ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលមានការបះបោររដូវផ្ការីក ឬ Arab Spring ដ៏មានក្តីសង្ឃឹម បានប្រែក្លាយទៅជាសង្គ្រាម ឬភាពវឹកវរនោះ បាតុកម្មជាច្រើននៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីតដែលត្រូវបានធ្វើឡើងដោយនិកាយ Shia ភាគតិច បានបន្ត ជាមួយនឹងការបាត់បង់ជីវិត និងការរងរបួសជាច្រើនដែលធ្វើឲ្យការមានការបែកបាក់កាន់តែ ខ្លាំងក្នុងបណ្តានិកាយផ្សេងៗ។
ការវាយប្រហាររបស់ពួករដ្ឋអ៊ីស្លាមនាពេលថ្មីៗនេះ គឺជាការគម្រាមមួយដែលថា នឹងបង្កើនភាពតានតឹងក្នុងប្រទេសដែលផលិតប្រេងកាតធំជាងគេនៅលើពិភពលោកនេះ។ ហើយប្រទេសនេះក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់ ខណៈពេលដែលរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីតដែលប្រកាន់និកាយ Sunni កំពុងបន្តទម្លាក់គ្រាប់បែកលើពួក Houthis និកាយ Shia ក្នុងប្រទេសយេម៉ែន។
អ្នកវិភាគនិយាយថា ជម្លោះដែលចាត់ចូលជាជម្លោះ«និកាយ»នោះ ភាគច្រើនមិនមែនដោយសារតែភាពខុសគ្នាផ្នែកមនោគមវិជ្ជាដែលទាក់ទងនឹងភាពជាជនជាតិដើម ឬ សាសនានោះឡើយ ក៏ប៉ុន្តែ ជម្លោះទាំងនោះ គឺកើតឡើងចេញពីអំណាច ការប្រកួតប្រជែងយកធនធាន ឬការសងសឹកគ្នា។
លោក Mohammad al-Fal គឺជានិពន្ធនាយកសារព័ត៌មានចេញផ្សាយប្រចាំថ្ងៃនាំមុខគេរបស់អារ៉ាប៊ីសាអូឌីតឈ្មោះកាសែត Okaz។ លោកបាននិយាយពីការិយាល័យរបស់លោកនៅទីក្រុង Jeddah ថា នៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីតអំពើហិង្សាដោយការប្រកាន់និកាយ កើតមានឡើងតែរវាងក្រុមជនជ្រុលនិយមនៃភាគីទាំងសងខាងតែប៉ុណ្ណោះ ហើយប្រជាជនភាគច្រើនមិនបានចូលពាក់ព័ន្ធទេ។
ក៏ប៉ុន្តែលោក Fahed al-Shelaimi ដែលជាប្រធានវេទិកាសន្តិភាព និងសន្តិសុខនៃតំបន់ឈូងសមុទ្រពែកស៍ ដែលមានមូលដ្ឋាននៅប្រទេសកូវ៉េត បាននិយាយថា បញ្ហានេះអាចប៉ះពាល់ដល់សន្តិសុខរបស់រដ្ឋមួយនេះ។
«ខ្ញុំគិតថា យើងគួរតែគិតគូរ ហើយមិនត្រូវអើពើអំពីបញ្ហានោះទេ។ ហើយការដែលយើងគិតគូរពីវា គឺដើម្បីពិភាក្សាអំពីបញ្ហានោះ។ វាមិនមែនជាជម្លោះដោយសារនិកាយទេ។ វាជាជម្លោះនយោបាយដែលកំពុងប្រើប្រាស់និកាយជាឧបករណ៍ដើម្បីធ្វើឲ្យមានអស្ថិរភាពក្នុងរដ្ឋនានា»។
ភាពតានតឹងកំពុងកើនឡើងកាន់តែខ្លាំងក្នុងប្រទេសអារ៉ាប៊ី សាអូឌីត រវាងពួកជននិកាយ Sunniភាគច្រើន និងពួកជននិកាយ Shia ភាគតិចដែលមានប្រមាណ១៥ភាគរយនៃប្រជាជនសរុប។ កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្ស២៧នាក់ត្រូវបានសម្លាប់ ហើយមនុស្សជាង២០០នាក់ទៀតបានរងរបួសក្នុងការប៉ះទង្គិចគ្នានៅខេត្តភាគខាងកើត ដែលជាកន្លែងដែលពួកនិកាយ Shia ភាគច្រើនរស់នៅ។ នេះបើតាមសម្តីលោកGiorgio Cafiero សហស្ថាបនិកនៃក្រុមហ៊ុនប្រឹក្សាយោបល់ Gulf State Analytics។
«ពួកគេត្រូវបានគេដាក់នៅក្រៅមុខងារដែលមានអំណាច ហើយពួកគេប្រឈមមុខនឹងការរើសអើងផ្នែកការងារទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ នៅខេត្តភាគខាងកើត ការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរតែងកើតមានឡើង ដែលប្រព្រឹត្តឡើងដោយពួកអាជ្ញាធរមានអំណាច។ ហើយក៏មានអ្នកប្រឆាំងពួកនិកាយ Shi’ite ច្រើនណាស់ ដែលត្រូវបានបង្ខាំងទុក និងកំពុងតែជាប់ឃុំឃាំងដោយសារការបញ្ចេញមតិនយោបាយប្រឆាំងដោយសន្តិវិធី»។
លោកបានបន្តថា ជម្លោះក្នុងតំបន់ដែលកំពុងតែកើនឡើងនេះ បានដុតកម្តៅឲ្យមានភាពទោមនស្សកាន់តែខ្លាំងឡើងៗ។
ជាឧទាហរណ៍ ការតាំងចិត្តរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតក្នុងការកម្ចាត់ពួកឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន បានបង្កើនភាពតានតឹងផ្នែកសាសនានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយផ្ទាល់។ នេះបើតាមការអះអាងរបស់អ្នកវិភាគ លោក Theodore Karasik ដែលមានមូលដ្ឋាននៅទីក្រុង Dubai។
លោកបានបន្តទៀតថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ចាត់ទុកថាពួក Houthis ជាការគម្រាមកំហែងមួយ ព្រោះពួកគេមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ដែលជាដៃគូប្រកួតប្រជែង។ ហើយទស្សនៈរបស់អារ៉ាប៊ីសាអូឌីតយល់ឃើញថា ពួកHouthis នេះអាចពង្រឹងអំណាចដល់ពួក Shia ដែលកំពុងមានការអាក់អន់ចិត្តនៅអារ៉ាប៊ី សាអូឌីត។
«តាមទស្សនៈរបស់ប្រជាជនអារ៉ាប៊ីសាអូឌីត ពួកគេមិនចង់បានរដ្ឋមួយដែលគាំទ្រពួក Shi'ite កើតមានឡើងនៅព្រំដែនភាគខាងត្បូងប្រទេសទេ។ បើតាមការយល់ឃើញរបស់ពួកគេ ការធ្វើដូច្នោះ នឹងធ្វើឲ្យជម្លោះនៅខេត្តភាគខាងកើតឆាបឆេះកាន់តែខ្លាំង»។
លោក Cafiero និយាយថា ការថែរក្សាសន្តិភាពនៅខេត្តភាគខាងកើតគឺជា អាទិភាពដំបូងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពីព្រោះប្រេងកាតស្ទើរតែទាំងអស់នៅក្នុងប្រទេសនេះ ដែលមានប្រហែលជា១ភាគ៥នៃការផ្គត់ផ្គង់ទៅកាន់ពិភពលោក គឺមកពីតំបន់នេះ។
«សេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីតជាក់ស្តែងគឺ ពឹងផ្អែកលើការនាំចេញប្រេងកាត ហេតុដូច្នេះហើយប្រេងកាតនេះ បានធ្វើឲ្យភាពតានតឹងទាក់ទងនឹងនិកាយ នៅក្នុងរាជាណាចក្រមួយនេះ មានសារៈសំខាន់យ៉ាងក្រៃលែង បើនិយាយពីបរិបទស្ថិរភាពដែលកំពុងបន្តមានឡើង។ ការធ្វើឲ្យភាពតានតឹងទាក់ទងនឹងនិកាយកាន់តែធ្ងន់ធ្ងរ អាចចោទជាហានិភ័យដ៏ធំមួយចំពោះស្ថិរភាព»។
ក៏ប៉ុន្តែ ការទប់កំហឹងរបស់ពួកជននិកាយ Shia មិនមែនជារឿងតែមួយគត់ដែលរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីតត្រូវតែធ្វើដើម្បីបន្ធូរភាពតានតឹងដោយសារនិកាយនោះទេ ពួកគេក៏ត្រូវលួងលោមពួកនិកាយ Sunni ជ្រុលនិយមផងដែរ។
ម្យ៉ាងទៀត ព្រឹត្តិការណ៍នៃការវាយប្រហាររបស់ពួករដ្ឋអ៊ីស្លាមទៅលើព្រះវិហារអ៊ីស្លាមរបស់និកាយ Shia មួយ កាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្ស២១នាក់ អាចបន្សល់ទុកនូវបញ្ហាជាប់ឆ្គឹងមួយសម្រាប់រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត។
អ្នកវិភាគប្រវត្តិសាស្រ្ត និងនយោបាយមានមូលដ្ឋាននៅប្រទេសកូវ៉ែត លោក Haider Ghadanfariនិយាយថា ការវាយប្រហារនោះបានរួបរួមពួក Sunni និងពួក Shia ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាមួយគ្នាដើម្បីប្រឆាំងនឹងសត្រូវរបស់ពួកគេ គឺក្រុមរដ្ឋអ៊ីស្លាម។
លោក Cafiero បាននិយាយថា ស្របពេលដែលពួក Sunni និងពួក Shia កំពុងកាន់ទុក្ខរួមគ្នា រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីតក៏កំពុងប្រឈមមុខនឹងការរិះគន់ពីពួកជនជ្រុលនិយម ដែលក្នុងនោះមានអ្នកខ្លះជឿថា ពួក Shia គួរតែត្រូវបណ្តេញចេញពីប្រទេសទាំងអស់។
លោកបានបន្តទៀតថា នេះអាចពង្រឹងក្រុមរដ្ឋអ៊ីស្លាម ដែលបានស្បថរួចហើយថា នឹងកម្ទេចរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត ដើម្បីពួក Shia ទាំងអស់។
លោកនិយាយថាទៀតថា ប្រសិនបើរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីតមិនសង្រ្គោះជនរងគ្រោះដែលជាពួកShia ទេ វាអាចពង្រឹងអំណាចកងកម្លាំងពួក Shia ដែលប្រឆាំងនឹងរដ្ឋាភិបាល។ ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលអារ៉ាប៊ី សាអូឌីតជួយជនរងគ្រោះដែលជាពួកShia វិញនោះ វានឹងអាចផ្តល់អំណាចដល់កងកម្លាំងពួក Sunni ដែលប្រឆាំងនឹងរដ្ឋាភិបាលផងដែរ៕
ប្រែសម្រួលដោយ វិញ សុជាតា