រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងអាចដកចេញបាន នៅពេលណាដែលប្រទេសនេះចាត់ «វិធានការសំខាន់នានាដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ»។
កិច្ចប្រជុំនៅក្នុងប្រទេសសិង្ហបុរីកាលពីសប្ដាហ៍មុនរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានឈានទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយដែលនៅក្នុងកិច្ចព្រមព្រៀងនោះ លោក Kim Jong Un «បានបញ្ជាក់អំពីការប្ដេជ្ញាដ៏ម៉ឺងម៉ាត់ និងមិនងាករេរបស់ខ្លួននៅក្នុងការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ»។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បានប្រាប់អ្នកសារព័ត៌មានថា៖ «ជំហររបស់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺថា ទណ្ឌកម្មទាំងនេះនឹងនៅដដែលរហូតទាល់តែកូរ៉េខាងជើងចាត់វិធានការដ៏មានប្រយោជន៍ និងសំខាន់ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ»។
លោកស្រីបានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋាភិបាលសហរដ្ឋអាមេរិកមានគោលជំហរដូចគ្នាចំពោះរឿងនេះ ហើយប្រទេសទាំងពីរនឹងបន្តការពិភាក្សាជាក់លាក់ជាបន្តទៀត។
ការលើកឡើងដូចនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីក្រសួងការបរទេសចិនបានស្នើថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគួរពិចារណាបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសកូរ៉េខាងជើង៕