គណៈ​កម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​សំណើ​តែង​តាំង​លោក​ Kavanaugh​ ជា​ចៅ​ក្រម​តុលាការ​កំពូល

លោក Brett Kavanaugh ដែល​ត្រូវ​បាន​តែង​តាំង​ជាង​ចៅក្រម​តុលាការ​កំពូល​ ស្បថ​ចូល​កាន់​តំណែង​​មុន​ពេល​ធ្វើ​សក្ខីកម្ម​នៅ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ នៅ​វិមាន​កាពីតូល​ កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា ២០១៨។

គណៈ​កម្មាធិការ​យុត្តិធម៌​នៃ​ព្រឹទ្ធសភា​អាមេរិក​ គ្រោង​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ម៉ោង​ក្នុង​សហរដ្ឋ​អាមេរិក ទៅ​លើ​សំណើ​តែង​តាំង​លោក ​Brett Kavanaugh​ ជា​ចៅ​ក្រម​តុលាការ​កំពូល ​បន្ទាប់​ពី​បើក​សវនាការ​ស្ដាប់​កសិណ​សាក្សី​ដ៏​រំជួល​ចិត្ត​ពេញ​មួយ​ថ្ងៃ​ពី​លោក​ចៅក្រម​នៃ​សាលាឧទ្ធរណ៍​រូប​នេះ ​និង​ពី​អ្នក​ស្រី​បណ្ឌិត ​Christine Blasey Ford ជា​ស្ត្រី​ដែល​បាន​ចោទ​ប្រកាន់​លោក​ចៅក្រម​ ពី​បទ​បំពាន​ផ្លូវ​ភេទ​លើ​រូប​លោក​ស្រី។

សមាជិក​ព្រឹទ្ធសភា​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន​១១​រូប​ និង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​១០​រូបនៅ​ក្នុង​គណៈកម្មាធិការ​នេះ ​នឹង​សម្រេច​ថា​តើ​ពួក​គេ​ នឹង​ស្នើ​ឱ្យ​ព្រឹទ្ធសភា​ទាំង​មូល​ អនុម័ត​លើ​បេក្ខភាព​របស់​លោក​ Kavanaugh ​ដែរ​ឬ​អត់។ ព្រឹទ្ធសភា​ត្រូវ​គេ​រំពឹង​ថា​ នឹង​បើក​ផ្តើម​បោះឆ្នោត​លើ​នីតិវិធី​ផ្សេងៗ​នៅ​ថ្ងៃ​សៅរ៍​ ស្អែក​នេះ។

​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សមាគម​គណៈ​មេធាវី​អាមេរិក​បាន​ទទូច​ឱ្យ​គណៈ​កម្មាធិការ​យុត្តិធម៌​នៃ​ព្រឹទ្ធសភា​ ព្រម​ទាំង​ព្រឹទ្ធសភា​អាមេរិក​ទាំងមូល ​ពន្យារ​ពេល​បោះ​ឆ្នោត​រហូត​ដល់​ពេល​ដែល​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ ​FBI ​មាន​ពេល​គ្រប់គ្រាន់​ ដើម្បី​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ​ទៅ​លើ​ប្រវត្តិរូប​របស់​បេក្ខជន ​ទៅ​តាម​ការ​ការ​អះអាង​របស់​អ្នក​ស្រី ​Ford និង​ស្ត្រី​ផ្សេង​ទៀត។​

លិខិត​របស់​គណៈ​មេធាវី​អាមេរិក ផ្ញើ​ជូន​ថ្នាក់​ដឹកនាំ​គណៈ​កម្មាធិការ​យុត្តិធម៌​នៃ​ព្រឹទ្ធ​សភា​អាមេរិក ​បាន​សរសេរ​ថា​ «‍យើង​លើក​សំណើ​ឱ្យ​ពន្យារ​ពេល​បោះឆ្នោត​នេះ ដោយសារ​តែ​គណៈ​មេធាវី​គោរព​នីតិរដ្ឋ ​និង​នីតិវិធី​ផ្លូវ​ច្បាប់។​ រាល់​ការ​តែងតាំង​បេក្ខជន​ណា​ម្នាក់​ឱ្យ​កាន់​តំណែង​ក្នុង​ស្ថាប័ន​តុលាការ​ខ្ពស់​បំផុត​របស់​ជាតិ​នេះ ​មាន​សារៈ​សំខាន់​មែន​ទែន​ រហូត​ដល់​មិន​អាច​ប្រញិប​ប្រញាប់​បោះ​ឆ្នោត​ភ្លាមៗ​បាន​នោះ​ទេ»។

​ក្រោយ​ពី​អ្នក​ស្រី​ Ford ​និង​លោក​ Kavanaugh ​បាន​ថ្លែង​រៀប​រាប់​រឿង​រ៉ាវ​របស់​ពួកគេ​រៀងៗ​ប្រាប់​គណៈ​កម្មាធិការ​យុត្តិធម៌​នៃ​ព្រឹទ្ធសភា ​ក្នុង​ពេល​សវនាការ​ជិត​៩​ម៉ោង​កាល​ពី​ម្សិលមិញ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ប្រាកដ​ទេ​ថា​តើ​សមាជិក​ព្រឹទ្ធ​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​និង​មាន​សំឡេង​ឆ្នោត​គ្រប់​គ្រាន់ សម្រាប់​បេក្ខជន​ដែល​ពួកគេ​បាន​តែងតាំង​នោះ​ដែរ​ឬ​ទេ។

ក្នុង​ពេល​សវនាការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក ​Kavanaugh ​បាន​បដិសេធ​ទាំង​កំហឹង​ លើ​ការ​ចោទ​ប្រកាន់​ថា​ រូប​លោក​បាន​បំពាន​ផ្លូវ​ភេទ​អ្នកស្រី ​Ford ​នៅ​ឯ​ពិធី​ជប់​លៀង​មួយ​កាល​ពី​ឆ្នាំ​១៩៨២ ​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​នៅ​ក្នុង​វ័យ​ជំទង់​នោះ៕