រដ្ឋាភិបាល​ក្រុង​សេអ៊ូល៖ អាមេរិក​និង​កូរ៉េខាងជើង​ព្រម​បើក​ជំនួប​ប្រជុំ​កំពូល​ជា​លើក​ទី​ពីរ​ក្នុង​ពេល​ឆាប់ៗ​នេះ

លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ អញ្ជើញ​ទៅ​ដល់​មូលដ្ឋាន​ទ័ព​អាកាស Osan នៅ​ក្នុង​ក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។

កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និង​លោក គីម ជុងអ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង បាន​ព្រមព្រៀង​គ្នា​ថា​នឹង​រៀបចំ​ជំនួប​ប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ក្នុង​ពេល​ឆាប់ៗ​នេះ។

ការ​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​លោក Pompeo បាន​មក​ដល់​ទីក្រុង សេអ៊ូល ក្រោយ​ពី​ទស្សនកិច្ច​លើក​ទី​៤​របស់​លោក​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង ដែល​លោក​បាន​ជួប​នឹង​លោក គីម​ នៅ​ទីនោះ។

លោក Pompeo បាន​និយាយ​ថា សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​បាន​ព្រមព្រៀង​ថា​នឹង​បន្តពិភាក្សា​គ្នា​ដើម្បី​កំណត់​ទៅ​លើ​កាលបរិច្ឆេទ​និង​ទីតាំង​ជាក់លាក់​សម្រាប់​ជំនួប​ប្រជុំ​កំពូល​បន្ទាប់​រវាង​លោក គីម និង​លោក ត្រាំ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​របស់​លោក Moon Jae-In ប្រធានាធិបតី​កូរ៉េ​ខាងត្បូង។ ​

លោក Moon បាន​ថ្លែង​អំណរគុណ​លោក Pompeo ចំពោះ​ទស្សនកិច្ច​របស់​លោក និង​បាន​សម្តែង​ការ​សាទរ​របស់​លោក​ចំពោះ​ជំនួប​ប្រជុំ​ដែល​នឹង​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។ មេដឹកនាំ​ទាំងពីរ​បាន​ជួប​គ្នា​ក្នុង​ប្រទេស សិង្ហបុរី កាល​ពី​ខែ មិថុនា។

លោក ត្រាំ បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម Tweeter កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា លោក គីម និង​លោក Pompeo បាន​ជួប​ពិភាក្សា​គ្នា​យ៉ាង​រលូន៕