អាជ្ញាធរ​ក្រុង​​សៀងហៃ​ កាត់បន្ថយ​​តម្រូវ​ការ​ធ្វើ​តេស្ត​​​ជំងឺ​កូវីដ១៩​​ខ្លះ​

ពលរដ្ឋ​ដើរ​ឆ្លង​ផ្លូវ​មួយ​កន្លែង​ក្នុង​សង្កាត់ Jing'an នៃ​​ទី​ក្រុង​សៀងហៃ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២២។

អាជ្ញាធរ​ក្នុង​ទីក្រុង​សៀងហៃ​ ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុដ៏​សំខាន់​របស់​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ត​ទៅ​ នឹង​បន្ធូរបន្ថយ​ការតម្រូវ​ឱ្យ​ធ្វើ​តេស្ត​ជំងឺ​កូវីដ​មួយ​ចំនួន​ ដែល​ជា​ផ្នែក​មួយនៃ​ការ​បន្ថយ​ការ​រឹត​បន្តឹង​គោលនយោបាយគ្មាន​ជំងឺ​កូវីដ១៩​ ហៅ​ថា «សូន្យ​កូវីដ‍» (Zero Covid) របស់ប្រទេស​នេះ​ ក្រោយ​មាន​បាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេស​ចិនដែល​គេ​មិន​ធ្លាន់​បាន​ឃើញ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AFP។ ​

ទីក្រុង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ចិន​ បាន​បន្ថយ​ការ​រឹត​បន្តឹង បន្ទាប់​ពី​មាន​ការ​មិន​សប្បាយ​ចិត្ត​ជា​សាធារណៈជុំវិញ​វិធានការរាំង​ខ្ទប់ដ៏​យូរ​អង្វែង​ ​ហើយ​ដែលការ​ខឹង​សម្បា​របស់​មហាជន​ចិន​ បាន​ឡើង​ដល់​ចំណុច​កំពូលកាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​មាន​ការ​ប្រឆាំង​តវ៉ា​ជា​បន្ត​បន្ទាប់បាន​កើត​មាន​ឡើង​នៅ​ទីក្រុង​ជា​ច្រើនក្នុង​ប្រទេស​ចិន។​ ​

អាជ្ញាធរ​ក្រុង​សៀងហៃ​ បាន​និយាយ​នៅ​លើ​សារ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ WeChat កាល​ពី​ថ្ងៃ​អាទិត្យថា​ ពលរដ្ឋក្នុង​ទីក្រុង​សៀងហៃ​ នឹង​មិន​ចាំបាច់តម្រូវ​ឱ្យ​ធ្វើ​តេស្តរក​ឃើញ​ថា​គ្មាន​ជំងឺ​កូវីដ​ចំនួន​៤៨​ម៉ោង​ មុនប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ ឬ​ចូល​ទៅ​ទី​លាន​សាធារណៈ ដូច​ជា​សួន​ឧទ្យាន​ និង​ទីតាំងទេសចរណ៍​ដូចលើក​មុនឡើយ។ ​ ​

ទីក្រុង​សៀងហៃ​ដែល​មាន​ពលរដ្ឋរស់​នៅប្រមាណ​២៣​លាន​នាក់​ ត្រូវបានបិទ​ខ្ទប់អស់​រយៈពេល​ជា​ច្រើន​ខែក្នុង​ឆ្នាំ​នេះ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ចក្នុង​ស្រុក​ជា​ខ្លាំង។​ ​

ការបន្ធូរបន្ថយ​ការ​រឹត​បន្តឹង​របស់​ក្រុង​សៀងហៃ​នៅ​ពេល​នេះ​ គឺ​ធ្វើ​ឡើងដូច​ទីក្រុង​ផ្សេងៗ​មួយ​ចំនួន​របស់​ចិន​ដែរ​ ដែល​ក្នុង​នោះ​មាន​ទីក្រុង​ប៉េកាំង, Tianjin, Shenzhen និង​ទីក្រុង Chengdu ​ជា​ដើម​ ដែល​បាន​លុបចោលការ​តម្រូវ​ឱ្យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ​មុន​ការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។​
អាជ្ញាធរ​ក្នុង​ប៉េកាំងកាល​ពី​ថ្ងៃ​សៅរ៍​ ក៏​បាន​លុបចោលការតម្រូវ​ឱ្យ​ចុះឈ្មោះ​ ដើម្បី​ទិញ​ថ្នាំ​គ្រុនក្តៅ​និង​ជំងឺ​ផ្ដាសាយផង​ដែរ។​

បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ក៏​ក្រុម​មន្ត្រី​ចិន​នៅក្នុង​ទីក្រុង Jinan​ ភាគ​ខាងកើត​ប្រទេស​ចិនបាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ពលរដ្ឋ​ចិននឹង​ត្រូវ​គេ​ត្រួតពិនិត្យ​មើល​លេខ​កូដ​សុខភាពហើយ​ត្រូវ​ធ្វើ​តេស្ត​ក្នុង​ពេល​ថ្មីៗ​នេះដោយលទ្ធផល​បង្ហាញ​ថា​គ្មាន​ជំងឺ​កូវីដ​១៩ ​មុនពេល​អាចប្រើប្រាស់​បង្គន់​សាធារណៈ​បាន។​ ​

ការ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ចិន​ បាន​ផ្ទុះ​ឡើងកាលសប្តាហ៍​មុន​ នៅ​ក្នុង​បរិវេណ​អគារ​លំនៅដ្ឋាន ​នៅ​ទីក្រុង​ជាច្រើន​ ដូច​ជា​ទីក្រុង​ប៉េកាំង​ Shanghai (សៀងហៃ)​ Wuhan (វូហាន) និង​ទីក្រុង Guangzhou​(ក្វាងចូវ)​ ជា​ដើម​ ជុំវិញ​អ្វីដែល​ពលរដ្ឋចិនលើក​ឡើង​ថា​ ជា​វិធានការប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ ដ៏​ហួស​ហេតុ​នោះ៕​