គណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតុលាការកាលពីថ្ងៃព្រហស្បតិ៍បានអនុម័តសំណើព្រៀងច្បាប់របស់គណបក្សទាំងពីរដែលនឹងការពារពីការបណ្តេញចេញដោយបំពានរដ្ឋអាជ្ញាពិសេសដែលកំពុងស៊ើបអង្កេតករណីជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦។
សំណើព្រៀងច្បាប់នេះបានទទួលសំឡេងគាំទ្រ១៤ទល់នឹង៧សំឡេងដែលនឹងអនុញ្ញាតឲ្យក្រសួងយុត្តិធម៌ចេញបទបញ្ញាត្តិមួយថាមានតែរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឬអ្នកតំណាងតែងតាំងដោយរដ្ឋមន្ត្រីតែប៉ុណ្ណោះដែលមានអំណាចបណ្តេញរដ្ឋអាជ្ញាពិសេសបានលើបទចោទ«មានកំហុស មិនគោរពកាតព្វកិច្ច អសមត្ថភាព ទំនាស់ផលប្រយោជន៍បុគ្គល ឬបង្កបញ្ហាផ្សេងទៀត»។
សំណើនេះនឹងផ្តល់ការពារពារបន្ថែមដល់ការិយាល័យរដ្ឋអាជ្ញាពិសេស ដែលបច្ចនុប្បន្នដឹកនាំដោយលោក Robert Mueller ដែលនឹងអនុញ្ញាតឲ្យលោកស្នើទៅតុលាការឲ្យត្រួតពិនិត្យភ្លាមៗប្រសិនបើមានការណ្តេញចេញ និងតម្រូវឲ្យលោករាយការណ៍ទៅសភាជំនួសឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អំពីការរកឃើញរបស់លោកក្នុងករណីស៊ើបអង្កេតនេះ។
ច្បាប់នេះត្រូវបានស្នើឡើងដោយសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យពីររូបនិងគណបក្សសាធារណៈរដ្ឋពីររូបកាលពីពីរសប្តាហ៍កន្លងទៅ បន្ទាប់ពីមានការរិះគន់របស់លោកប្រធានាធិបតី Donald Trump ចំពោះការវាយឆ្មក់ចូលឆែកឆេររបស់កងកម្លាំងFBIទៅក្នុងកន្លែងស្នាក់នៅ និងជាការិយាល័យរបស់មេធាវីផ្ទាល់ខ្លួនរបស់លោក ដែលការណ៍នេះបណ្តាលឲ្យការិយាល័យរដ្ឋអាជ្ញាពិសេសមានការព្រួយបារម្ភថា លោក Trump ប្រហែលនឹងបណ្តេញ ឬបញ្ជាឲ្យដកតំណែងលោក Mueller។
លោក Mueller កំពុងដឹកនាំដំណើរការស៊ើបង្កេតសហព័ន្ធនៅក្នុងករណីជ្រៀតជ្រែករបស់រុស្ស៊ីក្នុងប្រព័ន្ធបោះឆ្នោតសហរដ្ឋអាមេរិក និងអាចមានការឃុបឃិតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump។ លោក Trump ធ្លាប់បាននិយាយថាគ្មានការឃុបឃិត និងបានចោទប្រកាន់ដំណើរស៊ើបអង្កេតនេះថាជាការ«ធ្វើទុក្ខបុកម្នេញ»លើរដ្ឋបាលរបស់លោក៕