លោក Schumer ព្រមាន​ពី​លទ្ធភាព​នៃ​អំពើ​ហិង្សា​ជុំវិញ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Biden

ទិដ្ឋភាព​នៃ​ការ​ត្រៀម​រៀបចំ​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden នៅ​វិមាន​សភា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

មេដឹកនាំខាង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Chuck Schumer បាន​ព្រមាន​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​អំពី​ការគំរាម​កំហែង​នៃ​អំពី​ហិង្សា​ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ថ្ងៃ​ទី២០ ខែ​មករាខាង​មុខ របស់​លោក Joe Biden ជា​ពិសេស​បន្ទាប់​ពី​ការ​វាយ​ប្រហារកាល​ពី​សប្តាហ៍​មុន​លើ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ដោយ​ពួក​អ្នក​គាំទ្រ​របស់​ប្រធានាធិបតី Donald Trump រាប់​ពាន់​នាក់​ដែល​បាន​ព្យាយាម​រារាំង​ការ​ឡើង​កាន់​អំណាច​របស់​លោក Biden។

លោក Schumer ដែល​នៅ​ពេល​ឆាប់ៗ​នេះ​នឹង​ក្លាយ​ជា​មេដឹកនាំ​សំឡេង​ភាគ​ច្រើន​របស់​ព្រឹទ្ធសភា បាន​និយាយ​ថា លោក​បាន​និយាយ​ជាមួយ​លោក Christopher Wray នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដោយ «ជំរុញ​ឲ្យ​លោកតាម​រក​ពួក​កុបករ​ហិង្សា​ ដែល​ត្រូវ​បាន​ញុះញង់​ដោយ​ប្រធានាធិបតី Trump ដែល​បាន​វាយ​ប្រហារ​វិមាន​សភា​សហរដ្ឋ​អាមេរិក ​ហើយ​បាន​សម្លាប់​មន្ត្រី​ប៉ូលិស​ម្នាក់ និង​ការពារ​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​បន្ថែម​ទៀត»។

លោក Schumerបាន​មាន​ប្រសាសន៍​ទៀត​ថា «ការ​គំរាម​កំហែង​នៃ​ក្រុម​ជ្រុល​និយម​ហិង្សា នៅ​តែ​មាន​កម្រិត​ខ្ពស់​ហើយ​នៅ​បីបួន​សប្តាហ៍​ខាង​មុខ​ទៀត ជា​ពេល​វេលា​សំខាន់​នៅ​ក្នុង​ដំណើរការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​យើង​ ដោយ​មាន​ការស្បថ​ចូល​កាន់​តំណែងនៅ​ពេល​ខាង​មុខ​នេះ។​

ក្នុង​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​ដែរ អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​លោក​ស្រី Muriel Bowser បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បានសុំ​លោក Chad Wolf រដ្ឋមន្ត្រីស្តី​ទី​ក្រសួង​សន្តិសុខ​មាតុភូមិ​ ​ពេល​៣ថ្ងៃ​បន្ថែម​សម្រាប់​ការ​កំណត់​រយៈ​ពេល​ពង្រឹងសន្តិសុខ​ជាតិ​ពាក់ព័ន្ធ​នឹង​ការស្បថ​ចូល​កាន់​តំណែង​នៅពេល​បច្ចុប្បន្ន​ទៅ​ដល់​រយៈពេល​២សប្តាហ៍​ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ហើយ​បន្ត​រហូត​ដល់​ថ្ងៃ​ទី២៤ ខែ​មករា។

លោកស្រី​អភិបាល​ក្រុង បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​ស្រី ចង់​ឲ្យ​ក្រសួងមហាផ្ទៃ​សហព័ន្ធ​ច្រានចោល​សំណើ​សម្រាប់​ការ​អនុញ្ញាត​ការប្រមូល​ផ្តុំ​សាធារណៈ​នៅ​ក្នុង​រយៈពេល​នោះ។​

លោកស្រី​អភិបាល​ក្រុង បាន​បន្ថែម​ទៀត​ថា សំណើ​របស់​លោកស្រី​«ជា​ការសំខាន់​ដើម្បី​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​រួម​គ្នា​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​ផ្ទេរអំណាច​ធ្វើ​ទៅ​តាម​រដ្ឋធម្មនុញ្ញ»៕