រវេសន៍​របស់​ស្នងការ»។​

អភិបាល​ខេត្ត​កណ្តាល ​លោក​ គង់ សោភ័ណ្ឌ ​ប្រាប់​វីអូអេ​ថា​ វិធានការ ​គឺ​ការ​ចុះ​ពិនិត្យ​នៅ​អគារ ​និង​កាស៊ីណូ​ ជាពិសេស​បង្កើត​ជា​គណៈ​កម្មការ​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​កាស៊ីណូ។​

លោក​ថ្លែង​ថា៖​ «យើង​កំពុង​ពិនិត្យ​ជា​យន្តការ​ការងារ។​ ទីមួយ​គឺ ​មាន​រដ្ឋបាល​ខេត្ត​ គណៈ​បញ្ជាការ​អង្គភាព​ ហើយនឹង​ខាង​ក្រសួង​មហាផ្ទៃ​ ក៏​លោក​មាន​អ្នក​អន្តោ​ប្រវេសន៍​ចុះ​ត្រួត​ពិនិត្យ។​ ទីពីរ ​នឹង​ឈាន​ដល់​គណៈ​កម្មការ​រួម​មួយ​ដែល​ទទួល​បន្ទុក​មើល​ការងារ​គ្រប់គ្រង​កាស៊ីណូ​ គ្រប់គ្រង​ការ​វិនិយោគ​ផ្នែក​ល្បែង ​ស្រប​ច្បាប់។ ​យើង​មើល​អាហ្នឹង​...​ត្រួត​ពិនិត្យ​បន្ត​ទៀត»។​

ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ធ្វើ​ឡើង​ក្រោយ​មាន​បញ្ជា​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង​ ឱ្យ​បើក​ប្រតិបត្តិការ​ត្រួត​ពិនិត្យ​នៅ​ទី​កន្លែង​ដែល​មាន​ជន​បរទេស​ស្នាក់​នៅ។​

លោក ​អំ សំអាត ​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​មាន​ឆន្ទៈ​ពិត​ប្រាកដ ​និង​ការ​តាំង​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​ដោះ​បញ្ហា​នេះ​ ដើម្បី​ចៀស​វាង​ប៉ះពាល់​មុខ​មាត់​កម្ពុជា​ ជា​ពិសេស​ជះ​ផល​អាក្រក់​ដល់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស។​

លោក​បញ្ជាក់​ថា៖ ​«អ៊ីចឹង​ករណី​នេះ​ ខ្ញុំ​យល់​ថា​ កម្ពុជា​ត្រូវ​តែ​បង្កើន​នូវ​យន្តការ​នៅ​ក្នុង​ការ​ទប់​ស្កាត់​ និង​ការ​បង្ក្រាប​ទៅ​លើ​ករណី​ជួញ​ដូរ​មនុស្ស ​ឬ​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ ទោះ​ជា​ជន​បរទេស ​មិន​ជន​បរទេស​ក៏​ដោយ»។​

គួរ​បញ្ជាក់​ថា​កាល​ពី​ពេល​កន្លង​ទៅ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ កម្ពុជា​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​បរទេស​ ធ្វើ​ការ​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​បង្ខាំង​ទុក​ពួកគេ ​មិន​ឱ្យ​មាន​សេរី​ភាព ​ធ្វើ​ទារុណកម្ម​ និង​ជំរិត​ទារ​ប្រាក់​ជា​ដើម៕