សម្ព័ន្ធ​ភាព​គណបក្ស​របស់​លោក Al-Sadr នាំ​មុខ​នៅ​ក្នុង​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​អ៊ីរ៉ាក់

អ្នក​គាំទ្រ​លោក Muqtada al-Sadr ចេញ​មក​សាទរ​នូវ​ជ័យ​ជម្នះ​របស់​លោក​នៅ​ក្នុង​ក្រុង Sadr ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

អ្នក​គាំទ្រ​រាប់​រយ​នាក់​របស់​បព្វជិត​ឥស្លាម​និកាយ​ស៊ីអ៊ីត​លោក Muqtada Al-Sadr បាន​ចេញ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដើម្បី​អបអរសាទរ​ចំពោះ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​រដ្ឋសភា​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​ប្រកាស​ថា លោក Al-Sadr គឺ​ជា​អ្នក​នាំ​មុខ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នេះ ក្រោយ​ពី​រាប់​សន្លឹក​ឆ្នោត​ផ្លូវការ​បាន​ជាង​ពាក់​កណ្ដាល​នៃ​ខេត្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​រួច​មក។

លោក Al-Sadr មិន​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ទេ ប៉ុន្តែ​លោក​មាន​ឥទ្ធិពល​លើ​បេក្ខជន​នៃ​សម្ព័ន្ធ​គណបក្ស​មួយ​ដែល​បាន​ឈ្នះ​សំឡេង​ឆ្នោត​យ៉ាង​ច្រើន​នៅ​ក្នុង​រដ្ឋធានី​បាកដាដ។

ចំណែក​ឯ​សម្ព័ន្ធ​ភាព​នៃ​បេក្ខជន​ទាំង​ឡាយ​ណា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រុម​យោធា​ប៉ារ៉ា​ឥស្លាម​និកាយ​ស៊ីអ៊ីត ទទួល​បាន​សំឡេង​ឆ្នោត​យ៉ាង​ប្រកៀក​ប្រកិត​ក្នុង​លំដាប់​ទី​ពីរ។

ប្រសិនបើ​លោក Al-Sadr ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ នោះ​វា​នឹង​ធ្វើ​ឲ្យ​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​នាយក​រដ្ឋមន្ត្រី Haider al-Abadi មាន​ការ​ភ្ញាក់ផ្អើល​ជាក់​ជា​មិន​ខាន។

ប្រសិនបើ​លទ្ធផល​បោះ​ឆ្នោត​ពិតជា​ដូច្នេះ​មែន នោះ​លោក Al-Sadr ដែល​ជា​អ្នក​រិះគន់​ខ្លាំងក្លា​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក អាច​មាន​ឥទ្ធិពល​ក្នុង​ការ​កំណត់​ថា​ប្រទេស​ណា​នឹង​ក្លាយជា​មេដឹកនាំ​បន្ទាប់​របស់​ប្រទេស​អ៊ីរ៉ាក់។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​រដ្ឋសភា​ដែល​មាន​អាសនៈ ៣២៩ នេះ គ្រោង​នឹង​ប្រកាស​នៅ​ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ បន្ទាប់ពី​ការ​បោះ​ឆ្នោត​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ៕