តុលាការរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានកាត់ទោសដោយកំបាំងមុខអ្នកគាំទ្រ និងសកម្មជនរបស់អតីតគណបក្សប្រឆាំងចំនួន៧នាក់ ឲ្យជាប់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន២លានរៀលចូលជាថវិកាជាតិ។
អ្នកគាំទ្រ និងសកម្មជនទាំង៧នាក់នោះរួមមានឈ្មោះ នូ សុធា រិន រដ្ឋ រុន ចន្ធី ម៉ៅ វិបុលស៊ឹម សុភា ពេជ្រ សំបូរ និង នាង សុឃុន ដែលអ្នកខ្លះកំពុងរត់គេចខ្លួននិងខ្លះទៀតកំពុងរស់នៅប្រទេសបារាំងនិងកាណាដា។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះត្រូវតុលាការបកស្រាយថាបានប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតក្នុងអំឡុងឆ្នាំ២០២០។
ក្នុងពេលប្រកាសសាលក្រមដោយកំបាំងមុខនៅក្នុងបន្ទប់សវនាការនៅថ្ងៃព្រហស្បតិ៍ចៅក្រមជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធាបានប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនជនដែលត្រូវផ្តន្ទាទោសខាងលើនោះមកដាក់ក្នុងពន្ធនាគារ។
អ្នកស្រីបានថ្លែងក្នុងន័យដើមថា៖ «ចេញដីកាបង្គាប់ឲ្យចាប់និងឃុំខ្លួនឈ្មោះខាងលើ»។ អ្នកស្រីបន្ថែមថា៖ «សាលក្រមជំនុំជម្រះជាសាធារណៈនិងប្រកាសជាសាធារណៈប្រកាសដោយកំបាំងមុខជនជាប់ចោទខាងលើ»។
ក្នុងពេលសវនាការកាលពីថ្ងៃទី២៦ ខែសីហា ជនជាប់ចោទទាំង៧នាក់ខាងលើក៏មិនបានបង្ហាញមុខនៅចំពោះមុខអង្គសវនាការនោះទេក៏ប៉ុន្តែតុលាការបានបន្តសវនាការដោយមានវត្តមានមន្ត្រីនគរបាលជាន់ខ្ពស់មួយរូបគឺលោក ចាន់ ដារិទ្ធទទួលបន្ទុកស៊ើបអង្កេតនិងកសាងនីតិវិធីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកវរសេនីយ៍ទោ ចាន់ ដារិទ្ធ នាយការិយាល័យស៊ើបអង្កេតនិងកសាងនីតិវិធីបានប្រាប់អង្គសវនាការនាពេលនោះថាមានអង្គហេតុសំខាន់ៗមួយចំនួនដែលផ្តើមចេញពីការបង្ហោះព័ត៌មានរបស់ជនជាប់ចោទឈ្មោះ នូ សុធា ពាក់ព័ន្ធនឹងស្ថានភាពនៃចំនួនអ្នកស្លាប់ច្រើនដោយសារជំងឺកូវីដ១៩នៅកម្ពុជាក្នុងអំឡុងខែមីនាឆ្នាំ២០២០ និង«សារប្រមាថ»លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជុំវិញការដាក់បញ្ជាឲ្យពលរដ្ឋខ្មែរអ៊ីសា្លមចំនួន៧៩នាក់ឆ្លងជំងឺកូវីដ១៩ក្រោមហេតុផលថា លោកនាយករដ្ឋមន្ត្រីធ្លាប់មានតួនាទីជាកម្មាភិបាលខ្មែរក្រហមមួយរូបនៅស្រុកក្រូចឆ្មាខេត្តកំពង់ចាមទីដែលមានការប្រើអំពើហិង្សាលើពលរដ្ឋខ្មែរអ៊ីស្លាមក្នុងឆ្នាំ១៩៧៧។
មន្ត្រីប៉ូលិសដដែលនេះ ពន្យល់តុលាការបន្ថែមថាការបង្ហោះសារផ្សេងៗរបស់ឈ្មោះនូ សុធា នេះគឺធ្វើឡើងនៅក្នុងប្រទេសកាណាដាហើយថាជនជាប់ចោទឯទៀតក្នុងសំណុំរឿងនេះក៏បានបង្ហោះសារលើហ្វេសប៊ុកមានខ្លឹមសារប្រហាក់ប្រហែលនឹងការបង្ហោះសាររបស់ជនជាប់ចោទឈ្មោះនូ សុធា ផងដែរ។
ក្នុងបន្ទប់សវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះគេពុំឃើញលោកវរសេនីយ៍ទោ ចាន់ ដារិទ្ធ ឬមន្ត្រីនគរបាលដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះមកបង្ហាញខ្លួននោះទេ។
លោក រិន រដ្ឋ អតីតយុវជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាម និងដែលបានភៀសខ្លួនពីប្រទេសកម្ពុជា ប្រាប់វីអូអេកាលពីចុងខែសីហាតាមប្រព័ន្ធទំនាក់ទំនងសង្គមមួយថាសវនាការដែលបានធ្វើឡើងដើម្បីកាត់ទោសរូបគាត់ និងជនជាប់ចោទ៦នាក់ទៀតនោះមានគោលដៅគំរាមកំហែងសកម្មជននយោបាយដែលគាំទ្រការអនុវត្តប្រព័ន្ធរបបនយោបាយប្រជាធិបតេយ្យ។
វីអូអេមិនទាន់អាចសុំការអធិប្បាយបន្ថែមពីលោក រិន រដ្ឋ នៅថ្ងៃព្រហស្បតិ៍នេះបានទេ។ វីអូអេព្យាយាមទាក់ទងសុំការអធិប្បាយពីជនជាប់ចោទមួយចំនួនទៀត តាមរយៈប្រព័ន្ធសង្គម ប៉ុន្តែមិនទាន់មានការឆ្លើយតប។
លោក សំ សុគង់ ដែលជាញឹកញាប់ការពារក្តីឲ្យសកម្មជននិងអ្នកនយោបាយមកពីគណបក្សជំទាស់ មានប្រសាសន៍ថាជនជាប់ចោទទាំង៧នាក់មានបំណងពឹងពាក់លោកឲ្យការពារក្តីរបស់ពួកគេមុនពេលតុលាការបើកសវនាការនិងផ្តន្ទាទោសទាំងកំបាំងមុខ។ ប៉ុន្តែកូនក្តីលោកខកខានមិនបានបញ្ជូនឯកសារពាក់ព័ន្ធមកទាន់ពេលក្រោមហេតុផលថាពួកគេមិនដែលទទួលបានដីកាកោះហៅឬមិនបានដឹងថាពួកគេមានសំណុំរឿងនេះនៅតុលាការឡើយ។
លោកប្រាប់វីអូអេយ៉ាងដូច្នេះថា៖ «ទោះបីជាដឹងថាពួកគាត់នៅក្រៅប្រទេសក៏ដោយគួរតែបញ្ជូនដីកាហ្នឹងទៅដល់លំនៅឋានរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់ដឹងដំណឹងឬគ្រួសារគាត់ដឹងដំណឹងគាត់បញ្ជូនដំណឹងបន្តទៅសាច់ញាតិរបស់គាត់ឬកូនរបស់គាត់ប៉ុន្តែតុលាការខកខានក្នុងការធ្វើនីតិវិធីនេះ ដែលវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនជាប់ចោទ»។
នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បង្ហាញក្តីបារម្ភចំពោះការបាត់បង់សិទ្ធិរបស់ជនជាប់ចោទដើម្បីទទួលបានការកាត់ក្តីត្រឹមត្រូវមួយនៅពេលតុលាការបានសម្រេចបើកសវនាការនិងផ្តន្ទាទោសដោយកំបាំងមុខក្នុងសំណុំរឿងដែលត្រូវគេមើលឃើញថាជារឿងនយោបាយ។
លោកថ្លែងថា៖ «មើលទៅករណីនេះវាជាដដែលៗទេដែលអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិហើយនិងសហគមន៍អន្តរជាតិគេចាត់ទុកថាវាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ អីចឹងការកាត់ទោសសម្រាប់អតីតសកម្មជនហ្នឹងវាជាស្តង់ដាគំរូមួយពីតុលាការមួយទៅតុលាការមួយវាប្រហាក់ប្រហែលគ្នាហ្នឹងហើយទោះបីជាមានវត្តមាន មិនមានវត្តមានក៏ដោយបទញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋឬក៏ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមហ្នឹងគឺការកំណត់នៃទោសវាប្រហាក់ប្រហែលគ្នាហ្នុងបាទ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនឆ្លើយតបសំណួរដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម(Telegram)នៅថ្ងៃព្រហស្បតិ៍នេះ។
អតីតអ្នកគាំទ្រ សកម្មជន និងមន្ត្រីគណបក្សគណបក្សសង្គ្រោះជាតិជាង១០០នាក់រងការចោទប្រកាន់ជាបន្តបន្ទាប់ពីបទព្រហ្មទណ្ឌ ក្រោយការរំលាយគណបក្សសង្រ្គោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ការណ៍នេះធ្វើឲ្យប្រទេសកម្ពុជារងការរិះគន់ពីប្រទេសប្រជាធិបតេយ្យមួយចំនួនថាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕