សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងមិនបញ្ជូនគណៈប្រតិភូទៅកាន់ការចរចាសន្តិភាពប្រទេសស៊ីរីលើកដំបូងនៅសប្តាហ៍ក្រោយនៅក្នុងរដ្ឋធានីអាស្តាណានៃប្រទេសកាហ្សាក់ស្ថានទេ ហើយនិងបញ្ជូនអ្នកសង្កេតការណ៍ការទូតនាំមុខម្នាក់ជំនួសវិញ។
ដោយលើកហេតុផលពីតម្រូវការនៃអន្តរកាលផ្ទេរអំណាចប្រធានាធិបតីសហរដ្ឋអាមេរិក ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា លោក George Kroll ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកាហ្សាក់ស្ថាននឹងចូលរួមការចរចានោះដែលត្រូវបានរៀបចំធ្វើឡើងដោយគ្មានសហរដ្ឋអាមេរិក។ ការចរចានោះមានតែប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី តួកគី និងប្រទេសអ៊ីរ៉ង់។ ប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរីបាននិយាយថា រដ្ឋាភិបាលរបស់លោកបានប្រុងប្រៀបខ្លួនហើយដើម្បីពិភាក្សាអ្វីៗទាំងអស់នៅក្នុងការចរចានោះដែលចាប់ផ្តើមនៅថ្ងៃច័ន្ទស្អែកនេះ ខណៈដែលភាគីឧទ្ទាមនិយាយថា ពួកគេនឹងកម្រិតការផ្តោតការយកចិត្តទុកដាក់របស់ខ្លួនលើការអនុវត្តការឈប់បាញ់គ្នាដែលបន្តមានឡើងហើយនិងបញ្ហាជំនួយមនុស្សធម៌។ ពួកឧទ្ទាមក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ដែរថា ពួកគេនឹងមិនចូលរួមក្នុងការចរចាស្តីពីដំណោះស្រាយខាងនយោបាយដើម្បីបញ្ចប់វិបត្តិនេះទេ។
ការធ្វើឲ្យមានភាពស្មុគ្រស្មាញបន្ថែមទៀតដល់កិច្ចខំប្រឹងប្រែងសន្តិភាពគឺ ជនសកម្មប្រយុទ្ធ Fatah al-Sham ដែលមានចំណងទាក់ទងជាមួយក្រុម al-Qaida ដែលមិនចូលរួមនៅក្នុងការចរចានោះបានហៅការចរចានោះថាជាការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិត។ សេចក្តីថ្លែងការណ៍របស់ក្រុមជីហាដកាលពីថ្ងៃសៅរ៍បានប្រៀបធៀបការចូល រួមដោយក្រុមឧទ្ទាមនៅក្នុងការចរចាថាទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលលោកអាសាដដែលពួកឧទ្ទាមបានប្រយុទ្ធដើម្បីបណ្តេញចេញពីអំណាចចាប់តាំងពីឆ្នាំ២០១១មក៕