តើ​ប្រធានាធិបតី​កាមេរូន ​ Paul Biya គួរ​តែ​ឈរ​ឈ្មោះ​ម្តង​ទៀត​ឬ​ទេ?

រូប​ឯកសារ៖ ប្រធានាធិបតី​កាមេរូន Paul Biya ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣។​

នៅ​ក្នុង​ប្រទេស​កាមេរូន ​ អ្នក​គាំ​ទ្រ​លោក​​ប្រធានាធិបតី​ Paul Biya​ កំពុង​អំពាវនាវ​ឲ្យ​លោក​រំកិល​ការបោះ​ឆ្នោត​ឲ្យ​កាន់​តែ​ឆាប់​ និង​បន្ត​ឈរ​ឈ្មោះ​ម្តង​ទៀត​ ខណៈ​ក្រុម​ប្រឆាំង​បាន​និយាយ​ថា​ ការកាន់​អំណាច​អស់​រយៈពេល​៣៤​ឆ្នាំ​របស់​លោក​គឺ​ លើស​ពី​គ្រប់​គ្រាន់​ហើយ។​

អ្នក​គាំទ្រ​បាន​ច្រៀង​ថា​ លោក​ Paul Biya គឺ​ជា​អ្នក​ដឹកនាំ​និង​ជា​ឪពុក​របស់​ពួកគេ​ ហើយ​ទោះ​បី​ជា​លោក​មាន​អាយុ​៨៤​ឆ្នាំ​ក៏​ដោយ​ ក៏​លោក​នៅ​តែ​ជា​បុរស​រឹង​មាំ​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​ ដរាប​ណា​លោក​នៅ​តែ​ចង់​ធ្វើ។

សារ​ស្រដៀង​គ្នា​នេះ​ ត្រូវ​បាន​បន្ទរ​ឡើងនៅ​ឯ​ពិធី​ជាច្រើន​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៤​ ខែ​មីនា​ ខណៈ​ដែល​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ចលនា​ប្រធានាធិបតី​ប្រជាជន​កាមេរូន(Cameroon People's Democratic Movement) ហៅ​កាត់​ថា​ CPDM ​ប្រារព្ធ​ខួប​ទី​៣១​របស់​ខ្លួន​។

លោក​ Charlemagne Messanga Nyamding សមាជិក​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​ CPDM និយាយ​ថា​ ពេលនេះ​ពួកគេចង់​ឲ្យ​លោក​ Biya ធ្វើ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​និង​រៀបចំ​ឲ្យ​មាន​ការបោះ​ឆ្នោត​មុន​ការ​កំណត់។​

លោក​និយាយ​ថា​ ប្រជាជន​កាមេរូន ​តែង​តែ​ស្រឡាញ់​និង​នៅ​តែ​បន្ត​ស្រឡាញ់​លោក​ Biya។ លោក​និយាយ​បន្ត​ទៀត​ថា​ប្រជាជន​កាមេរូន ​បន្ត​ការជឿជាក់​លើ​លោក​ Biya ពីព្រោះ​ថា​ លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ លោក​គឺ​ជា ​មនុស្ស​ដែល​ល្អ​បំផុត​ក្នុង​ការអភិវឌ្ឍ​ ​ការពារ​ប្រទេស​ពី​វិបត្តិ ​និង​ពី​ការគម្រាម​កំហែង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​កាមេរូន ​ តាម​រយៈ​ភាព​អង់អាច​ ការប្តេជ្ញា​ចិត្ត​ និង​បទ​ពិសោធន៍​របស់​លោក។

ប៉ុន្តែ​ខណៈ​ពេល​ដែល​គណបក្ស​កាន់​អំណាច​បាន​ប្រារព្ធ​ខួប​កំណើត​គណបក្ស​ខ្លួន​នៅ​ទូទាំង​ក្រុង​នានា​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មីនា​នេះ​ គណបក្ស​ប្រឆាំង​ក៏​បាន​រៀបចំ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​ផង​ដែរ។

លោក​ស្រី​ Patricia Ndam Njoya តំណាង​រាស្រ្តនៃ​គណបក្ស​ CDUនិយាយ​ថា​ ប្រទេស​កាមេរូន ​គួរ​តែ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់ទៅ​លើ​បញ្ហា​បន្ទាន់​ច្រើន​ជាងនេះ​ដូច​ជា​ការអភិវឌ្ឍ​ ការកែ​ទម្រង់​ច្បាប់​បោះឆ្នោត​ និង​ការបង្រ្កាប​ក្រុម​សកម្មប្រយុទ្ធ​ Boko Haram ដែល​ក្រុម​នេះ​បាន​វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ​ និង​ប្រជាពលរដ្ឋ​ស៊ីវិល​នា​ភាគ​ខាង​ជើង​ចាប់​តាំង​ពី​ឆ្នាំ​មុន។

លោក​ស្រី​និយាយ​ថា ជាមួយ​នឹង​ការកើន​ឡើង​នៃ​ការគម្រាម​កំហែង​សន្តិសុខ​ពី​ក្រុម​ភេរវករ​ Boko Haram​ និង​ក្រុម​បះបោរ​ពី​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​ វា​គឺ​រឿង​គួរ​ឲ្យ​ងឿង​ឆ្ងល់​ណាស់​ដែល​លោក​ Biya ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំងលើ​ការ​ធានាតំណែង​ប្រធានាធិបតី​អស់​មួយ​ជីវិត​ទៅ​វិញ។​ លោក​ស្រី​និយាយ​ថា​ វា​គឺ​ជា​រឿង​អយុត្តិធម៌​ទាំង​ស្រុង។

ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​អាណត្តិ​បន្ទាប់​គឺ​ ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ឆ្នាំ ​២០១៨។​

លោក​ស្រី​ Nyoya និយាយ​ថា​ គណបក្ស​ប្រឆាំង​ត្រូវ​តែ​រួបរួម​គ្នា​ នៅ​ពី​ក្រោយ​បេក្ខជន​ឈរ​ឈ្មោះ​តែ​មួយ​ គឺ​ជា​អ្វី​ដែល​ពួក​គេ​មិន​ដែល​អាច​ធ្វើ​បាន​ពី​មុន​មក។​

លោក​ Benoit Ndong Soumet សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​កាន់​អំណាច​និយាយ​ថា​ លោក​មិន​មាន​ការព្រួយ​បារម្ភ​នោះ​ទេ។

លោក​និយាយ​ថា​ ប្រជាជន​ដែល​និយាយ​ថា​ ពួកគេ​មើល​មិន​ឃើញ​ពី​អ្វី​ដែល​លោក​ Biya កំពុង​តែ​ធ្វើ​នោះ​ គឺ​សុទ្ធ​តែ​ពិការ​ភ្នែក​ហើយ​រមិលគុណ។​

លោក​ Biya បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​២០០៨​ ដើម្បីដក​ចេញ​នូវ​ការកម្រិត​អាណត្តិប្រធានាធិបតី។ លោក​គឺ​ជា​ ប្រធានាធិបតី​អាហ្រ្វិកដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ បន្ទាប់​ពី​លោក​ ប្រធានាធិបតី Mugabe ​របស់​ប្រទេស​ស៊ីមបាវ៉េ​។

មាន​មនុស្ស​មួយ​ចំនួន​បាន​ព្យាករថា​ យុគសម័យ​របស់​បុរស​ខ្លាំង​អាហ្វ្រិក​រូប​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​២០១៤​ នៅ​ពេល​ដែល​មាន​ការតវ៉ា​ប្រឆាំង​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​មួយ​ក្នុង​ប្រទេសប៊ូរគីណាហ្វាសូ​ (Burkina Faso) ដែល​បាន​បណ្តេញ​លោក​ប្រធានាធិបតី​ Blaise Compaore​ ចេញ​ពី​តំណែង​បន្ទាប់​ពី​កាន់​អំណាច​អស់​រយៈ​ពេល​២៧​ឆ្នាំ។​

​ប៉ុន្តែ​សម្រាប់​មេដឹកនាំ​កាន់​អំណាច​យូរ​ឆ្នាំ​របស់​ប្រទេស​អ៊ូហ្គង់ដា (Uganda)​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) ទើប​តែ​ឈ្នះ​ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ទៀត​ បើ​ទោះ​បី​ជា​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​មាន​ការជំទាស់​ក៏​ដោយ។​

ប្រទេស​រវ៉ាន់ដា (Rwanda) បាន​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​លើស​លប់​នៅ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​កន្លង​ទៅ​ដើម្បី​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ ដូច្នេះ​លោក​ប្រធានាធិបតី​ Paul Kagame អាច​បន្ត​ឈរ​ឈ្មោះជា​ប្រធានាធិបតី​បាន​៣​អាណត្តិ​ទៀត។​ ហើយ​លោក​ Idris Deby ​ប្រធានាធិបតី​ប្រទេស​ឆាដ (Chad) មើល​ទៅ​ដូច​ជា​នឹង​ឈ្នះ​ជា​លើក​ទី​៥​សម្រាប់​តំណែង​នេះ​នៅ​ក្នុង​ការបោះឆ្នោត​ខែ​មេសា​ នា​ពេល​ខាង​មុខ​នេះ។

នៅ​ពេល​នេះ​ សំណួរ​នេះ​គឺ​សំដៅ​ទៅ​ប្រទេស​កាមេរូន​ ហើយ​លោក Paul Biya មិន​បាន​បង្ហាញ​សញ្ញា​ថា ​លោក​នឹង​មាន​គម្រោង​ចូល​និវត្តន៍​នោះ​ទេ៕​


ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា​