មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ប្តេជ្ញា​អភិរក្ស​ត្រី​ជិត​ផុត​ពូជ​ដែល​ទើប​តែ​លែង​ចូល​ក្នុង​ទន្លេ​ចតុមុខ

រូបឯកសារ៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី១៥ របស់​រដ្ឋមន្រ្តី​បរិស្ថាន​អាស៊ាន។ (ស៊ុន ណារិន/វីអូអេ)

មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​បរិស្ថាន​ និងក្រសួង​កសិកម្ម​បា​ន​លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ការ​ពារ​ថែ​រក្សា​ត្រី​ជិតផុតពូជ​ ដែល​បាន​លែង​ទៅ​ក្នុង​ទន្លេ​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​កំណើន​ពូជ​ត្រី​ដែល​ជិតបាត់​បង់​នេះ។​

ពូជត្រី​ដែល​ជិត​បាត់​បង់​នៅ​កម្ពុជា​ ហើយ​ដែល​ត្រូវ​បាន​លែង​ទៅ​ក្នុង​ទន្លេ​ចតុមុខ​ កាល​ពីខែ​មករា ​ឆ្នាំ​២០២៣ ​នេះ​ មាន​ពូជត្រី​រាជ​ ត្រីគល់​រាំង ​និង​ត្រីប្រាទន្លេ។ ​ការ​លែង​ពូជ​ត្រី​កម្រ​ទាំង​នេះ​ធ្វើឡើង​ក្រោម​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ​របស់ទីភ្នាក់​ងារ​សហ​រដ្ឋ​អា​មេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរ​ជាតិ​ (USAID)។​

អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក​ នេត្រ ភក្ត្រា​ ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា ​ត្រី​ដែលលែង​ទៅ​ក្នុង​ទឹក​នោះ​នឹង​មាន​ជីវិត​រស់​នៅ​ដោយ​គ្មាន​ការ​រំខានក្នុង​ទន្លេ​មេ​គង្គ​ ដោយ​សារ​មាន​ការ​ដាក់​ឧបករណ៍​តាម​ដាន​ការ​បម្លាស់​ទី​របស់​ពួក​វា។​

លោក​ នេត្រ ភក្ត្ រា​បញ្ជាក់​ថា៖​ «កត្តា​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​វា​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នូវ​ជីវចម្រុះ។​ អ៊ីចឹង​ ហើយ​ការ​អនុវត្ត​មិន​អាច​ពឹង​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ធន​ធាន​ធម្មជាតិ​ទេ ​ដែល​យើង​ត្រូវ​តែ​បង្កើត​នូវ​មធ្យោបាយ​ ក៏ដូច​ជា​រិះរក​នូវ​វីធីសាស្ត្រ​ដើម្បី​ធានា​នូវ​សន្តិ​សុខ​ស្បៀង​សម្រាប់​ប្រជាជន​យើង»។​

ក្រោយ​ពេល​លែង​ពូជត្រី​ខាង​លើ​ទៅ​ក្នុង​ទន្លេ​ចតុមុខ ទីភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរ​ជាតិ​ (USAID) ​បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ការ​នេសាទ​ហួស​ប្រមាណ ​បម្រែ​បម្រួល​អាកាសធាតុ ​និង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​មេ​គង្គបាន​ធ្វើ​ឲ្យ​ចំនួន​ពូជ​ត្រី​មាន​ការ​ថយ​ចុះ​ដោយ​រួម​ទាំង​ត្រីរាជ ​ត្រី​គល់​រាំង ​និង​ត្រី​ប្រា​ទ​ន្លេ​ផង​ដែរ។​

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ កញ្ញា​ អ៊ឹម រចនា​ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះថា​ ជា​យូរ​មក​ហើយ​ក្រសួង​បាន​ដាក់​ចេញ​ផែនការ​ក្នុង​ការ​បង្កើនចំនួន​ត្រី​ជិតផុត​ពូជ​ ដែល​បាន​ទាញ​ចំណាប់​អារម្មណ៍​ពី​ដៃ​គូ​នានា​ឲ្យផ្តល់​ជា​ជំនួយ​ហិរញ្ញ​វត្ថុ​ និង​បច្ចេក​ទេស​ក្នុង​កិច្ចការ​ពារ​អភិរក្ស​ និង​ជំរុញ​ឲ្យ​មាន​ការ​កកើត​បន្ថែម​ពូជត្រី​ដែល​ស្ទើរ​តែ​បាត់បង់​ទាំងនោះ។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ ​អ្វី​ដែល​ជា​ក្តី​បារម្ភ​បំផុត​នា​ពេល​នេះ​គឺ​ការ​ស្លាប់​របស់​សត្វ​ផ្សោត​ជា​បន្ត​បន្ទាប់​ និង​ថា ​ក្រសួង​បាន​និង​កំពុង​ស្វែង​រក​មធ្យោបាយ​ជា​មួយ​ដៃ​គូ​ពាក់​ព័ន្ធ​ដើម្បី​បង្កើន​និង​រក្សា​សត្វ​ជិត​ផុតពូជ​នេះ។​

កញ្ញា​ អ៊ឹម រចនា​ បញ្ជាក់​ថា៖​ «ដោយ​ឡែក​ផែនការ​ទៅ​មុខ​ទៀត​ យើង​អាច​នឹង​ពិចារណា​ទៅលើ​ការ​ដាក់​កំហិត​មួយ​ចំនួន​ដែល​ឥឡូវ​នេះ​កំពុង​តែ​សិក្សា​នៅ​ឡើយ​ ប្រជុំ​ពិភាក្សា​មិន​ទាន់​ជា​លទ្ធផល​សម្រេចទេ»។​

លោក​ សេង ទៀក​ នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​សត្វព្រៃ​និង​ធម្មជាតិ​កម្ពុជា ​ហៅ​កាត់​ថា​ WWF ​កម្ពុជា​ ​ កត់​សម្គាល់​ថា ​ការ​លែង​ត្រី​ជិត​ផុត​ពូជ​ចូល​ក្នុង​ទន្លេ​ ពិត​ជា​អាច​ជួយ​បង្កើន​ធនធាន​ត្រី​ទាំង​នោះ​បាន ​តែ​លោក​នៅ​មាន​មន្ទិល​ចំពោះ​ទីតាំង​ជាក់​លាក់​ដែល​ត្រី​ទាំង​នោះ​អាច​រស់​នៅ​បាន​ ហើយ​អាជ្ញាធរ​នឹង​មាន​វិធាន​ការ​យ៉ាង​ណា​ដើម្បី​ធានា​ថា​ ​ត្រី​ដែល​ទើបតែ​បាន​លែង​ចូល​ក្នុង​ទន្លេ​ចតុមុខ​នា​ពេល​ថ្មីៗ​នោះ មិន​រង​ផល​ប៉ះ​ពាល់​ដោយ​សកម្ម​ភាព​នេសាទ​ដែល​ច្បាប់​មិន​អនុញ្ញាត។​

លោក​បន្ថែម​ថា ​ ប្រភេទ​ត្រី​ជិត​ផុតពូជ​មាន​ការ​បម្លាស់​ទី​បាន​ឆ្ងាយ​ និង​មាន​ទីតាំង​ផ្សេងៗ​គ្នា។​ ដូច្នេះ​លោក​ថា​ វា​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ផង​ដែរ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ដូច្នេះ​យើង​ចាំ​បាច់​ត្រូវ​តែមាន​ផែនការ​យុទ្ធសាស្ត្រ​ អភិរក្ស​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​ការ​គ្រប់គ្រង​ទី​ជម្រក​របស់​ពួក​វា​ឲ្យ​បាន​តឹងរ៉ឹង ​ការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជា​ពល​រដ្ឋ​អំពី​ប្រភេទ​ត្រីកម្រ​ និង​ជិតផុត​ពូជ​ និង​ចាំ​បាច់​ត្រូវ​មាន​យន្ត​ការ​តាម​ដាន​និង​ត្រួត​ពិនិត្យ ​ពិសេស​ការ​ចាប់​និង​ការ​ប្រមូល​ផល​ត្រី​នៅ​ក្នុង​ដែន​នេសាទ»។​

បើ​តាម​លោក ​សេង ទៀក ​នាយក​អង្គការ​ WWF​កម្ពុជា ​ដើម្បី​បង្កើន​ចំនួន​ត្រី​ជិត​ផុត​ពូជ​ទាំង​នោះ​បាន​ទាល់​តែ​បញ្ឈប់​សកម្ម​ភាព​នេសាទ​ខុស​ច្បាប់​ដែលចាប់​យក​ត្រី​ទាំង​នោះ​ទៅ​ធ្វើ​ពាណិជ្ជ​កម្ម។​ លោក​សង្កត់​ធ្ងន់​ថា ការ​ដាក់​ពិន័យ​ចំពោះ​បុគ្គល​ណា​ដែល​ល្មើស​ច្បាប់​ក៏​ជា​មធ្យោបាយ​ចាំបាច់​មួយ​ដើម្បី​ការពារ​មិន​ឲ្យ​ត្រី​ជិត​ផុត​ពូជ​ទាំង​នោះ​បន្ត​បាត់​បង់​ថែម​ទៀត។

គួរ​រំឭក​ថា​ ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ ចេញ​ផ្សាយ​កាលពី​ខែ​សីហា ​ឆ្នាំ​២០១៩ ​ស្តីពី​ការ​កំណត់​ប្រភេទ​ផលិត​ផល​ជលផល​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​ឱ្យ​ដឹង​ថា​ ជលផល​ទាំងនោះ​រួមមាន​ត្រី​ និង​សត្វ​ក្រពើ​៣២​ ប្រភេទ​ ដែល​ត្រូវ​បាន​កំណត់​ថា​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​កំពុង​រងគ្រោះ​ថ្នាក់។​ ចំពោះ​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​ រួម​មាន​ត្រី​តាពត​ ឬ​ត្រី​នាគ ​ត្រីថ្ក​ ត្រីបី​កំណាត់ ​ឬ​ត្រីខ្លា​ ត្រី​កៀត​ស្រង់ ​ត្រី​គជ្រា​ ផ្សោត​ក្បាល​ត្រឡោក​ ត្រី​រាជ ​ត្រី​គល់​រាំង​ និង​ត្រី​ត្រសក់​ក្រហម​ជា​ដើម៕