យោធានៃប្រទេសអ៊ុយក្រែនបាននិយាយនៅថ្ងៃច័ន្ទនេះថា ទាហាន៧នាក់របស់ខ្លួនបានស្លាប់កាលពីថ្ងៃម្សិលមិញក្នុងអំឡុងពេលនៃការប្រយុទ្ធជាមួយក្រុមទាមទារបំបែករដ្ឋក្នុងតំបន់ខាងកើត ដែលហែកហួរដោយសារសង្គ្រាម។
ក្រុមមន្រ្តីនិយាយថា ទាហានយ៉ាងហោចណាស់២៤នាក់បានរងរបួសនៅក្នុងអំពើហិង្សានេះ។
ការប្រយុទ្ធរវាងកងទ័ពអ៊ុយក្រែននិងក្រុមឧទ្ទាមដែលគាំទ្រដោយប្រទេសរុស្ស៊ីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានស្ថិតក្នុងកម្រិតដ៏អាក្រក់បំផុតចាប់តាំងពីកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់គ្នានៅខែកញ្ញាឆ្នាំទៅមក។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងមេដឹកនាំអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មថ្មីប្រឆាំងប្រទេសរុស្ស៊ី បន្ទាប់ពីក្រុមឧទ្ទាមបានចាប់ផ្តើមវាយប្រហារគ្រាប់រ៉ុកកែតដ៏ប្រល័យលើទីក្រុងកំពង់ផែ Mariupol នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍មក។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោកនឹងបង្កើនសម្ពាធលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ បន្ទាប់ពីការវាយប្រហារដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣០នាក់ និងធ្វើឲ្យមនុស្សជាង៨០នាក់ទៀតរងរបួសនៅពេលដែលគ្រាប់រ៉ុកកែតនោះបានធ្លាក់ចូលក្នុងផ្សារមួយកន្លែងនិងអគារនៃតំបន់ដែលមានមនុស្សរស់នៅ។
កាលពីពេលថ្មីៗនេះ មេដឹកនាំអឺរ៉ុបមួយចំនួនបានធ្វើការចរចាដើម្បីបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរដ្ឋាភិបាលទីក្រុងម៉ូស្គូ៕