អ្នកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភាអាមេរិក បានបញ្ចេញលទ្ធផលនៃការធ្វើតេស្ត DNA របស់អ្នកស្រី កាលពីព្រឹកថ្ងៃចន្ទ ដែលបង្ហាញថា អ្នកស្រីមានឈាមជ័រជាជនជាតិដើមអាមេរិកាំង។ ការបញ្ចេញលទ្ធផលតេស្ត DNA នេះ ហាក់ដូចជាដើម្បីយកឈ្នះលើការវាយប្រហារនានានៅពេលខាងមុខ ប្រសិនបើអ្នកស្រីសម្រេចចិត្តថានឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០នោះ។
អ្នករិះគន់អ្នកស្រី Warren ដែលរួមទាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ ផងនោះ ជារឿយៗបានចោទប្រកាន់អ្នកស្រីថាកុហកអំពីឈាមជ័ររបស់ខ្លួនដើម្បីជួយឲ្យការងាររីកចម្រើនទៅមុខ។
នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើគេហទំព័ររបស់អ្នកស្រី អ្នកស្រីបានអង្គុយនៅតុធ្វើការរបស់ខ្លួន ហើយបានទូរស័ព្ទទៅអ្នកជំនាញខាងហ្សែន ដែលធ្វើតេស្ត DNA របស់អ្នកស្រី។
លោក Carl Bustamante សាស្ត្រាចារ្យខាងហ្សែននៃសាកលវិទ្យាល័យ Harvard និងជាទីប្រឹក្សានៃក្រុមហ៊ុនធ្វើតេស្តហ្សែន Ancestry.com និងក្រុមហ៊ុន 23 and Me បាននិយាយថា «ការពិតបង្ហាញថា អ្នកស្រីពិតជាមានឈាមជ័រជាជនជាតិដើមអាមេរិកាំងប្រាកដមែន»។
ក្រោយមក លោក Bustamante បាននិយាយនៅក្នុងវីដេអូមួយថា អត្រាកំហុសឆ្គង ដែលកើតចេញពីការធ្វើតេស្តរបៀបនេះ គឺមានមិនដល់មួយផងក្នុង១០០០ករណី។
នៅក្នុងការប្រមូលផ្តុំសាធារណៈមួយនៅរដ្ឋ Montana កាលពីរដូវក្តៅឆ្នាំមុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបរិច្ចាគប្រាក់ចំនួនមួយលានដុល្លារដល់មជ្ឈមណ្ឌលសប្បុរសធម៌មួយ ប្រសិនបើអ្នកស្រី Warren ធ្វើតេស្ត DNA ដើម្បីបង្ហាញថា អ្នកស្រីគឺមានឈាមជ័រជាជនជាតិដើមអាមេរិកាំងនោះ។
លោក ត្រាំ បានឆ្លើយតបវិញកាលពីថ្ងៃ ចន្ទ ទៅកាន់អ្នកកាសែតដែលបានសួរលោកអំពីការភ្នាល់គ្នានេះថា «នរណាទៅខ្វល់? ខ្ញុំមិនបាននិយាយអីចឹងទេ។ អ្នកគួរតែអានវាឡើងវិញម្តងទៀត»៕