សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្នើ​​ឲ្យ​មាន​សេចក្តី​​សម្រេច​​​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​លើក​ស្ទួយ​ប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​​

  • VOA

រូប​ឯកសារ៖ ​សមាជិក​ព្រឹទ្ធសភា​លោក John McCain (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​លោក Charles Schumer (កណ្តាល) និងសមាជិក​ព្រឹទ្ធសភា​លោក Richard Durbin (ស្តាំ)​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​សភា​អាមេរិក​កាល​ពី​​ឆ្នាំ​២០១៣។

ការ​ស្នើ​សេចក្តី​សម្រេច​នេះ​​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការ​បង្ក្រាប​លើ​គណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ។

លោក​ John McCain សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​និង​ជា​ប្រធាន​គណៈកម្មាធិការ​សេវាកម្ម​អាវុធ​របស់​ព្រឹទ្ធសភា​និង​លោក Dick Durbin ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ឲ្យ​ព្រឹទ្ធសភា​ពិនិត្យកាល​ពី​ថ្ងៃ​អង្គារ​ ម្សិលមិញ​ដើម្បី​បញ្ជាក់​ឡើង​វិញ​នូវ​ការ​តាំង​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នេះ​បើ​តាម​សេចក្តី​សម្រេច​រួម​មួយ​សម្រាប់​ព្រឹទ្ធសភា​សម្រេច ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​នេះ។

សេចក្តី​ថ្លែងការណ៍នៃ​សេចក្តី​សម្រេច​នោះ​បាន​បញ្ជាក់​ថា៖

​«រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ចាប់​ផ្តើម​ការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​ទៅ​លើអ្នក​នយោបាយ​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ដែលគ្រោង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា ​ឆ្នាំ២០១៨។ ​សេចក្តី​សម្រេច​នោះថ្កោល​ទោស​អំពើ​ហិង្សា​នយោបាយ​គ្រប់​ទម្រង់​ទាំងអស់ក្នុង​ប្រទេស​កម្ពុជា ដោយ​ជំរុញ​ឲ្យ​ដោះលែង​លោក កឹម ​សុខា ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជា​បន្ទាន់ ​ហើយ​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​និង​មាន​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

លោក McCainប្រធាន​គណៈកម្មាធិការ​ព្រឹទ្ធសភា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​សម្រេច​នោះ​ថា៖

«ថ្វី​បើ​ការ​យក​ចិត្ត​ទុកដាក់​របស់​សហរដ្ឋ​អាមេរិក​និង​អន្តរជាតិ​ជា​ច្រើន​ទសវត្សរ៍​ដើម្បី​លើកស្ទួយ​ប្រព័ន្ធ​ពហុភាព​និង​ប្រជាធិបតេយ្យ​ក៏​ដោយ ក៏​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ធ្ងន់ធ្ងរ។​ នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​គ្រប់គ្រង​ប្រទេស​ដោយ​និទ្ទណ្ឌភាព​អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍​នៃ​ការ​កាន់​អំណាច​របស់​លោក។ ​លោក​ ហ៊ុន សែន បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​គាប​សង្កត់​គណបក្ស​ប្រឆាំង​ដែល​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់ រំខាន​យាយី​អង្គការ​សង្គម​ស៊ីវិល​ ដាក់​កំហិត​បរិយាកាស​បណ្តាញ​ផ្សាយ​ព័ត៌មាន ​ហើយ​បដិសេធ​ការ​ប្រាថ្នា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ​សេចក្តី​សម្រេច​នេះ​ជា​ការ​ចាំបាច់​ដើម្បី​ស្វះស្វែង​រក​យុត្តិធម៌​និង​ការពារ​សិទ្ធិ​មនុស្ស​និង​សេរីភាព​ដ៏​សំខាន់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា‍»។

លោក​សមាជិក​ព្រឹទ្ធសភា Durbin ក៏​បាន​និយាយ​ដែរ​ថា៖

​«ការ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដោយ​ចេតនា​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បញ្ឈប់។​ យើង​អំពាវនាវ​ដល់​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​និង​គណបក្ស​កាន់​អំណាច​ឲ្យ​គោរព​នីតិរដ្ឋ ​សិទ្ធិ​មនុស្ស​ និង​បែបបទ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន។​ ពិភព​លោក​កំពុង​តាម​មើល​កម្ពុជា‍»៕