កាលពីថ្ងៃអង្គារ ក្រុមឧទ្ទាម Shi'ite នៅក្នុងប្រទេសយេម៉ែនបានប៉ះទង្គិចជាមួយក្រុមជីវពលប្រជែងដែលស្មោះត្រង់ជាមួយប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេស។
ក្រុមឧទ្ទាមទាំងនេះដែលគេហៅថាជាក្រុម Houthis បានចូលទៅក្នុងក្រុង al-Dhalea ហើយបានប្រយុទ្ធយ៉ាងសាហាវប្រឆាំងនឹងក្រុមជីវពលដែលគាំទ្រលោក Abd-Rabbu Mansour Hadi។
នៅក្នុងខេត្ត Taiz នាប៉ែកខាងជើងប្រទេស ក្រុមឧទ្ទាមនិងក្រុមទាហានស្មោះត្រង់ជាមួយប្រធានាធិបតីត្រូវបណ្តេញចេញពីតំណែង Ali Abdullah Saleh បានប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងនឹងក្រុម Houthis។ ក្រុមទាហានបានបាញ់កាំភ្លើងលើក្រុមបាតុករបណ្តាលឱ្យមានមនុស្សយ៉ាងតិចណាស់ម្នាក់បាត់បង់ជីវិតនិងមានមនុស្សមួយចំនួនទៀតត្រូវរបួស នេះបើតាមការប្រាប់ឱ្យដឹងដោយក្រុមមន្ត្រីពេទ្យ។
ព្រឹត្តិការណ៍ទាំងនេះកើតមានបន្ថែមទៀត បន្ទាប់ពីជម្លោះនៅក្នុងប្រទេសយេម៉ែនដែលនៅទីនោះមានការប្រឆាំងគ្នានៅក្នុងប៉ែកខាងជើងនិងផ្នែកខាងត្បូងប្រទេសដែលនេះបានជម្រុញការប្រយុទ្ធដើម្បីត្រួតត្រាប្រទេស។
ក្រុម Houthis បានវាយយកបានរដ្ឋធានី Sana'a កាលពីខែកញ្ញា។ កាលពីខែមុន លោក Hadi បានរត់គេចខ្លួនចេញពីការឃុំឃាំងនៅក្នុងផ្ទះដោយក្រុមឧទ្ទាមនៅក្នុងក្រុង Sana'a ហើយលោកបានភៀសខ្លួនទៅកាន់ក្រុង Aden ដែលជាក្រុងធំបំផុតក្នុងប៉ែកខាងត្បូងប្រទេសដើម្បីខិតខំព្យាយាមបង្កើតរដ្ឋអំណាចមួយនៅទីនោះ៕