សាលារៀននិងស្ថានីយ៍រថភ្លើងនៅតែបិទទ្វារនៅថ្ងៃអង្គារ៍នេះ ខណៈដែលសន្តិសុខនៅក្នុងរដ្ឋធានីព្រុចសែលនៃប្រទេសបែលហ្ស៊ិកនៅតែមានភាពតានតឹង ដោយសារតែអាជ្ញាធរនៅតែព្យាយាមស្វែងរកជនសង្ស័យសំខាន់នៅក្នុងវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ខែវិច្ឆិកានោះ។
លោក Michel បានមានប្រសាសន៍ថាលោកសង្ឃឹមថាប្រទេសអាចវិលត្រឡប់ទៅកាន់ភាពធម្មតាប្រក្រតីវិញនៅថ្ងៃពុធដោយសាលារៀនខ្លះនឹងបើកទ្វារជាថ្មីហើយរទេះភ្លើងនឹងរត់នៅក្នុងក្រុងព្រុចសែល ដែលជាទីស្នាក់ការធំរបស់សហភាពអឺរ៉ុបនិងអង្គការអូតង់។
ឈ្មោះ Salah Abdelslam ដែលជាជនជាប់សង្ស័យក្នុងការវាយប្រហារក្នុងក្រុងប៉ារីស កំពុងត្រូវរកចាប់ខ្លួននៅក្រោយអាជ្ញាធរបាននិយាយថា គាត់បានគេចខ្លួនរួចពីការតាមប្រមាញ់ដ៏ធំមួយមានទាក់ទិននឹងការវាយឆ្មក់នៅក្នុងក្រុងព្រុចសែល និងតំបន់ជាយក្រុងផងដែរ។
កងកម្លាំងសន្តិសុខក៏ផ្តោតការយកចិត្តទុកដាក់លើក្រុងនានានៅក្នុងផ្នែកខាងកើតនៃប្រទេសបែលហ្ស៊ិក ដែលនាំឱ្យគេយល់ថា ពួកប៉ូលិសព្រួយបារម្ភថា បុរសនេះដែលគេរកចាប់ខ្លួនខ្លាំងជាងគេនៅក្នុងទ្វីបអឺរ៉ុប ប្រហែលព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ដែលនៅជិតខាងប្រទេសបែលហ្ស៊ិក៕