ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​ទាមទារ​ឱ្យ​មាន​ការពន្យល់​ពី​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​អំពី​ការបាញ់​លោក


បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវបាន​បាញ់ចំស្លឹកត្រចៀក​នឹង​ត្រូវបានការពារ​ដោយ​ក្រុម​ការពារសន្តិសុខកាលពីថ្ងៃទី​១៣​កក្កដា ឆ្នាំ២០២៤។
បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ត្រូវបាន​បាញ់ចំស្លឹកត្រចៀក​នឹង​ត្រូវបានការពារ​ដោយ​ក្រុម​ការពារសន្តិសុខកាលពីថ្ងៃទី​១៣​កក្កដា ឆ្នាំ២០២៤។

​ខណៈដែល​ប្រទេស​អាមេរិក​គិត​អំពី​ការប៉ុនប៉ង​ធ្វើឃាត​មិនបាន​សម្រេច​លើ​រូប​លោក​អតីត​ប្រធានាធិបតី ​Donald Trump ​នៅ​រដ្ឋ Pennsylvania ​កាលពី​ថ្ងៃសៅរ៍ ​កងការពារ​សន្តិសុខ​ប្រធានាធិបតី បាន​ស្ថិត​នៅក្រោម​ការពិនិត្យ​ពិច័យ​យ៉ាងខ្លាំង ​ចំពោះ​ការអនុញ្ញាត​ឱ្យ​មនុស្ស​ម្នាក់​ដែល​អាច​ក្លាយ​ជា​ឃាតករ​ កាន់កាំភ្លើងវែង​មួយ​ដើម ​នៅ​ចម្ងាយ​ប្រហែល​១៣៧​ម៉ែត្រ​ ពី​កន្លែង​លោក Trump ថ្លែងការណ៍។

សមាជិក​រដ្ឋបាល​លោក Biden​ និង​សមាជិក​សភា​ជាន់ខ្ពស់ ​បាន​និយាយ​ថា​ ពួកគេ​នឹង​ទាមទារ​ចម្លើយ​ពី​ទីភ្នាក់ងារ​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​ដែល​មាន​ការទទួល​ខុសត្រូវ​ចម្បង ​លើការ​ការពារ​សន្តិសុខ​ប្រធានាធិបតី ​អតីត​ប្រធានាធិបតី ​ក្រុមគ្រួសារ​របស់​ពួកគេ ​និង ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

ក្រសួង​សន្តិសុខ​មាតុភូមិ​គ្រប់គ្រង​កងការពារ​សន្តិសុខ​ប្រធានាធិបតី។ កាលពី​ថ្ងៃចន្ទ ​រដ្ឋមន្ត្រី​ក្រសួង​នេះ​ គឺលោក Alejandro Mayorkas ​បាន​ហៅ​ការវាយ​ប្រហារ​នោះ​ ថា​ជា​ «បរាជ័យ​មួយ‍» ​របស់​ទីភ្នាក់ងារ​នេះ។

សមាជិក​សភា ​ជាពិសេស​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក Trump ​នៅក្នុង​រដ្ឋសភា​ ដែល​បេ្តជ្ញា​ថា​នឹង​រកចម្លើយ​ពី​ទីភ្នាក់ងារ​ការពារ​សន្តិសុខ​ប្រធានាធិបតី ​កំពុង​រៀបចំ​សវនាការ ​ហើយ​ទាមទារ​ឱ្យ​ទីភ្នាក់ងារ​នេះ​ផ្តល់ព័ត៌មាន។

លោក James Comer ​ប្រធាន​គណៈ​កម្មាធិការ​សភា ​ទទួលបន្ទុក​លើ​ការត្រួតពិនិត្យ​និង​ការទទួល​ខុសត្រូវ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ X ​ថា៖​ «ពលរដ្ឋ​អាមេរិកាំង​មាន​សំណួរ​ជាច្រើន ​បន្ទាប់​ពី​ការប៉ុនប៉ង​ធ្វើឃាត​លោកប្រធានាធិបតី Trump ​នៅ​រដ្ឋ Pennsylvania ‍»។ លោក​បាន​ថ្លែង​ថា ​គណៈ​កម្មាធិការ​របស់​លោក​ «កំពុង​ព្យាយាម​ស្វែងរក​ចម្លើយ‍»។

ទីកន្លែង​កៀកខ្លាំង​

មុន​ការវាយ​ប្រហារ​បន្តិច​ លោក Trump ​កំពុងតែ​និយាយ​នៅក្នុង​យុទ្ធនាការ​រកសំឡេងឆ្នោត​មួយ​ នៅ​លើ​ឆាក​នៅកណ្តាល​វាល​មួយ ​ក្នុង​ទីក្រុង Butler ​រដ្ឋPennsylvania។ ការប្រមូលផ្តុំគ្នា​នេះ ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​មួយ ​ដែល​មាន​ការរក្សា​សន្តិសុខ​មួយ ​ប៉ុន្តែ​នៅ​ខាងក្រៅ​បរិវេណ​នោះ​ មាន​អគារ​មួយ​ខ្នង​ដែល​មាន​កម្ពស់​មួយ​ជាន់ ​ដែល​មើល​ទៅឃើញ​កន្លែង​លោក Trump ​ថ្លែងការណ៍​យ៉ាងច្បាស់។

សេចក្តី​រាយការណ៍​របស់​អ្នកឃើញ​ផ្ទាល់ភ្នែក ​និង​វីដេអូ​ពី​កន្លែង​កើតហេតុ ​បង្ហាញ​ថា​ប៉ុន្មាន​នាទី​ ក្រោយ​លោក Trump ​បាន​ចាប់ផ្តើម​ថ្លែង ​បុរស​អាយុ​២០​ឆ្នាំ ​ឈ្មោះ Thomas Matthew Crooks​ បាន​វារ​ឡើង​ដំបូល ​ជាមួយ​កាំភ្លើង​ដងវែង​ ប្រភេទ AR-15 ​មួយ​ដើម។ បុរស​ឈ្មោះ ​Crooks​ នោះ ​ក៏​បាន​រៀបចំ​កន្លែង​បាញ់​ចម្ងាយ​ប្រហែល ​១៣៧​ម៉ែត្រ​ ពី​កន្លែង​លោក Trump ​ឈរ​និយាយ។ ចម្ងាយ​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព ​សម្រាប់​កាំភ្លើង​ដងវែង ​ដែល​មាន​រាប់លាន​ដើម ​នៅក្នុង​ដៃ​របស់​ពលរដ្ឋ​អាមេរិកាំង​នោះ គឺ​បាន​ឆ្ងាយ​ជាង​ ៤៥៧ ម៉ែត្រ។

អ្នកមើល​ឃើញ​បាន​ព្រមាន​មន្ត្រី​ប៉ូលិស​អំពី​វត្តមាន​របស់​បុរស​ឈ្មោះ​ Crooks ​នៅលើ​អគារ ​អស់ពេល​ជិត​២​នាទី ​មុន​ការវាយ​ប្រហារ។ ក៏​ប៉ុន្តែ​ទោះជា​មាន​វត្តមាន​របស់​ក្រុមអ្នកបាញ់ស៊ីប ​នៅ​កន្លែង​នោះ​ក៏ដោយ​ ក៏​បុរស​ឈ្មោះ Crooks ​នោះ ​នៅតែ​អាច​បាញ់​កាំភ្លើង​បាន​ប៉ុន្មាន​គ្រាប់ ​ធ្វើឱ្យ​លោក​អតីត​ប្រធានាធិបតី ​របួស​ត្រចៀក​ស្តាំ ​និង​បាន​សម្លាប់​អ្នកចូលរួម​ម្នាក់ ​និង​ធ្វើឱ្យ​មនុស្ស​២នាក់​ទៀត​ របួស​ធ្ងន់​ មុន​នឹង​គាត់​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង ​របស់​អ្នកបាញ់ស៊ីប​ម្នាក់​នៃ​កងការពារ​សន្តិសុខ​ប្រធានាធិបតី។

ការវាយប្រហារ​នេះ​ជា​លើក​ទីមួយ​ហើយ ​ដែលនាំ​ឱ្យ​ប្រធានាធិបតី​បច្ចុប្បន្ន ​ឬ ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​រងរបួស​ដោយ​មនុស្ស​ម្នាក់​ដែលសឹងតែ​ក្លាយ​ជា​ឃាតករ ​ចាប់តាំងពី​លោក Ronald Reagan ​ត្រូវ​បាន​លោក​ John Hinckley Jr. ​បាញ់​កាលពី​ឆ្នាំ១៩៨១ ​តែ​លោក Reagan​នៅ​រស់រាន​មាន​ជីវិត។

ការស៊ើបអង្កេត​ក្នុង​រដ្ឋសភា​នៅពេល​ខាងមុខ

នៅក្នុង​ការបង្ហាញ​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ នៅក្នុង​ស្ថានីយ​ទូរទស្សន៍ ​NBC ​ប្រធាន​រដ្ឋសភា ​លោក Mike Johnson ​បាន​ប្តេជ្ញា​ថា​សមាជិក​សភា ​នឹង​ទាមទារ​រក​ព័ត៌មាន​អំពី​ការរៀបចំ​សន្តិសុខ ​ដែល​បាន​អនុញ្ញាត​ឱ្យ​ការវាយប្រហារ​កើតឡើង​បាន។
លោក Johnson ​បាន​ថ្លែង​ថា៖ «រដ្ឋសភា​នឹង​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ពេញលេញ​មួយ ​អំពី​សោកនាដកម្ម​នេះ ​ដើម្បី​សម្រេច​ថា​តើ​ចន្លោះ​ប្រហោង​ក្នុង​ការការពារ​សន្តិសុខ​ស្ថិត​នៅ​កន្លែង​ណា​ខ្លះ ​ហើយ​ថា​តើ​មាន​អ្វី​ផ្សេង​ទៀត ​ដែល​ពលរដ្ឋ​អាមេរិកាំង​ត្រូវដឹង​ឬ​គួរដឹង​នោះ?‍»

លោក Comer ​បាន​ប្រាប់​ស្ថានីយ៍​ទូរទស្សន៍ ​Fox News ​កាលពី​ថ្ងៃចន្ទ​ថា ​លោក​បាន​កំណត់​យក​ថ្ងៃ​ទី២២​ខែកក្កដា ​ជា​ថ្ងៃ​ធ្វើ​សវនាការ ​ដែល​លោក​រំពឹង​ថា ​នាយក​នៃ​កងការពារ​សន្តិសុខ​ប្រធានាធិបតី អ្នកស្រី ​Kimberly A Cheatle ​នឹង​ចូលមក​ផ្តល់​សក្ខីកម្ម។ លោក​បាន​ថ្លែង​ថា​ពី​ឥឡូវ​ដល់​ថ្ងៃសវនាការ​ លោក​រំពឹង​ថា​អ្នកស្រី Cheatle ​នឹង​ប្រមូល​បាន​ព័ត៌មាន​សំខាន់ៗ​ជុំវិញ​ការវាយប្រហារ​នោះ។

ក្រសួង​សន្តិសុខ​មាតុភូមិ ​និង​ការស៊ើបការណ៍​សម្ងាត់

បើ​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន ​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​មាតុភូមិ ​លោក​ Mark Green ​បាន​និយាយ​ជាមួយ​អ្នកស្រី Cheatle ​កាលពី​ថ្ងៃអាទិត្យ​ហើយ​បានទាមទារ​ឱ្យ​អ្នកស្រី​ផ្តល់​ជូន​គណៈ​កម្មាធិការ​របស់​លោក ​នូវ​ឯកសារ​ជាច្រើន​ដែល​ជាប់ទាក់ទងនឹង​ឧប្បទ្ទវហេតុ​នោះ។

លោក Green ​ក៏បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​រដ្ឋមន្ត្រី Mayorkas ​ដែល​ថា​ «ការថ្លោះធ្លោយ​ផ្នែក​សន្តិសុខ​យ៉ាងធ្ងន់ធ្ងរ​នេះ ​និង​ការកើតឡើង​ដ៏គួរ​ព្រឺក្បាល​ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ជាតិ​នេះ​មិន​អាច​មើល​រំលង​បាន​ទេ។ រឿង​នេះ​នាំ​ឱ្យ​មាន​ការព្រួយ​បារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ អំពី​ថា​តើ​ហេតុដូចម្តេច​បាន​ជា​អ្នកបាញ់​កាំភ្លើង​ម្នាក់ ​អាច​ឡើង​ដំបូង​អគារ​មួយ ​ដែល​នៅ​ក្បែរ ​ហើយ​ដែល ​មើល​ឃើញ​កន្លែង​លោក​ប្រធានាធិបតី ​Trump ​កំពុង​ឈរ​និយាយ ​យ៉ាងច្បាស់​នោះ‍»។

ការស៊ើប​អង្កេត​ទី៣ ​ត្រូវគេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ស៊ើបការណ៍សម្ងាត់​របស់​រដ្ឋសភា។ កាលពី​ថ្ងៃអាទិត្យ ​ប្រធាន​គណៈ​កម្មាធិការ ​លោក Mike Turner ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់ ​ទូរទស្សន៍​ ​CNN ​ហើយ​បាន​សរសើរ​ការតាំងចិត្ត​របស់​មន្ត្រី​កងការពារ​សន្តិសុខ​ប្រធានាធិបតី ដែល​បាន​នាំយក​ខ្លួន​ប្រាណ​របស់​ពួកគេ ​ទៅ​ហ៊ុំព័ទ្ធ​លោក Trump ​ហើយ​បាន​នាំ​លោក​ចុះចេញ​ពី​វេទិកា​ កាលពី​ថ្ងៃសៅរ៍។

ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ ​ក៏​លោក​បាន​ថ្លែង​ថា ​ក្រោយ​ព្រឹត្តិការណ៍​បាញ់​នោះ ​មាន​សំណួរ​ជាច្រើន​ដែល​តម្រូវ​ឱ្យ​មាន​ចម្លើយ។

លោក Turner ​បាន​ថ្លែង​ថា៖​ «ការ​ដែល​យើង​ឮថា​មាន​មនុស្ស​ដឹងថា​មាន​បុរស​ម្នាក់​នៅលើ​ដំបូល​ ជាមួយ​កាំភ្លើង​មួយ​ដើម ​ហើយ​ព្យាយាម​ប្រាប់​ប៉ូលិស ​នៅពេល​ដែល​លោក​ប្រធានាធិបតី ​កំពុង​និយាយ​នៅលើ​វេទិកា​នោះ ​ជា​មូលហេតុ​សំខាន់​មួយ ​ដែលនាំឱ្យ​មាន​ការព្រួយបារម្ភ ​ហើយ​ខ្ញុំ​គិត​ថា​ វាធ្វើ​ឱ្យ​មនុស្ស​គ្រប់គ្នា​ងឿងឆ្ងល់​ណាស់ ​ពីព្រោះ​យើង​ជឿ​ថា ​ប្រធានាធិបតី​របស់​យើង ​អតីត​ប្រធានាធិបតី​របស់​យើង​ បេក្ខជន​ប្រធានាធិបតី​របស់​យើង ​ទទួល​បាន​ការការពារ​កម្រិត​ខ្ពស់​បំផុត ហើយ​គ្រាន់តែ​ប៉ុណ្ណឹង​ក៏​ហាក់ដូចជា​ធ្វើ​មិន​បាន​ដែរ‍»។

ការឆ្លើយតប​របស់​ព្រឹទ្ធសភា

ចំណែក​ខាង​ព្រឹទ្ធសភា​វិញ ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មាន​សំឡេង​ភាគច្រើន​នោះ ​សមាជិក​ព្រឹទ្ធសភា ​ក៏​កំពុងតែ​ចាត់វិធានការ​ដើម្បី​ពិនិត្យ​ការព្យាយាម​ធ្វើឃាត​នោះ​ដែរ។

គណៈកម្មាធិការ​ទទួល​បន្ទុក​សន្តិសុខ​មាតុភូមិ ​និង​កិច្ចការ​រដ្ឋាភិបាល​ របស់​ព្រឹទ្ធសភា​បានប្រកាស​កាលពី​ថ្ងៃចន្ទ​ថា ​ខ្លួននឹង​ធ្វើការស៊ើប​អង្កេត​មួយ។ លោក​ប្រធាន​គណៈកម្មាធិការ ​Gary Peters ​និង​សមាជិក​គណកម្មាធិការ ​លោក Rand Paul ​បានផ្ញើ​លិខិត​រួមគ្នា​មួយ​ច្បាប់​ទៅកាន់​ក្រុម​មន្ត្រី​រដ្ឋបាល ស្នើសុំ​ឱ្យ​ពួកគេ ​បង្ហាញខ្លួន​ក្នុង​សវនាការ។

នៅថ្ងៃចន្ទ​ដែរ ​សមាជិក​គណបក្ស​សាធារណរដ្ឋ ​នៅក្នុង​គណៈកម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​យុត្តិធម៌​ បានស្នើ ​«ជាបន្ទាន់ភ្លាមៗ‍» ​ឱ្យ​ប្រធាន​គណៈ​កម្មាធិការ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​លោក Dick Durbin ​រៀបចំ​ធ្វើ​សវនាការ​មួយ។

ពួកគេ​បានសរសេរ​ក្នុង​លិខិត​មួយ​ច្បាប់​ទៅកាន់​លោក Durbin ​ថា៖​ «មាន​រឿង​ច្រើន​ណាស់ ​ដែល​យើង​មិន​ដឹង​អំពី​ការព្យាយាម​ធ្វើឃាត​នេះ ​ប៉ុន្តែ​រឿង​ដែល​កើតឡើង​ នាំឱ្យ​មាន​សំណួរ ​និង ការព្រួយបារម្ភ​យ៉ាងខ្លាំង‍»។

ពួកគេ​បាន​សរសេរ​ថា៖​ «យើង​ដឹងគុណ​ចំពោះ​សេចក្តី​ក្លាហាន ​និង ​ការមិនគិត​អំពី​ជីវិត​របស់ខ្លួន ​នៃ​ភ្នាក់ងារ​ការពារ​សន្តិសុខ​ប្រធានាធិបតី​ និង​មន្ត្រី​ពង្រឹង​ច្បាប់​ឯទៀត ​នៅ​កន្លែង​កើតហេតុ ​ប៉ុន្តែ​យើង​ចាំបាច់​ត្រូវតែ​ជីករក​ឫសគល់ ​ថា​ហេតុអ្វី​បាន​ជា​បុរស​នោះ ​អាច​ឡើង​ដំបូល​អគារ​នៅក្បែរ​នោះ ជាមួយ​កាំភ្លើង​វែង​មួយ​ដើម​ និង​មើលឃើញ​លោក​ប្រធានាធិបតី​យ៉ាងច្បាស់‍។ គណៈ​កម្មាធិការ​ព្រឹទ្ធសភា​ទទួល​បន្ទុក​កិច្ចការ​យុត្តិធម៌ ​មាន​ភារកិច្ច​មួយ ​ដើម្បី​អនុវត្ត​ការត្រួតពិនិត្យ​លើ​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​លើ​ក្រសួង​សន្តិសុខ​មាតុភូមិ ​និង​លើ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​ FBI​ ដើម្បី​បំភ្លឺ​រឿង​ដ៏ធ្ងន់ធ្ងរ​នេះ‍»។

វោហាសាស្ត្រ​ដែល​កាន់តែមានកម្តៅ

ខណៈដែល​មន្ត្រី​ជាន់ខ្ពស់​ខាង​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​នៅ​សភា ​បានឆ្លើយតប​ចំពោះ​ការវាយ​ប្រហារ ​ដោយធ្វើ​សេចក្តីថ្លែងការណ៍​យ៉ាង​ស្ងប់ស្ងាត់​និង ​ការហៅ​ទូរស័ព្ទ ​ដើម្បី​អនុញ្ញាត​ឱ្យ​ក្រុម​មន្ត្រី ​បន្តប្រមូល​ព័ត៌មាន ​អ្នកឯទៀត​បានប្រញាប់ប្រញាល់​ធ្វើការ​ស្តីបន្ទោស។ មនុស្ស​មួយ​ចំនួន​បាន​ប្រើ​សម្តី​វាយប្រហារ​គណបក្ស​ប្រជាធិបតេយ្យ ​ដោយ​និយាយ​ថា ​ពាក្យសម្តី​ដែល​ថា ​អាណត្តិ​ទី២​របស់​លោក Trump ​ជា​ការគំរាមកំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក ​បាននាំឱ្យ​មាន​លទ្ធភាព​ប្រព្រឹត្ត​អំពើ​ហិង្សា។

សមាជិក​ព្រឹទ្ធសភា​រដ្ឋ Ohio ​លោក J.D. Vance ​ដែល​លោក Trump ​បាន​ជ្រើសរើស​ជា​បេក្ខជន​អនុប្រធានាធិបតី​របស់​លោក ​កាលពី​ថ្ងៃចន្ទ​នោះ​ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម X ​ភ្ជាប់​ការបាញ់​នោះ ​ទៅ​លោក​ប្រធានាធិបតី ​Joe Biden ​ដោយ​ផ្ទាល់។

លោក​បាន​សរសេរ​ថា៖​ «ការសន្និដ្ឋាន​ជា​គោល​នៃ​យុទ្ធនាការ​របស់​លោក Biden ​គឺថា​លោក​ប្រធានាធិបតី ​Donald Trump​ ជា​មនុស្ស​ផ្តាច់ការ​ម្នាក់ ​ដែល​ចាំបាច់​ត្រូវតែ​បញ្ឈប់​ឱ្យ​បាន។ សម្តី​បែប​នេះ​បាន​នាំ​ឱ្យ​មាន​ការប៉ុនប៉ង​ធ្វើឃាត​លោក​ប្រធានាធិបតី Trump »។

លោក Vance ​មិន​បាន​ផ្តល់​ភស្តុតាង​អ្វី​ ហើយ​ក្រុម​មន្ត្រី​ពង្រឹង​ច្បាប់​ ដែល​ស៊ើបអង្កេត​ការវាយប្រហារ​នេះ ​មកទល់នឹង​ពេល​នេះ ​មិនទាន់​រកឃើញ​មូលហេតុ​ដែល​ជំរុញឱ្យ​ខ្មាន់កាំភ្លើង ​ដែល​ចុះឈ្មោះ​ជា​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​នោះ ​ព្យាយាម​សម្លាប់​បេក្ខជន​ប្រធានាធិបតី​ របស់​គណបក្ស​សាធារណរដ្ឋ ​នៅឡើយ។

លោក Vance​ មិនមែន​ជា​សមាជិក​គណបក្ស​សាធារណរដ្ឋ​តែ​ម្នាក់​គត់​ដែល​ស្តីបន្ទោស​លោក Biden នោះ​ទេ។ សមាជិក​រដ្ឋសភា Mike Collins ​នៃ​រដ្ឋ Georgia ​ក៏បាន​សរសេរ​លើ​បណ្តាញ​សង្គម X ​ដែរ​ថា ​«លោក Joe Biden ​បានបញ្ជា‍» ​ខ្មាន់​កាំភ្លើង។
កងការពារ​សន្តិសុខ​ប្រធានាធិបតី ​នឹង​ធ្វើ​សហប្រតិបត្តិការ

ក្រោយ​ការបាញ់​នោះ ​លោក Biden ​បាន​ប្រកាស​ថា ​លោក​នឹង​ប្រកាស​ឱ្យ​មាន​ការពិនិត្យ​សើរើ​មើល​ឯករាជ្យ​មួយ ​លើ​ការចាត់ចែង​របស់​កងការពារ​សន្តិសុខ​ប្រធានាធិបតី ​នៅក្នុង​យុទ្ធនាការ​រកសំឡេង​ឆ្នោត​នោះ ​ដែល​លោក Mayorkas ​បាន​ស្នើ​ដែរ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​ចេញផ្សាយ​កាលពី​ថ្ងៃចន្ទ​ អ្នកស្រី Cheatle ​បាន​និយាយ​ថា​ទីភ្នាក់ងារ​របស់​អ្នកស្រី ​នឹង​សហការ​ជាមួយ​ការស៊ើបអង្កេត​ទាំងអស់។
សេចក្តី​ថ្លែងការណ៍​នោះ​បាន​និយាយ​ថា៖​ «យើង​យល់​អំពី​សារៈសំខាន់​នៃ​ការពិនិត្យ​សើរើ​មើល​ឯករាជ្យ ​ដែល​ប្រកាស​ដោយ​លោក​ប្រធានាធិបតី Biden ​កាលពី​ម្សិលមិញ​ ហើយ​យើង​នឹង​សហការ​យ៉ាង​ពេញលេញ។ យើង​ក៏នឹង​ធ្វើការ​ជាមួយ​បណ្តា​គណៈ​កម្មាធិការ​សភា​ទាំងឡាយ​ផងដែរ‍»។

ប្រែសម្រួល​ដោយ​លោក​ ប៉ូច រាសី

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG