ដោយសាររដ្ឋសភាសហរដ្ឋអាមេរិកគ្រោងនឹងបោះឆ្នោតលើបទចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែងនៅក្នុងសប្ដាហ៍នេះ សមាជិកគណបក្សប្រជាធិបតេយ្យកំពូលនៃព្រឹទ្ធសភាបានអំពាវនាវឲ្យព្រឹទ្ធសភាដែលនឹងបើកសវនាការសម្រេចលើការទម្លាក់លោក Trump ពីតំណែង ឲ្យស្ដាប់សក្ខីកម្មពីសាក្សី ៤ រូបមកពីរដ្ឋបាលរបស់លោក Trump។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា បានសរសេរសំបុត្រមួយច្បាប់ទៅកាន់លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាកាលពីថ្ងៃអាទិត្យម្សិលមិញថា ព្រឹទ្ធសភាគួរតែចេញដីកាកោះហៅនាយខុទ្ទកាល័យស្ដីទីនៃសេតវិមានលោក Mick Mulvaney និងលោក Robert Blair ដែលជាជំនួយការកំពូលរបស់លោក Mulvaney ក៏ដូចជាអតីតទីប្រឹក្សាសន្តិសុខជាតិលោក John Bolton និងមន្ត្រីផ្នែកថវិកាលោក Michael Duffey ផងដែរ។
លោក Schumer បានបញ្ជាក់ថា គណៈកម្មាធិការមួយចំនួននៃរដ្ឋសភាដែលធ្វើការស៊ើបអង្កេតអំពីការចោទប្រកាន់ដើម្បីទម្លាក់លោក Trump ពីតំណែង បានស្នើឲ្យមន្ត្រីទាំង ៤ រូបខាងលើបង្ហាញខ្លួនដើម្បីចោទសួរ ប៉ុន្តែគ្មាននរណាម្នាក់ធ្វើតាមការស្នើនេះទេ។
លោក McConnell បានផ្ដល់ក្ដីរំពឹងថា នឹងមានសវនាការខ្លីមួយដែលគ្មានសាក្សីណាមួយចូលរួម ហើយបាននិយាយថា លោកនឹងសម្របសម្រួលជាមួយនឹងសេតវិមាន នៅពេលដែលលោកត្រៀមរៀបចំសវនាការ។
អ្នកនាំពាក្យរបស់លោក McConnell បានបញ្ជាក់ថា លោកនឹងជួបជាមួយនឹងលោក Schumer ដើម្បីពិភាក្សាអំពីវិធីដំណើរការនីតិវិធីនេះ។
រដ្ឋសភាត្រូវគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃពុធខាងមុខនេះ ដើម្បីសម្រេចលើបទចោទពីរករណីដែលគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាបានអនុម័តកាលពីសប្ដាហ៍មុន។ ចំណែកឯសវនាការនៅក្នុងព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋវិញនឹងចាប់ផ្ដើមនៅខែមករាខាងមុខនេះ ដោយការផ្ដន្ទាទោសទម្លាក់លោក Trump ចេញពីតំណែងហាក់ដូចជាមិនអាចទៅរួចនោះទេ៕