មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​ស្នើ​ឲ្យ​​​ស៊ើប​អង្កេត​​​​រឿង​​​លោក​ត្រាំ​​សងសឹក​​បណ្ដេញ​បុគ្គលិក​​​ក្រោយ​ការ​កាត់​ទោស​ដក​តំណែង

លោក Chuck Schumer ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់​ពី​ចាកចេញ​ពី​ក្រុម​ជំនុំជម្រះ​របស់​ព្រឹទ្ធសភា នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Chuck Schumer មេដឹកនាំ​សំឡេង​ភាគ​តិច​ក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ស្នើ​ឲ្យ​មន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក ស៊ើប​អង្កេត​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​សងសឹក​ «មិនអៀនខ្មាស‍»​ និង​‍ «ខុសច្បាប់‍» ដោយ​លោក​ប្រធានាធិបតី​ Donald Trump ប្រឆាំង​នឹង​សាក្សី​ដែល​បាន​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​លោក​ក្នុង​អំឡុង​សវនាការ​ចោទ​ប្រកាន់​ដក​តំណែង​លោក​កាល​ពី​ឆ្នាំ​មុន។

លោក Schumer បាន​ស្នើ​ដល់​មន្ត្រី​អធិការកិច្ច​ចំនួន​៧៤​តាម​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ ឲ្យ​ស៊ើប​អង្កេត​ចំពោះ​រាល់​ការ​សងសឹង​ចំពោះ​បុគ្គលិករដ្ឋាភិបាល​សហព័ន្ធ​នានា​ដែល​លួច​រាយការណ៍​អំពី​ការ​ប្រព្រឹត្ត​ពុំ​ត្រឹមត្រូវ​នៃ​រដ្ឋបាល​លោក​ត្រាំ។ ប៉ុន្តែ​លោក​បាន​ផ្តោត​ជា​ពិសេស​ចំពោះការ​បណ្តេញ​ចេញ​របស់​លោក វរសេនីយ៍​ទោ Alexander Vindman ដែល​ជា​អ្នក​ជំនាញ​អំពី​ប្រទេស​អ៊ុយក្រែន​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ក្នុង​សេតវិមាន។

លោក Vindman បាន​ផ្តល់​សក្ខីកម្ម​ប្រឆាំង​នឹង​លោក​ត្រាំនៅ​ក្នុង​រដ្ឋសភា​ក្នុង​អំឡុង​ដំណើរការ​ចោទ​ប្រកាន់​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​មុន​នឹង​ការ​អនុម័ត​បទ​ចោទ​ទាំង​ពីរ​ករណី ទោះ​បី​កាល​ពី​សប្តាហ៍​មុន លោក​ប្រធានាធិបតី​ Trump បាន​រួច​ពី​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ក្រោយ​ពី​សវនាការ​នៅ​ព្រឹទ្ធសភា​រយៈ​ពេល​៣​សប្តាហ៍​មក។

​នៅ​មុន​ការ​បណ្តេញលោក​ វរសេនីយ៍ទោ Vindman បន្តិច​ លោក​ត្រាំ​ត្រូវ​បានគេ​សាកសួរ​អំពី​លោក Vindman ដោយ​លោក​ត្រាំ​បាន​ឆ្លើយ​ថា «ខ្ញុំ​មិន​សប្បាយ​ចិត្ត​នឹង​លោក (Vindman)។ អ្នក​គិត​ថា​ខ្ញុំ​គួរ​សប្បាយ​ចិត្ត​ជាមួយ​នឹង​លោក​មែន​ទេ? មិន​ទេ»៕