ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្តិសុខ​ជា​ការ​ផ្តោត​សំខាន់ ខណៈ​បក្ស​សាធារណ​រដ្ឋ​បើក​មហាសន្និបាត​តែងតាំង​បេក្ខជន​ក្រោយ​ការ​បាញ់​លោក Trump


ប៉ូលិសម្នាក់ល្បាត​វេទិកា​ នៅ​មុន​មហាសន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ នៅទីក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ប៉ូលិសម្នាក់ល្បាត​វេទិកា​ នៅ​មុន​មហាសន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ នៅទីក្រុង Milwaukee រដ្ឋ Wisconsin កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

សន្តិសុខ​ជា​ការផ្តោត​អារម្មណ៍​យ៉ាងខ្លាំង​សម្រាប់​មហាសន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ​ នៅក្នុង​ទីក្រុង Milwaukee ​រដ្ឋ Wisconsin ​នៅ​សប្តាហ៍​នេះ ​ប៉ុន្តែ​បណ្តា​ទីភ្នាក់ងារ​ពង្រឹងច្បាប់​របស់​រដ្ឋាភិបាល​សហព័ន្ធ ​និយាយ​ថា ​ពួកគេ​គ្មាន​គម្រោង​ផ្លាស់ប្តូរ ​វិធានការ​សន្តិសុខ​យ៉ាងតឹងរ៉ឹង​ដែល​មាន​ជាស្រេច​ហើយ​នោះ​ទេ។

​អ្នកស្រី​ Audrey Gibson-Cicchino ​អ្នករៀបចំ​សន្តិសុខ​របស់​កងការពារ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​សម្រាប់​មហាសន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ ថ្លែងថា៖ «យើង​ជឿជាក់​លើ​ផែនការ​សន្តិសុខ​សម្រាប់​មហាសន្និបាត​នេះ ​ហើយ​យើង​រៀបចំ​រួចរាល់​អស់​ហើយ‍»។ អ្នកស្រី​បាន​ថ្លែងតាម​កញ្ចក់​ទូរទស្សន៍ ​កាលពី​ថ្ងៃអាទិត្យ ​ថា​៖​ «យើង​មិន​រំពឹង​ថា​នឹង​មាន​ការផ្លាស់ប្តូរ​អ្វី​ទាក់ទងនឹង​រឿង​ការពារ​សន្តិសុខ​ទេ‍»។

​អតីត​ប្រធានាធិបតី​លោក Trump ​បាន​ប្រាប់​កាសែត The Washington Examiner ​ថា ​សុន្ទរកថា​របស់​លោក​នៅក្នុង​មហាសន្និបាត​នៅ​ថ្ងៃព្រហស្បតិ៍ ​គ្រោង​នឹង​និយាយ​ខ្លាំងៗ ​ហើយ​នឹង​ផ្តោត​លើ​គោលនយោបាយ​របស់​លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden ​ប៉ុន្តែ​ឥឡូវនេះ ​នឹង​រួមមាន​ការអំពាវនាវ​ឱ្យ​មាន​ការបង្រួប​បង្រួម​ជាតិ។

លោក Trump ​បាន​ប្រាប់​កាសែត​នេះ​ថា​៖ «នេះ​ជាឱកាស​មួយ​ដើម្បី​បង្រួបបង្រួម​ប្រទេស​ទាំងមូល​ និង​ពិភពលោក​ទាំងមូល​ផងដែរ។ សុន្ទរកថា​នេះ​នឹង​ខុសគ្នា​ច្រើន​ណាស់ ​ខុសគ្នា​ច្រើន​ជាង​សុន្ទរកថា​ដែល​គ្រោង​កាលពី​ពីរថ្ងៃមុន‍»។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រទេស​ជាតិ មួយថ្ងៃបន្ទាប់ពីមាន​ការ​ប៉ុនប៉ងធ្វើឃាត​លើ​លោក Donald Trump នៅ​សេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រទេស​ជាតិ មួយថ្ងៃបន្ទាប់ពីមាន​ការ​ប៉ុនប៉ងធ្វើឃាត​លើ​លោក Donald Trump នៅ​សេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

កាលពី​ថ្ងៃអាទិត្យ ​លោក Biden ​បាន​ថ្លែង​ថា ​ការបាញ់​កាំភ្លើង​នោះ ​«ផ្ទុយ​ពី​អ្វីៗ​ទាំងអស់​ដែល​តំណាងឱ្យ​យើង​ ក្នុង​នាម​ជា​ប្រទេស​មួយ។ យើង​មិនមែន​អ៊ីចឹង​ទេ ​ក្នុង​នាម​ជា​ប្រទេស​មួយ។ អាមេរិកាំង​មិនមែន​អ៊ីចឹង​ទេ។ ហើយ​យើង​មិន​អាច​អនុញ្ញាត​ឱ្យ​រឿង​នេះ​កើត​ឡើង​បាន​ទេ‍»។

លោក​បាន​ប្តេជ្ញា​ថា ​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​នឹង​ផ្តល់ជូន​លោក Trump ​នូវ​ «ធនធាន​សមត្ថភាព ​និង ​វិធានការ​សន្តិសុខ​ទាំងអស់ ​ដែល​ចាំបាច់ ​ដើម្បី​ធានា​សុវត្ថិភាព​របស់​លោក​ជាបន្ត‍»។

លោក Biden ​ក៏​បាន​ថ្លែង​ដែរ​ថា​ លោក​រំពឹង​ថា ​គណបក្ស​សាធារណរដ្ឋ ​នៅ​សប្តាហ៍​នេះ ​នឹង​រិះគន់​សមិទ្ធផល​របស់​លោក ​ហើយនឹង​ប្រកាស​អំពី​ទស្សនៈ​របស់ខ្លួន ​សម្រាប់​ប្រទេស​ជាតិ ​ហើយ​ថា ​លោក​នឹង​ប្រើប្រាស់​កម្មវិធី​ផ្ទាល់ខ្លួន​របស់​លោក ​នៅ​សប្តាហ៍​នេះ ​ដើម្បី​លើក​តម្កើង​កិច្ចការ​របស់​រដ្ឋបាល​លោក​ផង​ដែរ។

លោក Biden ​បាន​ថ្លែង​ថា៖​ «ខ្ញុំ​នឹង​បន្ត​និយាយ​យ៉ាង​ខ្លាំងៗ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​របស់​យើង​ និង​នីតិរដ្ឋ ​ដើម្បី​អំពាវនាវ​ឱ្យ​មនុស្ស​នាំគ្នា​ធ្វើសកម្មភាព​នៅ​កន្លែង​បោះឆ្នោត ​មិនមែន​ធ្វើ​អំពើ​ហិង្សា​នៅតាម​ផ្លូវ​យើង​ទេ‍»។

ជនសង្ស័យ

ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ ​FBI ​បាន​និយាយ​ថា ​ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ម្នាក់​ហើយ ​ប៉ុន្តែ​នៅមិន​ទាន់​អាចសន្មត​អំពី​អ្វី​ដែល​ជំរុញឡើង ​នៅក្នុង​ការប៉ុនប៉ង​ធ្វើឃាត​ នៅក្នុង​ការជួបជុំ​អ្នកគាំទ្រ​របស់​លោក Trump ​កាលពី​ថ្ងៃសៅរ៍ ​នៅ​ទីក្រុង ​Butler ​រដ្ឋ Pennsylvania។

FBI ​បាន​និយាយ​ថា​ បុរស​អាយុ​ ២០ ឆ្នាំ​ ឈ្មោះ Thomas Matthew Crooks ​ដែល​ជា​អ្នកស្រុក​ Bethel Park​ រដ្ឋ ​Pennsylvania ​ជា ​«ជនសង្ស័យ​ពាក់ព័ន្ធ‍»​ នៅក្នុង​ការបាញ់បោះ​កាលពី​ថ្ងៃសៅរ៍​នោះ។ អ្នកឈរ​នៅ​ខាងក្រៅ​បរិវេណ​សន្តិសុខ ​នៅ​កន្លែង​លោក ​Trump ​ថ្លែង​នោះ ​បាន​និយាយ​ថា​ ពួកគេ​បាន​ស្រែក​ប្រាប់​ប៉ូលិស ​ប៉ុន្តែ​អត់មាន​អ្នកណាឮ ​នៅពេល​ដែល​ពួកគេ​បាន​ឃើញ​ខ្មាន់កាំភ្លើង​លូន​លើ​ដំបូល​អគារ​មួយនៅក្បែរ​នោះ ​ដោយ​មាន​អាវុធ​មួយ​ដើម។

ខ្មាន់កាំភ្លើង​នោះ​បាន​បាញ់កាំភ្លើង​ជាច្រើន​គ្រាប់ ​ប៉ះត្រូវ​ត្រចៀក​ស្តាំ​របស់​លោក Trump​ ហើយ​បាន​សម្លាប់​អ្នកចូលរួម​ម្នាក់ ​និង​បណ្តាល​ឱ្យ​មនុស្ស​ពីរនាក់​ទៀត​របួស​ មុន​អ្នកបាញ់ស៊ីប​ម្នាក់​របស់​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​បាន​បាញ់​សម្លាប់​ជនសង្ស័យ​នោះ។ កាំភ្លើង ​AR-15 ​មួយ​ដើម​ ត្រូវ​បាន​រកឃើញ​នៅក្បែរ​សព​ជនសង្ស័យ។

យុវជន ​Crooks ​ដែល​បាន​រៀន​ចប់​វិទ្យាល័យ​ កាលពី​ពីរឆ្នាំ​មុន​នោះ ​បាន​ធ្វើការ​ជា​អ្នកជំនួយ​ខាង​អាហារូបត្ថម្ភ​ម្នាក់​ នៅ​កន្លែង​ស្តារ​នីតិសម្បទា​ Bathel Park Skilled Nursing and Rehabilitation Center។

បុរស​នេះ​បាន​ចុះឈ្មោះ​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ។ ប៉ុន្តែ​ពេល​គាត់​មាន​អាយុ​ ១៧ ​ឆ្នាំ​ Crooks ​បាន​ធ្វើ​វិភាគទាន​ចំនួន ​១៥ ​ដុល្លារ ​ឱ្យ​អង្គការ ActBlue ​ដែល​ជា​គណៈ​កម្មាធិការ​នយោបាយ​មួយ ​ដែល​រៃអង្គាស​ប្រាក់​សម្រាប់​អ្នកនយោបាយ​និយម​ឆ្វេង ​និង​អ្នកនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ។​ នេះបើតាម​ឯកសារ​ដែល​ដម្កល់​នៅ​គណៈ​កម្មការ​បោះឆ្នោត​សហព័ន្ធ​ឆ្នាំ​ ២០២១។​

រូបថតរបស់ជនសង្ស័យឈ្មោះ Thomas Matthew Crooks ពេលរៀន​នៅវិទ្យាល័យ Bethel Park។ (Bethel Park School District via AP)
រូបថតរបស់ជនសង្ស័យឈ្មោះ Thomas Matthew Crooks ពេលរៀន​នៅវិទ្យាល័យ Bethel Park។ (Bethel Park School District via AP)

ភរិយា​របស់​លោក Trump ​គឺ​អ្នកស្រី​ Melania Trump ​ដែល​មិនមាន​វត្តមាន​នៅក្នុង​ការជួបជុំ​ឃោសនា​នោះ ​បាន​និយាយ​នៅក្នុង​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ កាលពី​ថ្ងៃអាទិត្យ​ថា​៖ «បីសាចដែល​បាន​ដឹង​ថា​ស្វាមី​របស់​ខ្ញុំ​ជា​ម៉ាស៊ីន​នយោបាយ​លើស​មនុស្ស​ធម្មតា​បាន​ព្យាយាម​បញ្ចប់​ចំណង់​ចំណូលចិត្ត​របស់​លោក​ Donald ​សំណើច​ ភាពប៉ិនប្រសប់ ​និង​ការស្រឡាញ់​តន្ត្រី និង​ការបំផុស​គំនិត​របស់​លោក។ ចំណុចស្នូល​នៃ​ជីវិត​របស់​ស្វាមី​ខ្ញុំ​ ផ្នែក​មនុស្សធម៌​របស់​លោក​ ត្រូវ​បាន​កប់​នៅ​ជាមួយ​នឹង​ម៉ាស៊ីន​នយោបាយ»។

អ្នកស្រីបាន​បន្ថែម​ថា៖ «សម្រាប់​អ្នក​ដែល​យំ​ដោយ​ការ​គាំទ្រ ​ខ្ញុំ​សូម​អរគុណ។ ខ្ញុំ​សូម​កោត​សរសើរ​អ្នក​ដែល​បាន​ឈាន​ហួស​ពី​ការបែកបាក់​នយោបាយ។ ​សូម​អរគុណ​អ្នក​ដែល​បាន​ចងចាំ​ថា​អ្នកនយោបាយ​ម្នាក់ៗ​គឺជា​បុរស ​ឬ​ស្ត្រី ​ដែល​មាន​គ្រួសារ​ដែល​ជាទី​ស្រឡាញ់»។

នៅក្នុង​សារបង្ហោះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ លោក Trump ​បាន​និយាយ​ថា​ លោក​ «មិនអីទេ»។ លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ កាលពី​ល្ងាច​ថ្ងៃសៅរ៍។
ឧប្បត្តិហេតុ​បាញ់​ប្រហារ ​បាន​ចោទ​ជា​សំណួរ​ភ្លាមៗ​អំពី​កម្រិត​នៃ​ការការពារ​ដែល​សេវា​សម្ងាត់ផ្តល់​ដល់​លោក Trump ​ទោះបីជា​ទីភ្នាក់ងារ​សន្តិសុខ​នេះ​បាន​បដិសេធ​ថា​ «មិនពិត»​ នូវ​ការអះអាង​ដោយ​អ្នកគាំទ្រ​លោក​ Trump មួយ​ចំនួន ​ដែល​ថា​សេវា​សម្ងាត់​បាន​បដិសេធ​សំណើ​សុំសន្តិសុខ​បន្ថែម​សម្រាប់​លោក Trump ។

អ្នក​នាំពាក្យ​មួយ​រូប​របស់​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា​៖ «​តាមពិត​ទៅ សេវា​សម្ងាត់​របស់​អាមេរិក​បាន​បន្ថែម​ធនធាន​និង​សមត្ថភាពការពារ​ដល់លោក​អតីត​ប្រធានាធិបតី»។

លោក Andrew McCabe ​អតីត​នាយក​រង​នៃ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ (FBI)​បាន​ប្រាប់​ទូរទស្សន៍​ CNN ​ថា​ នៅក្នុង​ផែនការ​សម្រាប់​ការជួបជុំ​គ្នា​នៅ​ខាងក្រៅ​គឺ​អាជ្ញាធរ​បាន​បរាជ័យ​ក្នុង​ការ «លុប​បំបាត់​ចំណុច​មើល​ឃើញ»​ ដល់​ឆាក​ដែល​លោក Trump ​បាន​ថ្លែង​សារ​ ទាំង​ដោយ​មិន​បានដាក់​របាំង​រវាង​អគារ​ពី​កន្លែង​ដែល​ខ្មាន់កាំភ្លើង​បាន​បាញ់ ​និង​ឆាក​ ឬ​ដោយដាក់​មន្ត្រី​អនុវត្ត​ច្បាប់​នៅក្បែរ​នោះ ​ដើម្បី​រារាំង​មិន​អាច​ឲ្យ​ឡើង​ទៅ​កាន់​ដំបូល​បាន។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​រដ្ឋសភា​បាន​និយាយ​ថា​ ពួកគេ​នឹង​បើក​ការស៊ើបអង្កេត​លើ​ឧបទ្ទវហេតុ​នេះ ​ហើយ​បាន​ស្នើឱ្យ​នាយក​សេវាសម្ងាត់​អ្នកស្រី​ Kimberly Cheatle​ ចូលរួម​សវនាការ​លើ​បញ្ហា​នេះ។ សវនាការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ ខែ​កក្កដា។

ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា​ ការប៉ុនប៉ង​ធ្វើឃាត​អាចធ្វើឱ្យ​យុទ្ធនាការ​ប្រធានាធិបតី​ដែល​ប្រយុទ្ធគ្នា​យ៉ាងខ្លាំងក្លា​កាន់តែ​កើន​កម្តៅ​និង​ធ្វើឱ្យ​សង្គម​អាមេរិកាំង​បែកបាក់​ថែម​ទៀត។

លោក Jacob Ware​ អ្នកស្រាវជ្រាវ​នៅ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការបរទេស​ បាន​ថ្លែងថា៖ «នេះ​គឺជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​ពិសេស​នៅ​អាមេរិក​ ដែល​ជា​ថ្ងៃ​ខ្មៅ​ងងឹត​យ៉ាង​ពិសេស​នៅក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង»។ ​

លោក​បាន​និយាយ​បន្ថែម​ថា​៖ ​«វា​ប្រហែល​ជា​អំពើ​ហិង្សា​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​បាន​ឃើញ​ចាប់​តាំង​ពី​ការវាយ​ប្រហារភេរវកម្ម​ថ្ងៃ​ទី ៩ ​ខែ​កញ្ញា​មក»។

លោក​សាស្ត្រាចារ្យ ​Casey Burgat ​នៃ​សាកលវិទ្យាល័យ​ George Washington ​បាន​និយាយ​ថា​ «ថ្ងៃនេះ​ពិភពលោក​បាន​ផ្លាស់ប្តូរ»។
លោក​បាន​បន្ថែម​ថា៖ «វា​នឹង​មាន​ការចង្អុល​ដាក់​គ្នា​តាម​បន្ទាត់​នយោបាយ​បក្ស​អំពី​របៀប​ និង​មូលហេតុ​ដែល​រឿងនេះ​កើតឡើង​ ប៉ុន្តែ​នៅ​ទូទាំង​វិសាលគម​នយោបាយ​ យើង​នឹង​ឮ​ពីការបដិសេធ​ជារួម​នូវ​អំពើ​ហិង្សា​នយោបាយ​ទាំងអស់។ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថាការបដិសេធ​ចោល​អំពើ​ហិង្សា​នយោបាយ​នឹង​ឈ្នះ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP, AFP និង ​Reuters។​

ប្រែសម្រួល​ដោយ​លោក ​ប៉ូច រាសី និង​លោក ​ម៉ែន គឹមសេង​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG