ប្រធាន​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​ចុះចេញ​ពី​តំណែង​ក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​លោក​អតីត​ប្រធានាធិបតី Trump

​ប្រធាន​កងការពារ​សន្តិសុខ​ប្រធានាធិបតីអ្នកស្រី Kimberly Cheatle ចូល​សវនាកាគណៈ​កម្មាធិការ​សភា

ប្រធាន​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​បាន​និយាយ​នៅថ្ងៃអង្គារ​ថា ​អ្នកស្រី​ចុះចេញ​ពី​តំណែង ​ក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​លោក​អតីត​ប្រធានាធិបតី Trump ​ដែល​បាន​នាំ​ឱ្យ​មាន​ការរិះគន់​យ៉ាងខ្លាំង​អំពី​បរាជ័យ​របស់​ទីភ្នាក់ងារ​ដែល​មាន​តួនាទី​ការពារ​ប្រធានាធិបតី ​និង ​អតីត​ប្រធានាធិបតី។

អ្នកស្រី Kimberly Cheatle ​ដែល​បាន​កាន់តំណែង​ជា​ប្រធាន​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​តាំងពី​ខែសីហា​ឆ្នាំ២០២២​មក ​បាន​រង​ការអំពាវនាវ​ឱ្យ​ចុះចេញ​ពី​តំណែង ​នៅពេលដែល​មាន​ការស៊ើបអង្កេត​មួយ​ចំនួន ​ដើម្បី​ស្វែងយល់​ថា ​តើ​ហេតុ​ដូចម្តេច ​បានជា​ខ្មាន់កាំភ្លើង​ម្នាក់ ​អាច​ចូល​ទៅ​ជិត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​ដល់​ថ្នាក់​ហ្នឹង ​នៅក្នុង​យុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត នៅ​កណ្តាល​វាល​មួយ ​ក្នុង​រដ្ឋ Pennsylvania។

អ្នកស្រី Cheatle បាន​និយាយ​នៅក្នុង​សារអ៊ីម៉ែល​មួយ ​ទៅកាន់​បុគ្គលិក​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន AP ​ទទួល​បាន​ថា៖​ «ខ្ញុំទទួលខុសត្រូវ​ទាំងស្រុង ចំពោះ​ការថ្លោះធ្លោយ​ផ្នែក​សន្តិសុខ‍។ ហើយ​អ្នកស្រី​បាន​ថ្លែង​ថា​ អ្នកស្រី​បានធ្វើការ​សម្រេច​ចិត្ត​យ៉ាងពិបាក​មួយ ​ដើម្បី​ចុះចេញ​ពី​តំណែង​ជា​ប្រធាន​កងការពារ​សន្តិសុខ»។

ការចុះចេញ​ពី​តំណែង​របស់​អ្នកស្រី Cheatle ​ប្រហែលជា​នឹង​មិន​បញ្ចប់​ការត្រួតពិនិត្យ​ទីភ្នាក់ងារ ​ដែល​មាន​បញ្ហា​ជា​យូរ​មក​ហើយ​នេះ​ទេ។ ក្រុម​សមាជិក​សភា​នៃ​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​បានសន្យា​ថា​នឹង​ធ្វើការ​ស៊ើបអង្កេត​ជាបន្ត។ ក្រៅពីនោះ​នៅមាន​ការស៊ើប​អង្កេត​ផ្សេងៗ​ទៀត ​ដែល​រួមមាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ ​របស់​គណបក្ស​ទាំងពីរ ​ដែល​លោក​ប្រធានាធិបតី ​Joe Biden ​បាន​ស្នើឡើង ​ដែល​នឹង​នាំ​ឱ្យ​ទីភ្នាក់ងារ​នេះ ​ស្ថិត​នៅ​ក្រោម​ការពិនិត្យមើល​យ៉ាងដិតដល់។

ការចុះចេញ​ពី​តំណែង​របស់​អ្នកស្រី Cheatle ​កើតឡើង​មួយថ្ងៃ​ក្រោយពី​អ្នកស្រី​ បាន​បង្ហាញខ្លួន​នៅ​ចំពោះមុខ​គណៈ​កម្មាធិការ​សភា​មួយ ​ហើយ​ត្រូវ​បាន​សមាជិក​រដ្ឋសភាគណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​រិះគន់​យ៉ាងខ្លាំង​អស់​ពេល​រាប់ម៉ោង​ ចំពោះ​បរាជ័យ​ខាងផ្នែក​សន្តិសុខ។ អ្នកស្រី​បាន​ហៅ​ការ​ប៉ុនប៉ង​ធ្វើឃាត​លោក Trump ​ថា​ជា​ «ការបរាជ័យ​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ប្រតិបត្តិការ‍» ​ក្នុង​រយៈពេល​រាប់សិប​ឆ្នាំ​ ហើយ​បាន​និយាយ​ថា ​អ្នកស្រី​ទទួល​ខុសត្រូវ​ទាំងស្រុង ​ចំពោះ​ការថ្លោះធ្លោយ​ផ្នែក​សន្តិសុខ​នេះ ក៏​ប៉ុន្តែ​អ្នកស្រី​បាន​ធ្វើ​ឱ្យ​សមាជិក​សភា​ខឹង ​ដោយ​មិនបាន​ឆ្លើយ​សំណួរ​មួយ​ចំនួន​អំពី​ការស៊ើបអង្កេត៕