គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាគ្រោងនឹងបើកកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារស្អែកនេះដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រាចំនួនប្រាំនៃរដ្ឋធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។ នេះបើតាមការបញ្ជាក់ពីក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្សគ្រប់គ្រងប្រទេស និងគណបក្សជំទាស់។
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភានេះកើតមានឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីសមាជិកសភា១២៣រូបបានបោះឆ្នោតជាឯកច្ឆន្ទអនុម័តសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា យល់ថា នឹងផ្តល់សិទ្ធិអំណាចកាន់តែខ្លាំងដល់អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក អ៊ុំ សារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា សមាជិកព្រឹទ្ធសភាមកពីគណបក្សភ្លើងទៀន ដែលបង្កើតឡើងដោយលោក សម រង្ស៊ី នឹងចូលរួមក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា។ យ៉ាងណាមិញ លោកមិនទាន់ផ្តល់សេចក្តីលម្អិតថា តើនឹងមានការកែប្រែខ្លឹមនៃសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលរងការរិះគន់ពីក្រុមអ្នកវិភាគ និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានានោះទេ។
ឆ្លើយតបទៅនឹងការរិះគន់របស់ក្រុមអង្គការសិទ្ធិមនុស្សដែលលើកឡើងថា ការកែប្រែមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងវិសោធនកម្មក្រមព្រហ្មទណ្ឌនឹងបង្កើនការគាបសង្កត់លើសិទ្ធិរបស់ប្រជាពលរដ្ឋនោះ លោក អ៊ុំ សារិទ្ធថ្លែងបញ្ជាក់យ៉ាងដូច្នេះ៖
«នៅរដ្ឋសភា គេបង្ហាញជំហររួចអស់ហើយ តើរឿងហ្នឹងវាយ៉ាងម៉េច អីយ៉ាងម៉េច? ហើយឥឡូវគណៈកម្មាធិការរបស់ខ្ញុំកំពុងតែសិក្សា។ ខ្ញុំមិនអាចនិយាយ... និយាយក្នុងនាមបុគ្គលអីចឹង ខ្ញុំមិននិយាយទេ ព្រោះគណៈកម្មាធិការគាត់សិក្សាក្នុងនាមស្ថាប័ន។ អីចឹងនៅពេលដែលគាត់ធ្វើរបាយការណ៍ហ្នឹងហើយបានដឹងថា ជំហររបស់ព្រឹទ្ធសភាយ៉ាងម៉េច?»
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ មានប្រសាសន៍កាលពីសប្តាហ៍មុនថា អង្គសភាបានសម្រេចផ្តល់សេចក្តីយល់ព្រមឲ្យមានវិសោធនកម្មនៃរដ្ឋធម្មនុញ្ញនិងក្រមព្រហ្មទណ្ឌកម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ការលើកឡើងរបស់ក្រុមគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែនផ្ទុយទៅនឹងអ្វីដែលក្រុមអ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជានិងអ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញ។ ពួកគេនិយាយថា កិច្ចខិតខំកែមាត្រាជាច្រើននៃរដ្ឋធម្មនុញ្ញកម្ពុជានេះគឺជាផ្នែកមួយនៃការរក្សាអំណាចរបស់គណបក្សគ្រប់គ្រងប្រទេស ដោយមិនបានតម្កល់ប្រយោជន៍ប្រជាជនជាធំនោះទេតែបានពង្រីកឥទ្ធិពលនយោបាយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ទោះយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភារបស់គណបក្សជំទាស់គឺគណបក្សភ្លើងទៀន អះអាងថា ពួកគាត់មិនគាំទ្រការលើកយកវិសោធនកម្មច្បាប់ធំៗទាំងពីរនេះមកធ្វើការពិភាក្សាក្នុងព្រឹទ្ធសភានោះទេ។
លោក ទាវ វណ្ណុល សមាជិកគណៈកម្មការសិទ្ធិមនុស្សរបស់ព្រឹទ្ធសភាមកពីគណបក្សភ្លើងទៀន ថ្លែងថា រដ្ឋសភាដែលបានអនុម័តវិសោធនកម្មច្បាប់ធំៗទាំងពីរគឺមិនមានសំឡេងគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញបានទេ បន្ទាប់ពីការរំលាយចោលគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។
សមាជិកព្រឹទ្ធសភារូបនេះបានបញ្ជាក់ប្រាប់ VOA ឲ្យដឹងបន្ថែមថា លោកនឹងចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅថ្ងៃអង្គារខាងមុខ តែលោកមិនគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌដែលបានទទួលការគាំទ្រជាឯកច្ឆន្ទពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិចនោះទេ។ លោកអះអាងថា ការធ្វើវិសោធនកម្មទាំងអស់នេះមានបំណងបម្រើប្រយោជន៍របស់គណបក្សនយោបាយនិងមានលក្ខណៈសង្កត់សង្កិនសិទិ្ធសេរីភាព។
«ពីមុនធ្វើវាអត់កើត ព្រោះវាអត់មានសំឡេងគ្រប់ តែឥឡូវដោយសារសំឡេងរបស់គណបក្សសង្គ្រោះជាតិត្រូវបានគេរំលាយ។ ហើយសំឡេងគណបក្សថ្មី... ជាគណបក្សដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតឲ្យ... អាហ្នឹងខ្ញុំមិនដឹងថា គេយល់យ៉ាងម៉េចបានគេអនុម័តច្បាប់ហ្នឹង។ អាហ្នឹងជាបំណងរបស់គណបក្សផ្សេងទៀត។ អាហ្នឹងខ្ញុំមិនដឹង ខ្ញុំមិនអាចនិយាយជួសបានទេ។ ប៉ុន្តែគ្រាន់តែចង់និយាយថា គោលបំណងគឺវាអត់មានអីក្រៅពីគេចង់ធ្វើការរឹតត្បិត តែប៉ុណ្ណឹងណ៎ា»!
ខ្លឹមសារនៃមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដែលត្រូវបានព្រាងសម្រាប់ធ្វើវិសោធនកម្មនោះ ត្រូវបានអង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលរាយការណ៍ ថា មានគោលដៅចម្បងការពារមុខមាត់ប្រទេសកម្ពុជានិងប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ តួយ៉ាងមាត្រា៤២ថ្មីបានសរសេរថា៖
«គណបក្សនយោបាយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទេ ទោះដោយផ្ទាល់ឬដោយប្រយោលក្តី ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ»។
មាត្រា៥៣ថ្មីបានសរសេរថា «ព្រះរាជាណាចក្រកម្ពុជាប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះក្រោមរូបភាពណាក៏ដោយ»។
មាត្រា៤៣៧ស្ទួនដែលត្រូវបានបង្កើតឡើងសម្រាប់ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងដែលត្រូវបានអនុម័តដោយសភាសរសេរថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ពី១០លានរៀលទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភានឹងពិនិត្យហើយសម្រេចសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មផ្សេងៗទៀត រួមមានសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាមួយចំនួន ទាក់ទិនការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញនិងការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលបានទទួលការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាជាតិកាលពីសប្តាហ៍មុន៕