អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទី២​ស្ម័គ្រ​ចិត្ត​ផ្តល់​ភស្តុតាង​​​ក្នុង​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹងលោក​ដូណាល់ ​ត្រាំ​និង​អ៊ុយក្រែន

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

មន្រ្តី​ស៊ើបការណ៍​សម្ងាត់​ទី២​របស់​សហរដ្ឋ​អាមេរិក បាន​ទាក់ទង​អង្គការ​ឃ្លាំមើល​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ដោយ​មាន​ព័ត៌មាន​ប្រភព​ដំបូង​ដែល​គាំទ្រ​ពាក្យ​បណ្តឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​ដំបូង​ប្រឆាំង​នឹងការ​ជាប់​ទាក់​ទិន​របស់​ប្រធានា​ធិបតីដូណាល់ ត្រាំ​ជាមួយ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ដែល​តំណាង​ឲ្យ​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាំង​២​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក Mark Zaid ដែល​តំណាង​ឲ្យ​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទាំង២ និយាយ​ថា អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទី២ បាន​ស្ម័គ្រចិត្ត​ផ្តល់ភស្តុតាង​បន្ទាប់ពី​អគ្គអធិការកិច្ចរបស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់ ​បាន​ចាប់ផ្តើម​ស៊ើប​អង្កេត​កាល​ពី​ខែ​សីហា ថាតើ​ពាក្យ​បណ្តឹង​របស់​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​នោះ ជា​ការ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ហើយ​និង ​«ជា​ការ​ព្រួយ​កង្វល់​បន្ទាន់» ដែរ​ឬ​ទេ។ ​ពាក្យ​បណ្តឹង​នោះ ​បាន​បណ្តាល​ឲ្យ​មាន​ស៊ើប​អង្កេត​ប្តឹង​ប្រធានាធិបតី​ត្រាំ​ទម្លាក់​ចេញ​ពី​តំណែង។

​លោក Zaid ​បាន​ប្រាប់ VOA ​ថា «វាមិន​មែន​ជា​ការ​ទាក់​ទង​ថ្មី​ទេ។ វា​ជា​ផ្នែក​មួយ​នៃការ​ព្រួយកង្វល់​បន្ទាន់​របស់​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ជាតិ ឬ ICIG»។

លោក Zaid និយាយ​ទៀត​ថា ​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់​ទៀត ​បាន​ប្រកាស​នៅ​ក្នុង​ការ​ទាក់​ទិន​ជាមួយ​ពាក្យ​បណ្តឹង​កាល​ពី​ខែ​សីហា ​នៅពេល​ដែល​លោក Michael Atkinson អគ្គអធិការកិច្ច​បាន​ផ្តល់​សក្ខ្ខីកម្ម​នៅ​មុខ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​កាល​ពី​សប្តាហ៍​មុន។

អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទី១ ​បាន​ដាក់​ពាក្យ​បណ្តឹង​ចំពោះ​ការ​និយាយ​ទូរស័ព្ទនៅ​ថ្ងៃ​ទី២៥ ​ខែកក្កដា រវាង​លោក​ប្រធានាធិបតី​ត្រាំ​ និង​លោក Volodymyr Zelenskyi ប្រធានា​ធិបតី​នៃ​ប្រទេស​អ៊ុយក្រែន ​ដែល​ក្នុង​នោះ​ប្រធានាធិបតី​ត្រាំ ​បាន​សុំ​ឲ្យ​ជួយ​ស៊ើបអង្កេត​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យគឺ ​លោក Joe Biden ​ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​រួម​ជាមួយ​លោក Hunter ដែល​ជា​កូន​ប្រុសរបស់​លោក Biden៕