គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​របស់​ព្រឹទ្ធសភា​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ ដើម្បី​ទប់ស្កាត់​ការ​ចូល​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​របស់​ស.រ.អា

លោក Richard Burr ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​ឈរ​ជាមួយ​​នឹង​សមាជិក​ផ្សេង​ទៀត​ ខណៈ​ពេល​ដែល​លោក​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អំពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត និង​ការ​ផ្តល់​អនុសាសន៍​នានា​ស្តី​ពី​ការ​គំរាម​កំហែង​ចំពោះ​ប្រព័ន្ធ​បោះឆ្នោត នៅ​វិមាន​សភា Capitol Hill រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​របស់​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃអង្គារ​បាន ណែនាំ​ឲ្យ​សភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​ជា​បន្ទាន់​ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ជួយ​ដល់​រដ្ឋ​នានា​ ដែល​កំពុង​ព្យាយាម​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចូល​លួច​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ប្រព័ន្ធ​បោះឆ្នោត​របស់​ពួកគេ​ ដូច​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦។

សេចក្តី​ព្រាង​ច្បាប់​ថ្មី​ត្រូវ​ដាក់​បញ្ជូល​ក្នុង​សេចក្តី​ណែនាំ​នានា​របស់​គណៈកម្មាធិការ​ដើម្បី​ការពារ​ការចូល​លួច​តាម​ប្រព័ន្ធ​អ៊ីធឺណិត​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក។ សេចក្តី​ណែនាំ​ទាំងនោះ​ត្រូវ​បាន​ដាក់​បញ្ជូល​នៅក្នុង​ការ​រក​ឃើញ​របស់​គណៈកម្មាធិការ​បន្ទាប់​ពី​បាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ដើម្បី​ស៊ើបអង្កេត​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ ដែល​បាន​វាយប្រហារ​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត​របស់​សហរដ្ឋអាមេរិក​នៅ​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ឆ្នាំ២០១៦។ ​

សេចក្តី​ណែនាំ​ទាំងនោះ​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​បង្កើត​ប្រព័ន្ធ​ទាក់ទង​ផ្សេងៗ​រវាង​រដ្ឋាភិបាល​សហព័ន្ធ​ រដ្ឋាភិបាល​តាម​រដ្ឋ​ និង​មន្ត្រី​ក្នុង​តំបន់​ និង​ថា​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ត្រូវ​តែ​ចែង​ឲ្យ​ច្បាស់​ថា​ការ​វាយប្រហារ​លើ​ការ​បោះឆ្នោត​គឺ​ជា​សត្រូវ​របស់​សហរដ្ឋអាមេរិក​ ហើយ​ទីភ្នាក់ងារ​ទទួល​បន្ទុក​នានា​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់‍»។

ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​ឲ្យ​ដឹង​ថា​ ទីភ្នាក់ងារ​រុស្ស៊ី​បាន​ដាក់​គោលដៅ​វាយប្រហារ​លើ​ប្រព័ន្ធ​បោះឆ្នោត​នៅក្នុង​រដ្ឋ​ចំនួន២១​ នៅមុន​ការ​បោះឆ្នោត​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ២០១៦​ និង​បាន​ចូល​ជ្រៀតជ្រែក​នៅក្នុង​យុទ្ធនាការ​តាម​បណ្តាញសង្គម​ ដោយ​បាន​បង្កើត​ឲ្យ​មាន​ការ​ភាន់ច្រឡំ​និង​បញ្ឆេះ​ឲ្យ​មាន​ជម្លោះ​នៅក្នុង​ប្រទេស​ផងដែរ៕