សមាជិកព្រឹទ្ធសភាអាមេរិក និងពលរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានស្តាប់ភាគីទាំងសងខាងនៃការចោទប្រកាន់នៅព្រឹទ្ធសភាប្រឆាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំខណៈប្រធានអង្គសវនាការព្រឹទ្ធសភានិងមេធាវីការពារលោកប្រធានាធិបតីផ្តល់អំណះអំណាងចុងបញ្ចប់។
ការបោះឆ្នោតចុងក្រោយនៅព្រឹទ្ធសភាដើម្បីសម្រេចថាតើត្រូវដកឬមិនដកលោក ដូណាល់ត្រាំចេញពីតំណែងនោះរំពឹងថានឹងធ្វើនៅម៉ោង៤រសៀលថ្ងៃពុធ។
នៅពេលការកាត់ក្តីជិតដល់ទីបញ្ចប់ លោក ត្រាំ គ្រោងនឹងថ្លែងសុន្ទរកថាប្រចាំឆ្នាំ State of the Union ទៅកាន់គណៈកម្មការចម្រុះរបស់សភានៅយប់ថ្ងៃអង្គារម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន។
ដោយឆ្លៀតឱកាសចុងក្រោយរបស់លោកដើម្បីបកស្រាយប្រាប់សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ និងសម្រាប់ប្រវត្តិសាស្រ្តដើម្បីឲ្យពិចារណាឡើងវិញនូវការសម្រេចចិត្តឲ្យលោកប្រធានាធិបតី ត្រាំ រួចពីការចោទប្រកាន់ លោក Adam Schiff តំណាងរាស្ត្ររដ្ឋកាលីហ្វ័រញ៉ាដែលជាប្រធានគណៈកម្មការចោទប្រកាន់បានរៀបរាប់សុន្ទរកថាសង្ខេបរបស់គាត់ដោយសួរចំៗថាតើព្រឹទ្ធសភាអាចទុកចិត្តលោកត្រាំបានទេ? លោក Schiff បានមានប្រសាសន៍ថា «ចម្លើយខ្លីសាមញ្ញគួរឲ្យសោកស្តាយមិនគួរឱ្យជឿគឺអត់ទេ មិនអាចទុកចិត្តបានទេ។ អ្នកមិនអាចទុកចិត្តថា ប្រធានាធិបតីនេះធ្វើអ្វីដែលត្រឹមត្រូវទេ សូម្បីមួយនាទី មិនមែនសម្រាប់ការបោះឆ្នោត មិនមែនដើម្បីប្រយោជន៍ប្រទេសយើងទេ។ អ្នកមិនអាចទុកចិត្តបានទេ។ គាត់នឹងមិនផ្លាស់ប្តូរទេ ហើយអ្នកក៏ដឹងដែរ»។ លោកបានបន្ថែមថា «មនុស្សដែលគ្មានចរិតលក្ខណៈ ឬទស្សនវិស័យក្រមសីលធម៌ គឺមិនអាចរកឃើញផ្លូវល្អទេ»។
លោក Schiff បានព្រមានថា «ការឲ្យលោកត្រាំរួចពីការចោទប្រកាន់នឹងធ្វើឱ្យការរំលោភអំណាចដែលលោក ត្រាំ បានប្រព្រឹត្តក្លាយជារឿងធម្មតា ហើយលោកថា ព្រឹទ្ធសភាទំនងនឹងបដិសេធមិនធ្វើអ្វីនោះទេ ក្រៅពីក្តោបដៃរបស់ខ្លួន។ យើងបូងសួង និងសង្ឃឹមថា យើងមិនមានប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដូចលោក ដូណាល់ ត្រាំ ទេ»។
លោកត្រាំអាចរួចពីការចោទប្រកាន់ ប៉ុន្តែវាមិនទាន់ប្រាកដនោះទេ។ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋមួយចំនួនបានចាប់ផ្តើមទទួលស្គាល់ថា ការដាក់សម្ពាធនយោបាយរបស់លោក ត្រាំ ឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលោក Joe Biden ដើម្បីផលប្រយោជន៍នយោបាយលោកនោះគឺមិនសមរម្យ ឬខុសឆ្គង។ ប៉ុន្តែពួកគេភាគច្រើននិយាយថា សកម្មភាពរបស់លោកត្រាំទោះជាមិនត្រឹមត្រូវក៏ដោយក៏មិនដល់ថ្នាក់ត្រូវដកលោកចេញពីតំណែងប្រធានាធិបតីដែរ។ មេធាវីរបស់លោកត្រាំបានជំរុញឱ្យសមាជិកព្រឹទ្ធសភាទុកឱ្យអ្នកបោះឆ្នោតសម្រេច៕