កូរ៉េខាងត្បូង​និង​អាមេរិក​បរាជ័យ​នៅក្នុង​ការចរចា​លើ​ការបង់ថ្លៃ​ចំណាយ​សម្រាប់​កងទ័ព​អាមេរិក​ ខណៈ​កិច្ចព្រមព្រៀង​ចាស់​ជិត​អស់​សុពលភាព

រូបឯកសារ៖ មន្រ្តីប្រឹក្សាជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកលោក James DeHart ថ្លែងបន្ទាប់ពីជំនួបជាមួយភាគីកូរ៉េខាងត្បូង នៅស្ថានទូតអាមេរិក ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

កូរ៉េខាងត្បូង​ និង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃពុធ​នេះ​បាន​បរាជ័យ​ក្នុង​ការ​ឈាន​ទៅ​ដល់កិច្ចព្រមព្រៀងគ្នា​មួយ​ពាក់ព័ន្ធ​នឹង​ការបង់​ថ្លៃ​ចំណាយ​របស់​រដ្ឋាភិបាល​ក្រុងសេអ៊ូល​សម្រាប់​វត្តមាន​របស់​កងទ័ព​សហរដ្ឋអាមេរិក​ប្រមាណ​ ២ម៉ឺន ៨ពាន់ ៥រយនាក់​ ដោយ​ភាគទាំងពីរ​បាន​បញ្ចប់​ការចរចា​ចុងក្រោយ​រយៈពេល​ពីរថ្ងៃមុន​នឹង​កិច្ចព្រមព្រៀង​ចាស់​អស់​សុពលភាព​នៅ​ថ្ងៃទី៣១ ខែធ្នូ​ខាង​មុខ​នេះ។

ក្រុម​សមាជិកសភា​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ទាមទារ​ឲ្យ​កូរ៉េ​ខាងត្បូង​បង់​ថ្លៃ​ចំណាយ​ចំនួន​៥ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ​ ដែល​ចំនួន​នេះ​ច្រើន​ជាង៥ដង​ពី​ចំនួន​ថវិកា​ដែល​រដ្ឋាភិបាល​ក្រុងសេអ៊ូល​បាន​យល់​ព្រម​ចំណាយ​សម្រាប់​ឆ្នាំ​នេះ។នៅក្នុង​ផ្នែក​មួយ​នៃ​គោលនយោបាយ ​«ផ្តោត​លើ​សហរដ្ឋ​អាមេរិក​ជា​មុន»​ របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក Donald Trump ​បាន​ទាមទារ​ថា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​ជា​ច្រើន​ រួមទាំង​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​និង​ប្រទេសជប៉ុន​ផងដែរ​នោះ​ បាន​បង្កើន​ថវិកា​ទៅក្នុង​វិស័យ​ការពារ។

ជារឿយៗ ​លោក​បាន​ចោទប្រកាន់​ថា​ ប្រទេស​កូរ៉េខាងត្បូង​ដែល​ជា​ប្រទេស​អ្នកមាន​ កំពុង​ទទួល​បាន​ផលប្រយោជន៍​ពី​វត្តមាន​របស់​កងកម្លាំង​យោធា​សហរដ្ឋអាមេរិក ដែល​ឈរជើង​នៅក្នុង​ប្រទេស​នេះ​ ដែល​ជា​កេរដំណែល​នៃ​សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ១៩៥០​ដល់​ឆ្នាំ១៩៥៣ និង​ការបន្ត​គំរាម​កំហែង​ពី​កូរ៉េ​ខាងជើង។

ការបរាជ័យ​នៅក្នុង​ការចរចា​លើ​កិច្ចព្រមព្រៀង​ដែល​ភាគី​កូរ៉េខាងត្បូង​ដឹកនាំ​ដោយ​ប្រធាន​ក្រុមចរចា​លោក Jeong Eun-bo ហើយ​ភាគី​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ លោក James DeHart នេះ​ អាច​នឹង​បណ្តាល​ឲ្យ​មាន​លទ្ធផល​ដូច​កាលឆ្នាំ​មុន​ គឺ​នៅ​ពេល​ដែល​ប្រទេស​ទាំងពីរ​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ថ្មី​ទេ​នោះ​ នោះ​ពួកគេ​នឹង​ព្រមព្រៀង​គ្នា​ប្រើប្រាស់​កិច្ចព្រមព្រៀង​ចាស់​សម្រាប់​ឆ្នាំ​ថ្មី។

ក្រុមអ្នកជំនាញ​មួយ​ចំនួន​និយាយ​ថា​ ទាំង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បាន​ព្រមាន​ថា​ ប្រសិន​បើ​មិន​អាច​ឈាន​ដល់​ការព្រមព្រៀង​គ្នា​ទេ​នោះ​ វា​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​អនាគត​នៃ​វត្តមាន​របស់​កងទ័ព​សហរដ្ឋអាមេរិក​ទាំងអស់​នៅក្នុង​ប្រទេសកូរ៉េខាងត្បូង៕