ពលរដ្ឋខេត្តសៀមរាបខ្លះសង្ឃឹមឡើងវិញ បន្ទាប់ពីឥទ្ធិពលនៃជំងឺកូវីដថយចុះ ហើយភ្ញៀវទេសចរបរទេសកើនឡើង

ភ្ញៀវទេសចរថតរូបជាអនុស្សាវរីយ៍នៅប្រាសាទអង្គរធំ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣។

វិស័យ​ទេស​ចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប​កំពុង​ចាប់​ផ្តើម​ងើប​ឡើង​វិញ​ជា​បណ្តើរៗ ​ខណៈ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​១៩​ បាន​ចាប់​ផ្តើម​ថយ​ចុះ​ផង​ដែរ។ រយៈពេល​ប្រមាណ​ជា​ ៦ ​ខែ​ចុង​ក្រោយ​នេះ ​អាជីវកម្ម​ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​មួយ​នេះ ​ដូច​ជា​សណ្ឋាគារ​ ផ្ទះសំណាក់ ​ភោជនីយដ្ឋាន​ ផ្សារ ​និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ​ផ្សារ​រាត្រី​ មគ្គុទេសក៍​ទេសចរណ៍ ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ​ជា​បណ្តើរៗ។

អ្នក​ស្រី​ ឆាយ​ ស៊ីវលីន ​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​ ជា​អ្នក​ប្រកប​របរ​លើ​វិស័យ​ទេសចរណ៍​ជាង​ ២០ ​ឆ្នាំមកហើយ។ អ្នកស្រី​មាន​សណ្ឋាគារ​ធំ​ចំនួនពីរ​ ក្នុង​ខេត្ត​សៀមរាប ​ដែល​មាន​ ១២០​ បន្ទប់។ ​អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ សណ្ឋាគារ​របស់​អ្នក​ស្រី​បាន​ដំណើរ​ការ​កាន់​តែ​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់។ អ្នក​ស្រី​ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ថា ​កាល​ពី​អំឡុង​ពេល​ជំងឺ​កូវីដ​កំពុង​វាយ​លុក​ខ្លាំង​ អ្នក​ស្រី​ខាត​បង់​ប្រាក់​ចំណូល​ក្នុង​មួយ​ខែ​ ៧​ម៉ឺន​ដុល្លារ។ ក៏​ប៉ុន្តែ​ពេល​នេះ​ ស​ណ្ឋាគារ​របស់​អ្នក​ស្រី​ខាត​ត្រឹម​តែ​ជាង​ ១ ​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ។

អ្នកស្រីថ្លែងថា៖ «ឃើញ​មាន​ការ​កើន​ជា​រៀង​រាល់​ខែ ​គ្រាន់​តែ​ការ​កើន​នោះ​ វា​នៅ​មិន​គំហុក​ខ្លាំង​ដែល​ការ​ចែក​ចាយ​ភ្ញៀវ​ទៅ​ដល់​ម្ចាស់​ទី​តាំង​ទាំង​អស់​ទទួល​បាន​តែ ​២០%​ ទៅ​ ៣០​% ហើយ​យើង​ម្ចាស់​អាជីវកម្ម​នោះ​ គឺ​រំភើប​មែន​ទែន ​យើង​ស្រមៃយូរ​ហើយ​ថា​នឹង​មាន​ភ្ញៀវ​មក​វិញ ​បើ​ទោះ​បី​ជា​ថា​ខាត​ប៉ុណ្ណឹង​ យើង​អត់​រអ៊ូ​ទេ​ អត់​ចាត់​ទុក​ថា​អា​ហ្នឹង​ទេ​ ដោយ​សារ​កម្លាំង​ចិត្ត​បាន​ត្រលប់​មក​វិញ​ហើយ»។

អ្នក​ស្រី​បាន​បង្ហាញ​សេចក្តី​សង្ឃឹម​ថា ​វិស័យ​ទេស​ចរណ៍​នៅ​ខេត្ត​សៀមរាប​នឹង​ប្រសើរ​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​ ២០២៣​នេះ។

អ្នកស្រី ឆាយ ស៊ីវលីន ថ្លែងថា៖ «នៅ​ក្នុង​ឆ្នាំ​ ២០២៣​ នេះ ​យើង​មាន​ការ​រំពឹង​ខ្ពស់​ដោយ​សារ​តែ​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ស៊ីហ្គេម​ និង​ប៉ារ៉ាហ្គេម ​នៅ​ក្នុង​ខែ​ ៥​ ចឹង​នឹង​មាន​ប្រតិភូ​មក​ច្រើន។ ទី​ ២​ ទៀត​ហ្នឹង​ប្រទេស​ចិន​បាន​បញ្ចប់​គោល​នយោបាយ​ហ្សេរ៉ូកូវីដ​ (Zero Covid) ចឹង​ក៏​ចាប់​ផ្តើម​ប្រកាស​ឱ្យ​មាន​ការ​ចេញ​ដើរ​ហើរ​ ហើយ​កម្ពុជា​គឺ​ប្រទេស​ដែល​នៅ​ក្នុង​ចំណោម​ ២០ ​ប្រទេស​ដែល​ប្រទេស​ចិន​គឺ​គាត់​ជំរុញ​ឱ្យ​ចេញ​ដើរ»។

ឥទ្ធិ​ពល​នៃ​ជំងឺ​កូវីដ​១៩​ បាន​អូស​បន្លាយ​អស់​រយៈពេល​ប្រមាណ​ជិត​ ៣ ​ឆ្នាំ ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជាខ្លាំង​ដល់​វិស័យ​ទេសចរណ៍​ទូ​ទាំង​ពិភព​លោក។ ​ជាក់​ស្តែង​ នៅ​ខេត្ត​សៀមរាប​សណ្ឋាគារ ​ផ្ទះសំណាក់ ​ភោជនីយដ្ឋាន ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ និង​ផ្សា​ររាត្រី​ បាន​ផ្អាក​ដំណើរ​ការអាជីវ​កម្ម​របស់​ខ្លួន​ផង​ដែរ។

អ្នក​ស្រី​ តឹក​ ផល្លីន ​អាយុ​ ៤០ ​ឆ្នាំ​ ជា​អាជីវ​ករ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារ​ចាស់​ក្នុង​ខេត្ត​សៀមរាបអស់​រយៈពេល​ជិត ​២០ ​ឆ្នាំមកហើយ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ​ការ​លក់​គ្រឿង​អលង្ការ ​ត្បូង​ រូប​សំណាក​ផ្សេងៗ​របស់​អ្នក​ស្រី​ មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ​រហូត​ធ្វើ​ឱ្យ​អ្នក​ស្រី​សម្រេច​ពង្រីក​តូប​លក់​អីវ៉ាន់​ពី​ពីរ​តូប​ឡើង​រហូត​ដល់​បួន​តូប​ ក្នុង​អំឡុង​រយៈពេល​បី​ខែ​កន្លង​មក​នេះ។

អ្នកស្រីថ្លែងថា៖ «ដើម​ឆ្នាំ​ ២០២២ ​ខ្សោយ​អត់​សូវ​ជា​លក់​បាន​ណាស់​ណា​ ថា​ ១០%​ ទៅ ​២០​%​ ក៏​ប៉ុន្តែ​ចុង​ឆ្នាំ ២០២២​ ខែ​១០ ​១១ ​១២ ​កើន ​អាច​កើន​ដល់​ ៤០​% ​អ៊ីចឹង។​ ការ​គិត​របស់​ខ្ញុំ ​ខ្ញុំ​ដាក់​ដើម​ទុន​រក​ស៊ី​ធំ​ដែរ​ ដល់​ពេល​រួច​កូវីដ​មក ​ខ្ញុំ​ត្រូវ​ចំណាយ​លុយ​រាប់​ម៉ឺន​ទិញ​អីវ៉ាន់​ចូល​ ពង្រីក​តូប​មាន​ន័យ​ថា ​ក្តី​សង្ឃឹម​របស់​ខ្ញុំ​ គឺ​គិត​ថា​ មាន​ក្តី​សង្ឃឹម​ទៅ​មុខ​កាន់​តែ​ទៅ​មុខ​ទៅ​ បើ​អត់​មាន​ក្តី​សង្ឃឹម​ទេ​ យើង​ក៏​អត់​អាច​ហ៊ាន​ដាក់​ដើម​ទុន​ដល់​ប៉ុណ្ណឹង​»។

សកម្មភាពភ្ញៀវទេសចរណ៍អន្តរជាតិដើរទិញទំនិញនិងវត្ថុអនុស្សាវរីយ៍ នៅក្នុងផ្សារចាស់នៃខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

អ្នកស្រី តឹក ផល្លីន អាយុ៤០ឆ្នាំ ជាអាជីវករលក់វត្ថុអនុស្សាវរីយ៍ នៅផ្សារចាស់ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​ភាគ​ច្រើន​ប្រកប​របរ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​ ដូច​ជាមគ្គុសទេសក៍​ទេសចរណ៍ អាជីកម្ម​លក់​វត្ថុ​អនុស្សាវរីយ៍ សណ្ឋាគារ ​ផ្ទះ​សំណាក់​ ភោជនីយដ្ឋាន​ជា​ដើម។ ខេត្ត​សៀមរាប​មាន​មគ្គុ​សទេសក៍​ទេសចរណ៍​ចំនួន​ជាង​ ៥០០០ ​នាក់​ ភាគ​ច្រើន​ជា​មគ្គុសទេសក៍​ទេសចរណ៍​ភាសា​អង់​គ្លេស​ និង​ចិន។

លោក​ ខៀវ​ ធី ​ជា​ប្រធាន​សមាគម​មគ្គុសទេសក៍​ទេសចរណ៍អង្គរ​ និង​មគ្គុសទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​មុន​មាន​ជំងឺ​កូវីដ​១៩​ ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម​ មគ្គុសទេសក៍​ទេសចរណ៍​ចំនួន​ ៣០០ ​នាក់​ ជូន​ភ្ញៀវ​ដើរ​កម្សាន្តតាម​រមណីយដ្ឋាន​ និង​ប្រាសាទ​នានា។ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​ជា​មធ្យម​ មាន​ត្រឹមតែ​ប្រមាណ​ចំនួន​ ១០០ ​នាក់​ប៉ុណ្ណោះ។

លោក​បាន​ឱ្យ​ដឹង​បន្ត​ថា ​តួ​លេខ​មគ្គុសទេសក៍​ទេសចរណ៍​ចេញ​បម្រើ​ភ្ញៀវ​នេះ​ គឺ​មាន​ការ​កើន​ឡើង​រហូត​ជាង​រៀង​រាល់ថ្ងៃ​ ដោយ​សារ​ឥទ្ធិពល​ជំងឺ​កូវីដ​១៩​ កំពុង​ថយ​ចុះ ​ហើយ​ស្ថានភាព​នយោបាយ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​មាន​សភាព​នឹង​នរ។

លោកថ្លែងថា៖ «ខែ​ ១១​ មក​ចេះ​តែ​កើន​តិចៗ​មក​ ខែ​១២​ ជា​ទូ​ទៅ​ចាប់​ផ្តើម​បើក​ទេសចរណ៍​ឡើង​វិញ​មក ​វា​កើន​ច្រើន​ចាប់​ផ្តើម​ ២០២១ ​ខែ ​១១ ​យើង​មាន​មគ្គុសទេស​ក៍​ទេសចរណ៍​ក្នុង​មួយ​ថ្ងៃ​មាន​ ១០​ នាក់​ មាន​ការងារ​ធ្វើ​ វា​កើន​រហូត​ដល់​ជាង​ ១០០​ នាក់​ មាន​ការ​ងារ​ធ្វើ»។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ ហ៊ត់ ​ប៊ុនហាក់ ​អាយុ​ ៤៥​ ឆ្នាំ​ ជា​មគ្គុសទេសក៍​ទេសចរណ៍​ផ្នែក​ភាសាអង់គ្លេស ​អស់​រយៈពេល ​១៨ ​ឆ្នាំ​កន្លង​មក​ហើយ​ បាន​មាន​ប្រសាសន៍​ថា​ លោក​ពិត​ជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​ណាស់ នៅពេលបាន​ទទួល​ភ្ញៀវ​ទេសចរណ៍​មក​វិញ​ បន្ទាប់​ពី​អាជីព​មួយនេះ​បាន​អាក់​ខាន​អស់​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

លោកថ្លែងថា៖ «ដើម ​២០២២ ​យើង​ ក្នុង​មួយ​ខែ​ពី​ ១០ ​ថ្ងៃ​ទៅ​ ១៥ ​ថ្ងៃ ​នៅ​ក្នុង​ឆ្នាំ​ ២០២៣​ នេះ ​ភ្ញៀវ​ខាង​ប៉ែក​អឺរ៉ុប​វា​ឡើង​ចឹង​ ខ្ញុំ​ដើរ​បាន​ ២០ ​ថ្ងៃ​ទៅ​ ២៥ ​ថ្ងៃ។​ និយាយ​ឱ្យ​ចំ​ទៅ​ ពេល​ដែល​មាន​ភ្ញៀវ​មក​វិញ​ អារម្មណ៍​ហ្គាយ​ [មគ្គុសទេសក៍​ទេសចរណ៍] មួយៗ​ គាត់​សប្បាយ​ចិត្ត​ ពី​ព្រោះ​អ្នក​ខ្លះ​ គាត់​អត់​មាន​ការងារ​ធ្វើ​ដែរ​ ដល់​បាន​ភ្ញៀវ​មក​វិញ​ថា​ សប្បាយ​ណាស់»។

ខេត្ត​សៀមរាប​ជា​ខេត្ត​មួយ​ដែល​ស្រូប​ទាញ​ទេសចរជាតិ​និង​អន្តរជាតិ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ជា​រៀង​រាល់​ឆ្នាំ​ មុន​ពេល​មាន​ជំងឺ​កូវីដ​ ១៩ ​ទេសចរ​ប្រហែល​ជាង​ ២ លាន​នាក់​ បានធ្វើដំណើរ​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ​ ដែល​អាច​ផ្តល់​ចំណូល ​ប្រហែល​ជា​ ១០០ ​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ។

លោក​ ទៀ​ សីហា ​អភិបាល​ខេត្ត​សៀមរាប​ បាន​ប្រសាសន៍​ដែរ​ថា​ ហេដ្ឋារចនា​សម្ព័ន្ធ​តំបន់ប្រាសាទ ​តំបន់ធម្ម​ជាតិ​ជា​ច្រើន​ ដែល​មាន​នៅ​ក្នុង​ខេត្ត​សៀមរាប​ គឺ​ជា​សក្កានុពល​ដ៏​ខ្លាំង​មួយក្នុង​ការ​ទាក់​ទាញ​ទេសចរ។ លោក​បាន​បន្ថែម​ឱ្យ​ដឹង​ថា ​រដ្ឋបាល​ខេត្ត​បាន​សហការ​គ្នា​ជាមួយ​ក្រសួង​ទេសចរណ៍​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ទៅ​ក្រៅ​ប្រទេស​ពី​ភាព​ទាក់​ទាញ​តំបន់​ធម្មជាតិ​ផ្សេងៗ​ទៀត​ ក្រៅ​ពី​ប្រាសាទ។

លោកថ្លែងថា៖ «អ្វី​ដែល​ផ្សព្វ​ផ្សាយ​ គឺ​សមិទ្ធិ​ផល​ក្នុង​ស្រុក​របស់​យើង ​ជាពិសេស​នៅ​តាម​បណ្តាល​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ ក្រៅ​ពី​តំបន់​អង្គរ។ ណា​មួយ​ទៀត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពី​អភិ​បាល​ក្រុង ​ស្រុក​នៃ​ខេត្ត​សៀមរាប​របស់​យើង​នេះ​ ក៏​ឱកាស​ក្នុង​ការ​រៀបចំ​តំបន់​ផ្សេងៗ ​ដែល​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ទៅ​ទៀត»។

សកម្មភាពភ្ញៀវទេសចរណ៍អន្តរជាតិដើរទិញទំនិញនិងវត្ថុអនុស្សាវរីយ៍ នៅក្នុងផ្សារចាស់នៃខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

សកម្មភាពភ្ញៀវទេសចរណ៍អន្តរជាតិដើរទិញទំនិញនិងវត្ថុអនុស្សាវរីយ៍ នៅក្នុងផ្សាររាត្រីនៃខេត្តសៀមរាប កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ធីតា វីន/វីអូអេ)

របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ខេត្ត​សៀមរាប ​នាឆ្នាំ​ ២០២២ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ ២៨៧.៤៥៤នាក់​ ​កើន​ឡើង​ ​បើ​ធៀប​ទៅ​ឆ្នាំ​ ២០២១។ ចំណែក​ឯ​ខែ​មករា ​ឆ្នាំ​ ២០២៣​ នេះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ ៧៧.៤៣៦នាក់ កើន​ឡើង​ ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​ ២០២២។ ភ្ញៀវ​បរទេស​ទាំង​នោះ​ភាគ​ច្រើន​ជា​ភ្ញៀវ​មក​ពី​តំបន់អឺរ៉ុប។ របាយ​ការណ៍​ដដែល​នោះ​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ​នៅ​មុន​ពេល​មាន​ជំងឺ​កូវីដ​១៩ ​រីក​រាត​ត្បាត​ ជា​មធ្យម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ចន្លោះ​ពី​ ៧.០០០នាក់​ ទៅ​ ៨.០០០នាក់ ​ក្នុងមួយថ្ងៃ បាន​ទិញ​សំបុត្រ​ចូលទស្សនា​ប្រាសាទ​នៅ​ក្នុង​ខេត្ត​សៀមរាប។

លោក​ តុប​ សុភ័ក​ អនុ​រដ្ឋលេខា​ធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ទេសចរណ៍​ បាន​មាន​ប្រសាសន៍​ថា ​នៅ​ឆ្នាំ​ ២០២២ ​ចំនួន​ទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​នៅ​សៀមរាប ​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី​ ៥០០​នាក់​ ទៅ​ ៩០០​នាក់ ​ក្នុង​មួយ​ថ្ងៃ​ ក៏​ប៉ុន្តែ​ដើម​ឆ្នាំ​ ២០២៣ អ្នក​ទិញ​សំបុត្រ​នោះ​មាន​ចន្លោះ​ពី​ ២.០០០​នាក់​ ទៅ​ ៣.០០០​នាក់។

លោកថ្លែងថា៖ «ទេសចរណ៍​គឺ​ត្រឡប់​មក​ មាន​ស្ថាន​ភាព​កាន់​តែ​ល្អ​ប្រសើរ​។ អ៊ីចឹង​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ តាម​អ្វី​ដែល​ជា​ការ​រំពឹងទុក កម្ពុជា​របស់​យើង​អាចទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ​ ៣,៥លាននាក់ ទៅ ៤លាននាក់។ អ៊ីចឹង​គឺអាច​ ៥០% នៃភ្ញៀវដែលចូលមកកម្ពុជា​ហ្នឹង គឺ​អាច​ទៅ​ទស្សនានៅតំបន់សៀមរាប​អង្គររបស់យើង។ សៀមរាបរបស់យើង​នៅឆ្នាំ ២០២៣ ២០២៤ អាចនៅដូចមុនកូវីដ១៩»។

លោក​បា​ន​ឱ្យ​ដឹង​បន្ថែម​ថា​ ឆ្នាំ​ ២០២៣​ នេះ​ ទេសចរ​បរទេស​សម្រាប់​ខេត្ត​សៀមរាប​អាច​កាន់​តែ​មាន​សន្ទុះ​កើន​ឡើង​ខ្លាំង​ ពី​ព្រោះ​ប្រទេស​កម្ពុជា​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ជា​ច្រើន​ដែល​ត្រូវ​ប្រារព្ធនៅ​ខេត្ត​មួយ​នេះ។

លោក​ តុប​ សុភ័ក ថ្លែងថា៖ «ទាក់​ទង​នឹង​សៀមរាប​ យើង​នៅ​តែ​រំពឹង​ថា​ជា​គោលដៅ ​ដែល​អាច​ទាក់​ទាញ​ទេសចរបាន​ច្រើន​នៅ​ក្នុង​ឆ្នាំ​ ២០២៣​ នេះ​ គឺ​ដោយ​សារ​យើង​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ច្រើន ​នៅ​ក្នុង​ឆ្នាំ​ ២០២៣​ ទាំង​អង្គរ​សង្ក្រាន​ ទាំង​ស៊ី​ហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ ពី​ព្រោះ​ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ ក៏​យើងមាន​ប្រភេទ​កីឡា​ខ្លះ​ប្រកួត​នៅ​សៀមរាប​ដែរ»។

តួ​លេខ​របស់​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ឆ្នាំ​ ២០២២​ ខេត្ត​សៀមរាប ​ទទួល​បាន​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ​សរុប​ប្រមាណ​ជា​ ២.៦៩២.៤២៣នាក់​ កើន​ឡើង​ ៤០៤% ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០២១។ ចំណែក​ឯខែ​មករា ​ឆ្នាំ​ ២០២៣ នេះ​ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​សរុប​ប្រមាណ​ជា​ ២៨៣.៤៣៦នាក់​ កើន​ឡើង​ ២១០៤%​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២២។

ជាមួយ​គ្នា​នេះ​ដែរ​ ស្ថិតិ​របស់​ក្រសួង​ទេស​ចរណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា ​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ កន្លង​ទៅ​ភ្ញៀវ​ទេសចរចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៦,៦ ​លាន​នាក់​ ក្នុង​នោះ​ទេសចរ​ជនជាតិ​ចិន​មាន​ចំនួន​ ២,៣​ លាន​នាក់​ ដែល​ចំនួន​នេះ​ធ្វើ​ឱ្យ​ទេសចរ​ជនជាតិ​ចិន​ឈរ​ក្នុង​លំដាប់​ថ្នាក់​លេខ​ ១​ ពោល​គឺ​ស្មើនឹង​ ៣៥% នៃ​ភ្ញៀវ​ទេស​ចរ​សរុប​ក្នុង​ចំណោម​ ១១០​ សញ្ជាតិ៕