អ្នកជំនាញមួយចំនួនលើកឡើងថា កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី ដែលបានធ្វើឡើងនៅក្នុងជំនួបកំពូលនៅកន្លែងសម្រាកលំហែកាយប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិកនាពេលថ្មីៗកន្លងទៅនេះរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អាចធ្វើឱ្យប្រទេសចិនមានការខឹងសម្បានិងសងសឹកទៅលើកូរ៉េខាងត្បូង ដោយចាត់វិធានការមួយចំនួនដូចផ្នែកយោធានិងសេដ្ឋកិច្ចជាដើម។
ភាពមិនសប្បាយចិត្តរបស់ចិនជុំវិញកិច្ចព្រមព្រៀងសេដ្ឋកិច្ចនិងសន្តិសុខដែលរដ្ឋាភិបាលក្រុងសេ អ៊ូលធ្វើឡើងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងតូក្យូ នៅឯជំនួបកំពូលក្នុងកន្លែងសម្រាកលំហែកាយ Camp David សហរដ្ឋអាមេរិក បានផ្តល់លទ្ធភាពឱ្យចិន អាចឆ្លើយតបជាមួយនឹងវិធានការយោធានិងសេដ្ឋកិច្ចដោយបង្ខំមួយប្រឆាំងនឹងកូរ៉េខាងត្បូង។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញមួយចំនួន។
ក្នុងកិច្ចប្រជុំកាលពីជាង២សប្តាហ៍កន្លងទៅនេះ នៅកន្លែងលំហែកាយប្រធានាធិបតីអាមេរិក Camp David កូរ៉េខាងត្បូងបានយល់ស្របជាមួយសហរដ្ឋអាមេរិកនិងជប៉ុនដើម្បីរៀបចំកិច្ចប្រជុំនេះឱ្យបានទៀតទាត់ក្នុងការអនុវត្តនូវវិធានការសេដ្ឋកិច្ចនិងសន្តិសុខនិងធ្វើឱ្យទំនាក់ទំនងត្រីភាគីនេះកាន់តែជិតស្និទ្ធខ្លាំងជាងពេលណាៗទាំងអស់។
ក្នុងសេចក្តីថ្លែងការណ៍ មេដឹកនាំនៃប្រទេសទាំង៣បានគូសបញ្ជាក់ឡើងវិញពី«សារៈសំខាន់នៃស្ថិរភាពនិងសន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។
រដ្ឋាភិបាលក្រុងប៉េកាំង ជារឿយៗបានព្រមានដល់រដ្ឋាភិបាលកូរ៉េខាងត្បូងនិងរដ្ឋាភិបាលជប៉ុនថាមិនត្រូវពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់នោះឡើយ។
លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់ប៉ាស៊ីហ្វិកនិងអាស៊ីខាងកើតបានថ្លែងប្រាប់សនិ្នសីទសារព័ត៌មានមួយកាលពីថ្ងៃទី២២ ខែសីហាកន្លងទៅនេះថា «វាជារឿងធម្មតាដែលយើងនឹងពិភាក្សាការព្រួយបារម្ភនិងបញ្ហាមួយចំនួនទាក់ទិននឹងសកម្មភាពដែលធ្វើឡើងដោយប្រទេសចិនដែលបង្កការបារម្ភដ៏សំខាន់ដល់ប្រទេសយើងទាំង៣ក៏ដូចជាប្រទេសផ្សេងៗដទៃទៀតក្នុងតំបន់ និងជុំវិញពិភពលោក។
ក្នុងសន្និសីទសារព័ត៌មាននោះ ក៏មានការចូលរួមពីលោក Kurt Campbell អ្នកសម្របសម្រួលសន្តិសុខជាតិសហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកបាននិយាយថា បរិយាកាសសន្តិសុខនៅអាស៊ីបានធ្វើឱ្យប្រទេសជប៉ុននិងកូរ៉េខាងត្បូង«មានអារម្មណ៍មិនស្រួល»។ លោកបានគូសបញ្ជាក់ពីនាវាចម្បាំងចិននិងរុស្ស៊ីកំពុងធ្វើប្រតិបត្តិការនៅលើផ្ទៃទឹកជិតប្រទេសជប៉ុន ការបង្កើនសកម្មភាពយោធាកាន់តែខ្លាំងរបស់ចិន ដែលលោកបានពណ៌នាថាជាការបង្កហេតុ និងការសាកល្បងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងជាដើម។
លោក Daniel Russel ដែលធ្លាប់ធ្វើជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់ប៉ាស៊ីហ្វិកនិងអាស៊ីខាងកើត ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Obama បាននិយាយថា «ចិនទំនងជាអាចបង្ខំដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកូរ៉េខាងត្បូង ប្រសិនបើខ្លួនជឿថារដ្ឋាភិបាលក្រុងសេអ៊ូលត្រូវបានប្រើឱ្យធ្វើជាបងធំ ក្នុងការធ្វើសម្បទានមួយចំនួន»។
លោកបន្តទៀតថា «ពុំមានអ្វីនៃការកាន់អំណាចក្នុងឆ្នាំទី១របស់រដ្ឋបាលលោក Yoon បង្ហាញពីយុទ្ធសាស្ត្រនោះថាបានផលឡើយ។ បើទោះជាយ៉ាងនេះក្តី ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងជឿថា ខ្លួនអាចកេងចំណេញលើការខ្វែងគំនិតគ្នារបស់កូរ៉េខាងត្បូងស្តីពីគោលនយោបាយ ដែលជារឿងធម្មតាមួយក្នុងសង្គមប្រជាធិបតេយ្យនោះ យើងប្រហែលជានឹងអាចមើលឃើញពីការកើនឡើងនៃការប្រឹងប្រែងបង្កើតព័ត៌មានមិនពិត និងឧបាយកលមួយចំនួនពីប្រទេសចិន»។
មនុស្សមួយចំនួនជឿជាក់ថា សក្តានុពលនៃភាពដ៏គឃ្លើនរបស់រដ្ឋាភិបាលក្រុងប៉េកំាងមិនមែនជារឿងតូចតាចនោះឡើយ»។
ខណៈពេលដែលកិច្ចព្រមព្រៀងត្រីភាគីនេះ ត្រូវដាក់ឱ្យអនុវត្តនោះ ចិនអាចចាប់ផ្តើមបញ្ជូននាវាមុជ ទឹកនិងនាវាចម្បាំងផ្សេងៗ ទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កូរ៉េខាងត្បូង នៅក្នុងស្ថាន ភាពឆ្លងកាត់ជាធម្មតា ដោយព្យាយាមបង្កើតសិទ្ធិរបស់ខ្លួននៅក្នុងតំបន់នោះ។ នេះបើតាមការបញ្ជាក់របស់លោក Bruce Bennett អ្នកវិភាគការការពារជាតិជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្ម RAND Corporation។
យន្តហោះរុស្ស៊ីនិងចិនជារឿយៗបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសកូរ៉េខាងត្បូងដែលក្នុងនោះក៏រួមមានកាលពីខែមិថុនាកន្លងទៅផងដែរ នៅពេលដែលកូរ៉េខាងត្បូងបានបញ្ជូនយន្តហោះប្រយុទ្ធរបស់ខ្លួន ដើម្បីបណ្តេញយន្តហោះទាំងនោះចេញពីដែនអាកាសរបស់ខ្លួន។
លោក David Maxwell អនុប្រធានមជ្ឈមណ្ឌលយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិកនិយាយថា «ប្រទេសចិនពិតជាធ្វើឱ្យកូរ៉េខាងត្បូងនិងជប៉ុនត្រូវតែធ្វើការរួមគ្នា គឺដូចជាកូរ៉េខាងជើង ជំរុញឱ្យប្រទេសទាំងពីរនេះងាកកាន់តែជិតទៅរកគ្នាផងដែរ និងធ្វើឱ្យប្រទេសទាំង២នេះរួមទាំងអាមេរិកផងដែរ ងាកទៅរកការបង្កើនទំនាក់ទំនងត្រីភាគីលើវិស័យសន្តិសុខនិងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធខ្លាំងថែមទៀត៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណរិទ្ធ