ការ​រុករក​នឹង​ចាប់​ផ្តើម​សារ​ជា​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ​សម្រាប់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ក្រុមហ៊ុន​ AirAsia

សមាជិក​កង​នាវិក​ឥណ្ឌូនេស៊ី​នៅ​ក្នុង​ការ​ស្វែង​រក​យន្តហោះ​ជើងហោះហើរ​ QZ8501 នៅ​តំបន់​សមុទ្រ​ចាវ៉ា​នាថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ២០១៤។

កិច្ចប្រតិបត្តិការមួយ​ដើម្បី​ស្វែង​រក​នៅ​ក្នុង​សមុទ្រ​ចាវ៉ា (Java) នូវ​យន្តហោះ​មួយគ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ដែល​បាត់ដោយ​មានដឹក​អ្នកដំណើរ​និង​ក្រុមអាកាសយានិក​១៦២​នាក់​ ត្រូវ​បាន​ផ្អាក​នៅ​ពេល​យប់​ ហើយ​នឹង​ចាប់​ផ្តើម​សារ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

យន្តហោះនៃ​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​ដែល​លក់​សំបុត្រ​ថោក​ៗ បាន​ហោះ​ចេញ​ពីក្រុង​ស៊ូរ៉ាបាយ៉ា (Surabaya) ​ប្រទេសឥណ្ឌូនេស៊ី ទៅ​កាន់​ប្រទេសសិង្ហបូរី​នៅ​ពេល​បាន​បាត់​នៅ​ម៉ោង៧និង​២៤នាទី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​តាម​ម៉ោង​ក្នុង​មូលដ្ឋាន​គឺ​៤២នាទី​ក្រោយ​ពីហោះទ្បើង​ដោយ​ហោះ​បាន​ជិត​ពាក់កណ្តាល​ផ្លូវទៅ​កាន់​គោលដៅ​កំណត់។

ប្រទេស​ឥណ្ឌូនេស៊ី បាន​និយាយ​ថា​កង​នាវា​របស់​ខ្លួន​នឹង​ឋិត​នៅ​ក្នុង​កន្លែង​ ស្វែង​រក​នោះ​នៅ​ពេល​យប់​ដោយ​បញ្ចាំង​ភ្លើង​មាន​កម្លាំង​ខ្លាំង​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ។ការ​ស្វែង​រក​ដោយ​កង​យន្តហោះត្រូវ​បាន​ផ្អាក​រហូត​ដល់ពេល​ថ្ងៃ​រះ។

ថ្លែង​ពី​ក្រុង​ Surabaya លោក​តូនី​ ហ្វឺណានដេស (Tony Fernades) ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន​អាកាសចរណ៍ AirAsia បាន​និយាយ​ថា​ខ្យល់​ព្យុះ​បាន​ធ្វើ​ឱ្យ​ធាតុ​អាកាស​មាន​សភាព​អាក្រក់​នៅ​ពេលយន្តហោះបានបាត់ ក៏​ប៉ុន្តែលោក​បានចៀសវៀង​មិន​និយាយ​ស្មានៗអំពី​អ្វី​ដែល​បាន​កើត​មាន​ទ្បើង​ដល់​យន្តហោះ​នោះ​ទេ។​

​ក្រុម​មន្ត្រី​បាននិយាយ​ថា​នៅ​មុន​បាត់​ការទាក់ទង​គ្នា​ អ្នក​បើក​យន្តហោះ​នេះ​បាន​សុំក្រុមអ្នកត្រួតត្រា​ចរាចរណ៍​អាកាស​ក្នុង​ក្រុង​ចាកាតា​ (Jakarta) អនុញ្ញាត​ឲ្យ​យន្តហោះ​ហោះ​ទ្បើង​ខ្ពស់​ដល់​ប្រមាណ១ពាន់៨រយ​ម៉ែត្រ​ដើម្បី​ចៀសវៀង​ធាតុ​អាកាស​អាក្រក់។គ្មាន​សញ្ញា​ប្រកាសអាសន្នពី​បន្ទប់​អ្នក​បើក​យន្តហោះ​ ​ដែល​មាន​ម៉ាស៊ីន​ពីរ​និង​មានច្រក​ដើរ​តែ​មួយ​នេះ​ទេ។

​ក្រុម​ហ៊ុន​អាកាសចរណ៍​ AirAsia ​បាននិយាយ​ថា​យន្តហោះ​ធុន​ Airbus A320-200 មានដឹក​អ្នកដំណើរ​ជនជាតិឥណ្ឌូនេស៊ី១៤៩នាក់ ​កូរ៉េខាង​ត្បូង៣​នាក់ សិង្ហបូរី​១នាក់ ម៉ាឡេស៊ី១នាក់ និង​អង់គ្លេស១នាក់​។

ក្រុម​អាកាស​យានិក​មាន​ជន​ជាតិ​ឥណ្ឌូនេស៊ី ៦នាក់​និង​សហអ្នកបើកបរ​ជនជាតិ​បារាំង​១នាក់៕