គណបក្ស​នានា​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​លោក​ថាក់​ស៊ីន​ប្រជុំ​នយោ​បាយ​មុន​ការ​សម្រេច​របស់​តុលាការ

រូបឯកសារ៖ «អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ តាក់ស៊ីន ស៊ីណាវ៉ាត្រា លើក​ដៃ​ទៅ​កាន់​សមាជិក​បក្ស​ក្នុង​ការ​សន្ទនា​តាម​ប្រព័ន្ធ​ Skype នៅ​ស្នាក់​ការ​កណ្ដាល​របស់​បក្ស​ ក្នុង​ទីក្រុង​បាង​កក កាល​ពី​ឆ្នាំ​២០១៦។

គណបក្ស​នានា​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​គ្រួសារ​របស់​លោក​ ស៊ី​ណាវ៉ាត់​ ដ៏​មាន​អំណាច​នៃ​ប្រទេស​ថៃ​ បាន​ធ្វើ​ការ​ប្រជុំ​ខាង​នយោបាយ​ដ៏​សំខាន់​កាល​ពី​ថ្ងៃ​សៅរ៍​ មុន ការ​សម្រេច​របស់​តុលាការ​ដែល​អាច​បង្ហាញ​អំពី​សេចក្តី​សង្ឃឹម​របស់​ពួកគេ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ចុង​ខែនេះ។

ការ​ប្រមូល​ផ្តុំ​សាធារណៈ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស ​រួមមាន​ក្នុង​ទីក្រុង​ឈៀង​ម៉ៃ​ដែល​ជា​ស្រុក​កំណើត​របស់​លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​នាយក​រដ្ឋមន្រ្តី​ផង។

ពួក​សមាជិក​គណបក្ស​ភឿ​ថៃ ​ដែល​មាន​ជាប់​ទាក់​ទង​លោក​ ថាក់ស៊ីន បាន​ធ្វើ​សន្ទរក​ថា​ទៅ​កាន់​ពួក​អ្នកគាំទ្រ​ដ៏​ច្រើន​កុះករ​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​មួយ​នៅ​ក្នុង​ទីក្រុង​ឈៀង​ម៉ៃ​នៅ​ពេល​ដែល​ព្រះ​អាទិត្យ​លិច ​ដោយ​បាន​សន្យា​ផ្តល់​ការ​អភិ​វឌ្ឍ​និង​គ្រឿង​លើក​ទឹក​ចិត្ត​សម្រាប់​ពួក​សហគ្រិន​នៅ​ទីក្រុង​ភាគ​ខាង​ជើង​នេះ។

លោក​ ថាក់​ស៊ីន ដែល​រស់​នៅ​និរទេស​ខ្លួន​ដើម្បី​បញ្ចៀស​ការ​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ បាន​ទទួល​ការ​ស្រឡាញ់​និង​គោរព​យ៉ាង​ខ្លាំង​ពី​កសិករ​និង​ផ្នែក​ដ៏​ធំ​មួយ​នៃ​ពួក​អ្នក​បោះឆ្នោត​វណ្ណៈ​កម្មករ​នៅ​ក្នុង​ទីក្រុង​ ចំពោះ​គោល​នយោបាយ​គាំទ្រ​ជន​ក្រីក្រ​របស់​លោក ​ហើយ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន។

ក៏ប៉ុន្តែ ​លោក​ ថាក់ស៊ីន ត្រូវ​បាន​ស្អប់​ខ្ពើម​ដោយ​ក្រុម​វរជន​រាជវង្សានុវង្ស ​ដែល​គណបក្ស​សម្ព័ន្ធភាព​របស់​ពួក​គេ​មិន​បាន​ទទួល​ជ័យ​ជម្នះ​លើ​លោក​ ថាក់ស៊ីន​ នៅ​ក្នុង​ការ​បោះឆ្នោត​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក ​ហើយ​ផ្ទុយ​ទៅ​វិញ​បាន​ពឹង​ផ្អែក​លើ​រដ្ឋ​ប្រហារ​និង​ការ​សម្រេច​របស់​តុលាការ​ដើម្បី​ទម្លាក់​រដ្ឋាភិបាលដែល​គាំទ្រ​ដោយ​លោក​ ថាក់​ស៊ីន។

មនុស្ស​រាប់​ពាន់​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីកន្លែង​ប្រវត្តិសាស្រ្ត​ក្នុង​ទីក្រុង​បាង​កកកាល​ពី​យប់​ថ្ងៃ​សុក្ រ​ដែល​ដឹកនាំ​គណបក្ស​ថៃ រ៉ាក់សា ឆាត់ ដែល​ជាគណបក្ស​មួយ​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​លោក​ ថាក់ស៊ីន ​ដែរ។

ក៏ប៉ុន្តែ​គណបក្ស​ថៃ រ៉ាក់សា ឆាត់ អាច​ត្រូវ​រំលាយ​ដោយ​តុលាការ​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី៧ ​ខែ​មីនា​ខាងមុខ​នេះ ​បន្ទាប់​ពីការ​ស្វះ​ស្វែង​ឈរ​ឈ្មោះ​ដោយ​ម្ចាស់​ក្សត្រី​ជា​បេក្ខជន​នាយករដ្ឋ​មន្រ្តី​បាន​ត្រូវ​បញ្ចប់៕