គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានប្រកាសថាមានគណបក្សសរុបចំនួន១៧បានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនាជាមួយនឹងអវត្តមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងការចុះឈ្មោះបេក្ខភាពជាស្ត្រីនៅកម្រិតតិចតួច។
ក្នុងតារាងតុល្យការបណ្ដោះអាសន្នបិទបញ្ចប់ការចុះបញ្ជីឈ្មោះបេក្ខជនដែលបានធ្វើឡើងពីថ្ងៃទី៤ ដល់ថ្ងៃទី៦ខែមីនាកន្លងទៅបង្ហាញថា បក្សប្រជាជនកម្ពុជាចុះបញ្ជីបេក្ខភាពប្រកួតច្រើនជាងគេឈរឈ្មោះនៅគ្រប់១.៦៥២ឃុំសង្កាត់ ជាមួយនឹងបេក្ខជន២៨.០០០នាក់ ដេញពីក្រោយដោយបក្សភ្លើងទៀនដែលឈរឈ្មោះនៅ១.៦៣២ឃុំសង្កាត់ជាមួយនឹងបេក្ខជន ២៣.៣៦៧នាក់។
យ៉ាងណាក៏ដោយគណបក្សភ្លើងទៀនដែលត្រូវបានប្រកាសគាំទ្រដោយលោក សម រង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍ដោយឡែកមួយថា ខ្លួនបានឈរឈ្មោះប្រកួតប្រជែងនៅ ១.៦៤៩ឃុំសង្កាត់ តែមិនបានបង្ហាញស្ថិតិបេក្ខជននោះទេ។
គណបក្សដែលចូលរួមផ្សេងទៀតរួមមាន ហ្វ៊ុនស៊ិនប៉ិច - ខ្មែររួបរួមជាតិ - ខ្មែរស្រឡាញ់ជាតិ - សញ្ជាតិកម្ពុជា - យុវជនកម្ពុជា - ឆន្ទៈខ្មែរ - កែទម្រង់កម្ពុជា - កម្ពុជានិយម - ប្រជាធិបតេយ្យមូលដ្ឋាន - ខ្មែរតែមួយ - សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ - ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា - ឯកភាពជាតិខ្មែរ - រស្មីខេមរា - និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (L.D.P.) បានប្រកាសមិនចូលរួមការបោះឆ្នោតនេះទេ ដោយបានលើកឡើងអំពីការ«រឹតត្បិតយ៉ាងខ្លាំង»ពីសំណាក់គ.ជ.ប. ជាមួយនឹងនីតិវិធីដែលមិនចែកចាយទម្រង់លទ្ធផលឆ្នោតបឋមតាមការិយាល័យ (ទម្រង់១១០២)ទៅឱ្យភ្នាក់ងារគណបក្សនយោបាយ ហើយថាសំណើខ្លួនទៅគ.ជ.ប.ជុំវិញការកំណត់សុពលភាពសន្លឹកឆ្នោតបានការនោះមិនត្រូវបានគ.ជ.ប.ទទួលកែប្រែនោះទេ។
ជាមួយគ្នានេះដែរក្នុងចំណោមបេក្ខភាពសរុប ៨២.៧៨៦នាក់មកពី១៧គណបក្សនោះមានបេក្ខភាពជាស្រ្តីសរុប២៥.៩៦៣នាក់ ឬស្មើនឹងប្រមាណ៣១ភាគរយប៉ុណ្ណោះ នៃបេក្ខភាពសរុប។
ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧គណបក្សប្រជាជនឈ្នះបានកៅអីមេឃុំចៅសង្កាត់ និងកៅអីក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៦.៥០៣អាសនៈ ដេញពីក្រោយដោយគណបក្សសង្គ្រោះជាតិដែលបានតំណែងមេឃុំចៅសង្កាត់ចំនួន និងកៅអីក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥.០០៧អាសនៈ។
តែក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិដោយចម្រូងចម្រាសក្រោយការបោះឆ្នោតលើកមុនមកអាសនៈដែលឈ្នះបានដោយបក្សនេះ ត្រូវបានហែកច្រៀកចែកទៅបក្សដទៃដែលនាំឱ្យបច្ចុប្បន្នគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងកៅអីមេឃុំចៅសង្កាត់១.៦៤៥កន្លែងទូទាំងប្រទេស និងតំណែងក្រុមប្រឹក្សាសរុប ១១.០៥១កន្លែង ឯគណបក្សខ្មែររួបរួមជាតិនៅរក្សាកៅអីមេឃុំមួយកន្លែងដែលខ្លួនឈ្នះបាននៅខេត្តបន្ទាយមានជ័យ៕
កំណត់សម្គាល់៖ កំណែមុននៃអត្ថបទនេះបានសរសេរថាបេក្ខភាពគណបក្សប្រជាជនមាន ២៨.០៣១នាក់ ហើយបេក្ខភាពគណបក្សភ្លើងទៀនមាន ២១.៦១៩នាក់។ កំណែនោះត្រូវបានកែតម្រូវដោយការធ្វើបច្ចុប្បន្នភាពថា បេក្ខភាពគណបក្សប្រជាជនមាន ២៨.០០០នាក់ ហើយបេក្ខភាពគណបក្សភ្លើងទៀនមាន ២៣.៣៦៧នាក់។