រឿង​អាស្រូវ​ពុករលួយ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geun-hye ត្រូវបានបង្ហាញ នៅលើកញ្ចក់បញ្ចាំង កំពុងថ្លែងសុន្ទរកថានៅរដ្ឋសភាក្នុងទីក្រុង សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២៤ តុលា ២០១៦។

សមាជិក​សភា​កូរ៉េ​ខាង​ត្បូង​កំពុង​មាន​ការ​ខ្វែង​គំនិត​គ្នា​ពាក់ព័ន្ធ​នឹង​សំណើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​បញ្ចប់​ភាព​ទាល់ច្រក​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Guen-hye។

នៅ​ថ្ងៃ​អង្គារ​នេះ លោកស្រី Choo Mi-ae ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ ឬ​គណបក្ស Minjoo នៃ​ប្រទេស​កូរ៉េ ដែល​ជា​គណបក្ស​ប្រឆាំង បាន​និយាយ​ថា ការ​គាំទ្រ​ភ្លាមៗ​ឲ្យ​មាន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​គឺ​ការ​វិវត្ត​ដែល​មាន​ទំនោរ​បែប​នយោបាយ​មួយ ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​សាធារណជន​កុំ​ឲ្យ​ផ្ដោត​លើ​រឿង​អាស្រូវ​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​លោកស្រី Choi Sun-sil ដែល​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ និង​ជា​ទីប្រឹក្សា​ក្រៅ​ផ្លូវការ​របស់​លោកស្រី Park Guen Hye។

ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​កណ្ដាល​ក្រុង​សេអ៊ូល​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​ដែល​ថា លោកស្រី Choi Sun-sil បាន​ប្រើប្រាស់​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​លោកស្រី​ជាមួយ​នឹង​លោកស្រី​ប្រធានាធិបតី Park Guen Hye ដើម្បី​ទទួល​យក​ប្រាក់​ចំនួន ៦៨ លាន​ដុល្លារ​អាមេរិក ពី​ក្រុមហ៊ុន​សាជីវកម្ម​កូរ៉េ​ធំៗ ដើម្បី​ផ្គត់ផ្គង់​ដល់​មូលនិធិ​កីឡា​ពីរ​កន្លែង។

បន្ទាប់​មក លោកស្រី Choi Sun-silបាន​បញ្ជូន​ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​កីឡា​អាល្លឺម៉ង់​មួយ​ឈ្មោះ Widec Sports ដែល​ក្រុមហ៊ុន​នោះ​គ្រប់គ្រង​ដោយ​លោកស្រី និង​កូនស្រី​របស់​លោកស្រី។ ពួកគេ​ទាំង​ពីរ​ត្រូវ​គេ​រាយការណ៍​ថា​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស ដែល​ឥឡូវ​នេះ​មិន​ដឹង​ជា​ពួកគេ​រស់នៅ​កន្លែង​ណា​នោះ​ទេ៕