អ្នក​បោះឆ្នោត​នៅ​ស្រុក​ជីក្រែង​ខេត្ត​សៀមរាប​ យល់​ខុស​គ្នា​ជុំវិញ​ការ​ចេញ​ទៅ​បោះឆ្នោត

ពលរដ្ឋមួយចំនួនកំពុងត្រៀមបោះឆ្នោត នៅការិយាល័យបោះឆ្នោតមួយ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)

ទោះ​បី​ជា​ស្ថាន​ភាព​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​សៀមរាប ​ដំណើរការ​ជា​ធម្មតា​​ក៏​ដោយ ក៏​ពលរដ្ឋ​ខ្លះ លើកឡើង​ថា ​មេ​ភូមិ​ ​ឬ​​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់​នៅ​ក្នុង​ស្រុក​ជីក្រែង​បាន​បង្កើត​ការ​តាមដាន​យ៉ាង​តឹងតែង​ទៅ​លើ​អ្នក​ដែល​មាន​សិទ្ធ​ទៅ​បោះឆ្នោត​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​នេះ ​បង្ខំ​ចិត្ត​ទៅ​ចូល​រួម​បោះឆ្នោត​ទាំង​ទើសទាល់។

ការ​ទៅ​បោះឆ្នោត​ដោយ​ភាព​ភ័យខ្លាច​ ការ​ទៅ​បោះឆ្នោត​ដើម្បី​បង្គ្រប់​កិច្ច​ ​និង​ការ​ទៅ​បោះឆ្នោត ដោយ​ការ​ពេញចិត្ត​នឹង​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កន្លង​មក​ ​ធ្វើ​ឱ្យ​ស្ថាន​ភាព​នៃ​ការ​បោះឆ្នោត​ថ្ងៃ​អាទិត្យ​នេះ​ ​មិនសូវ​មាន​ភាព​អ៊ូអរ​ដូច​អាណត្តិ​កន្លង​មក។​ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ស្រុក​ជីក្រែង​និង​ក្រុង​សៀមរាប​ក្នុង​ខេត្ត​សៀមរាប។​

ស្រុក​ជីក្រែង​មាន​ចម្ងាយ​ប្រមាណ​ជាង​៧០គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប​ ដែល​មាន​ឃុំ​ចំនួន​១២។ ការ​បោះឆ្នោត​ជ្រើសរើស​ ​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់​អាណត្តិ​ទី៤​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​នោះ​ បាន​ឈ្នះ​ដាច់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ​ពោល​គឺ​ ឈ្នះ​ទាំង​១២​ឃុំ។​

ក៏ប៉ុន្តែ​ទោះ​បី​ជា​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ ទោះ​បី​ជា​អវត្តមាន​របស់គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ជីក្រែង​នៅតែ​បន្ត​ការ​ទៅ​បោះឆ្នោត​ដដែល​ ​ស្រប​ពេល​ដែល​អាជ្ញាធរ​មានសមត្ថកិច្ច​នៅ​ក្នុង​ស្រុក​ជីក្រែង​នេះ បង្កើត​ការ​តាមដាន​យ៉ាង​តឹងតែង​ទៅលើ​អ្នក​ដែល​មាន​សិទ្ធ​ទៅ​បោះឆ្នោត។​

យុវតី​វ័យ​១៨ឆ្នាំ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ​បាន​បង្ហាញ​ម្រាម​ដៃ​ចង្អុល​ដែល​បាន​ប្រឡាក់​ទឹក​ថ្នាំ​បោះ​ឆ្នោត​រួច​ទៅ​ហើយ​នោះ។ ​នាង​បាន​ឲ្យ​ដឹង​ថា​ការ​មក​បោះឆ្នោត​នេះ​គឺ​ព្រោះ​តែ​ការ​ខ្លាច​រអា​ពាក្យ​ចចាមអារ៉ាម​កន្លងមក​ថា​ ការ​មិន​ទៅ​បោះឆ្នោត នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​រស់នៅ​ ការសិក្សា និង​ការងារ​ជាដើម។​

​យុវតី​រូប​នេះ បាន​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​របស់​ខ្លួន​ថា​ ការបោះឆ្នោត​លើកដំបូង​របស់​នាង​បែរ​ជា​អវត្តមាន​គណបក្ស​ដែល​នាង​ពេញ​ចិត្ត​ទៅ​វិញ។​

​យុវតី​រូប​នេះ​បាន​និយាយ​ថា៖

​«ទៅ ទៅ​បោះ ហើយ​ទៅ​ជ្រលក់​ដៃ​ឲ្យ​តែ​មាន​នាម ព្រោះ​អី​អត់​មាន​គណបក្ស​ណា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ហើយ​មាន [យុទ្ធនាការ] ដេក​ផ្ទះ ឈ្នះ​ស្អាត​អីចឹង​ទៅ មាន​អារម្មណ៍​ភ័យៗ។ ទៅ​បោះៗ ឲ្យ​តែ​មាន​នាម​ឈ្មោះ​ជា​អ្នក​បោះ ណា៎​បង​ ខ្លាច​ភូមិ​ឃុំ​គេ​ស្ដី​ឲ្យ។​ ខ្លាច​ទាំងអស់។ គូស​ចោល​ទាំង​អស់។ ឆូត​ចោល»។

ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ធីតា វីន/VOA)

ជាមួយ​គ្នា​នេះ​ដែរ​អ្នកស្រី​ ​ឈឹម សាមួន​ ​រស់នៅ​ឃុំ​កំពង់​ក្ដី​ ​ស្រុក​ជីក្រែង​ ដែល​កំពុង​តែ​ដាំ​ទឹក​នៅ​ក្រោម​ផ្ទះ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​ក្រុម​គ្រួសារ​អ្នកស្រី​មាន​គ្នា​៤​នាក់​ដែល​មាន​ឈ្មោះ​ទៅ​បោះឆ្នោត។​ ​ទោះ​បី​ជា​ផ្ទះ​របស់​អ្នកស្រី​ ​មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​មណ្ឌល​បោះឆ្នោត​ក៏​ដោយ ក៏​អ្នកស្រី​បានដឹង​ថា​អ្នក​ស្រី មិន​អាច​ទៅ​បោះឆ្នោត​ទេ​ ពី​ព្រោះ​រវល់​មើល​កូន​ឈឺ​នៅ​ផ្ទះ​ ​ហើយ​ប្ដី​របស់​អ្នកស្រី ​រវល់​ទៅ​មើល​ស្រែ។​

ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ផ្សេងៗ​ទៀត​ ​រស់នៅ​ក្នុង​ស្រុក​ជីក្រែង​នេះ ​បាន​បង្ហាញ​ពី​ការសម្រេច​ចិត្ត​យ៉ាង​ស្ទាក់ស្ទើរ​ក្នុង​ការ​ទៅ​ចូលរួម​បោះឆ្នោត​ថា​ ពួកគាត់​ប្រហែល​ជា​នឹង​អាច​ទៅ​ចូលរួម​បោះឆ្នោត​ពីព្រោះ​ពួកគាត់​ខ្លាច​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ ​នៅ​ពេល​ដែល​អាជ្ញាធរ​ដឹង​ថា ​ពួកគាត់​មិន​បាន​ទៅ​បោះឆ្នោត។​

​ក៏​ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​បោះឆ្នោត​រួច​ហើយ​នៅ​ក្នុង​ស្រុក​ជីក្រែង​នេះ​ដែរ​ បាន​ដឹង​ថា ​ពួកគាត់​ចូលរួម​បោះឆ្នោត​ដោយ​ឆន្ទៈ​របស់​គាត់​ ​និង​ដោយ​ក្ដី​រីករាយ។​

បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា៖ «សប្បាយ​ចិត្ត បោះ​យូរ​ទៅ គាត់​រីក​ចំរើន ថ្នល់​ជាតិ​យើង ក៏​គាត់​មិន​យក​ពន្ធ​មិន​យក​ដា​ទៅ។ ប្រជាជន​យើង​សប្បាយ​ចិត្ត​ណា។ យក​ពន្ធ​តែ​ឡាន»។​

មេភូមិ​ឬ​មន្ត្រី​ថ្នាក់​ឃុំ​សង្កាត់​ខ្លះ ​បាន​ឈរ​ជើង​នៅ​ចម្ងាយ​ប្រហែល​ជា​ពី​៥០​ទៅ​១០០​ម៉ែត្រ​ពី​មណ្ឌល​បោះឆ្នោត។​ ​មន្ត្រី​ទាំងនោះ​មាន​ក្រដាស​បញ្ជី​ឈ្មោះ​អ្នក​ទៅ​ចូល​រួម​បោះឆ្នោត​នៅ​ក្នុង​ដៃ ដោយ​ក្រដាស​នោះ​មាន​ការ​គូស​ចំណាំ​ពណ៌​នៅ​លើ​ឈ្មោះ​ ​សមាជិក​របស់​ខ្លួន។​

​មេភូមិ​មួយ​រូប​នៅ​ក្នុង​ស្រុក​ជីក្រែង​បានដឹង​ថា​ លោក​មក​ទី​នេះ​ដើម្បី​មើល​ថា​នរណា​ខ្លះ បាន​មក​បោះឆ្នោត​ ​ហើយ​ត្រូវ​គូស​ចំណាំ ហើយ​អ្នក​មិនទាន់​បាន​មក​បោះ​ លោក​នឹង​ទៅ​ហៅ​នៅ​ពេល​ជិត​ដល់​ម៉ោង​បិទ​ការ​បោះឆ្នោត។​

មេភូមិនៅស្រុកជីក្រែង ខេត្តសៀមរាប កំពុងអង្គុយមើលអ្នកទៅបោះឆ្នោត និងមានបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងដៃសម្រាប់គូសចំណាំអ្នកណាខ្លះបានទៅបោះឆ្នោត ឬមិនបានទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។ (ធីតា វីន/VOA)

ដោយឡែក​នៅ​ក្នុង​ក្រុង​សៀមរាប​វិញ​ លោក​ ​សុក ចំរើន​ ​អ្នក​លក់​ទឹក​អំពៅ​នៅ​មុខ​មណ្ឌល​បោះ​ឆ្នោត​បាន​សង្កេត​ឃើញ​ថា​ អ្នកចូលរួម​បោះឆ្នោត​លើក​នេះ​ ដូចជា​មាន​ចំនួន​តិច​ជាង​រាល់​ដង​ប្រហែល​ជា​៦០​ភាគរយ។​

លោក​បាន​និយាយ​ថា៖ «ធម្មតា ឥឡូវ​វា​បាត់​មួយ​បក្ស​អីចឹង គេ​គិត​យ៉ាង​ម៉េច យើង​មិន​ដឹង​ទេ។ ប៉ុន្តែ​គ្រាន់តែ​ថា បាត់​ប្រជាជន​ដែល​មក​បោះ​ហ្នឹង វា​បាត់​ច្រើន​ដែរ»។​

ជាមួយ​គ្នា​នេះ​ដែរ​ បុរស​ចំណាស់​ម្នាក់​ទៀត​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​ប្រកប​មុខ​របរ​តូច​ ​មួយ​នៅ​តាម​ផ្លូវ​ក្បែរ​មណ្ឌល​បោះឆ្នោត​ក្នុង​ក្រុង​សៀមរាប​ បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​នឹង​ទៅ​បោះ​ ​ឆ្នោត​បង្គ្រប់​កិច្ច​នៅ​ពេល​ជិត​ដល់​ម៉ោង​បិទ​ការ​បោះឆ្នោត។​

លោក​បាន​លើក​ឡើង​ថា៖ «គឺ​ថា យើង​បង្គ្រប់​កិច្ច​ឲ្យ​គេ​ទៅ​ណា។ ធ្វើ​ម៉េច​ឲ្យ​មាន​ដៃ​ជ្រលក់​ថ្នាំ ឲ្យ​មាន​ឈ្មោះ​នៅ​ក្នុង​សង្គម​ហ្នឹង​គេ»។

នៅ​ក្នុង​ខេត្ត​សៀមរាប ​មាន​គណបក្ស​នយោបាយ​ចំនួន​១៨ បាន​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​សាស្ត្រ​អាណត្តិ​ទី៦​នា​ថ្ងៃ​អាទិត្យ​នេះ។​ ​នៅ​ក្នុង​ខេត្ត​នេះ ​មាន​អាសនៈ​ចំនួន​៦។ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិទី៥​កាល​ពី​ឆ្នាំ​ ​២០១៣​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេ​រំលាយ​នោះ ​ទទួល​បាន​២​អាសនៈ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៤​អាសនៈ។​

លោក​ ​ឃុន សាវឿន​ ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រចាំ​ខេត្ត​សៀមរាប​ បាន​ទទួល​ស្គាល់​ថា ​ការ​ចូលរួម​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ មាន​ការ​ថមថយ​ជាង​ពេល​បោះឆ្នោត​កន្លង​មក។​

VOA​ សំឡេង​សហរដ្ឋ​អាមេរិក​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការបោះឆ្នោត​ពី​លោក​ ​ឃឹម ប៊ុនស៊ុង​ ​អភិបាល​ខេត្ត​សៀមរាប​បាន​ទេ ពីព្រោះ​លោក​រវល់ ហើយ​មិន​មាន​ពេល​សម្រាប់​ផ្ដល់​សម្ភាសន៍​នោះ​ទេ។

លោក​ ​នឹម វ៉ាន់សំ​ ​ប្រធាន​គណៈកម្មាធិការ​ខេត្ត​រៀប​ចំ​ការ​ បោះឆ្នោត​ប្រចាំ​ខេត្ត​សៀមរាប​បានឲ្យ​ដឹង​ថា​ ស្ថាន​ភាព​ការ​បោះឆ្នោត​ឆ្នាំ​នេះ​ មាន​ភាព​ល្អ​ប្រសើរ។​

​លោក​បន្ត​ថា​ការ​យល់​ឃើញ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​សម្រេចចិត្ត​ទៅ​ចូលរួម​បោះឆ្នោត​គឺ​ជា​សិទ្ធ​របស់​ប្រជា​ពលរដ្ឋ។​

លោក​មាន​ប្រសាសន៍​ថា៖​ «បាទ​ អា​ហ្នឹង​គឺជា​ការ​សម្រេច​ចិត្ត​របស់​គាត់។ ហ្នឹង​គឺថា ជា​សិទ្ធិ​របស់​គាត់។ ប៉ុន្តែ​គ្រាន់​តែ​ថា មិន​មាន​អ្នក​ណា​បង្ខំ​គាត់។ ប្រជាជន​កាន់​តែ​ចេះ​ដឹង​ច្រើន»។​

ក្នុង​ខេត្ត​សៀមរាប​ ដែល​មាន​ឃុំ​ចំនួន​ ​១០០​ ​ស្រុក​ចំនួន​១១​ ​និង​ក្រុង​ចំនួន១​ មាន​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​១៤៧៣ ហើយ​មាន​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៥៣៥.៥២១​នាក់។​

កាល​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៣​កន្លង​ទៅ​គណបក្ស​ប្រជាជន​បាន​ទទួល​ជោគជ័យ​ចំនួន​៩៨​ឃុំ​ ​ហើយ​ ​២ឃុំ​បាន​ទៅ​លើ​គណបក្ស​ សម រង្ស៊ី​ ដែល​បន្ទាប់មក​រួម​បញ្ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ដើម្បី​បង្កើត​ជាគណបក្ស​សង្គ្រោះ​ជាតិ។

​ក៏​ប៉ុន្តែ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ ​ក្រុម​ប្រឹក្សា​ ឃុំ-សង្កាត់​អាណត្តិ​ទី៤​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​រំលាយ​នោះ​ បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​នេះ​រហូត​ទទួល​បាន​៥៦​សង្កាត់​ក្នុង​ចំណោម​ឃុំ-សង្កាត់​ទាំង​១០០​នៃ​ខេត្ត​សៀមរាប។​ ​ចំណែក​ឯ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​ត្រឹមតែ​៤៤​ ​សង្កាត់​តែ​ប៉ុណ្ណោះ​នៅ​ពេល​នោះ។

គិត​ត្រឹម​ពេល​បិទ​ការ​រិយាល័យ​បោះឆ្នោត​ នៅ​ម៉ោង៣​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ ​គ.ជ.ប.​ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ចំនួន​អ្នក​ចេញ​មក​បោះឆ្នោត​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​មាន​ជាង​ ​៧៣​ភាគរយ​ ​នៃ​ចំនួន​៥៣​ម៉ឺន​នាក់៕