គម្រោង​កំណែ​ទម្រង់​របស់​អារ៉ាប៊ីសាអូឌីត​ស្នើ​ឲ្យ​ចាក​ចេញ​ពី​ការ​ពឹង​ពាក់​លើ​ប្រេង

រូបឯកសារ៖ ព្រះមហាក្សត្រ​ Salman bin Abdul-Aziz Al Saud នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ (ឆ្វេង) និយាយ​ជាមួយ​កូន​ប្រុស​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គម្ចាស់ Mohammed។

ប្រទេស​អារ៉ាប៊ីសាអូឌីត ​បាន​បញ្ចេញ​ផែនការ​រយៈ​ពេល​យូរ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ដ៏​ធំមួយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ដោយ​ការ​ស្នើ​ផ្លាស់​ប្តូរ​ការ​ពឹង​ផ្អែក​លើ​ប្រេង​ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​របស់​ប្រទេស​នេះ។

ផែនការ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច ​ជា​ផ្នែក​មួយ​នៃការ​ខំ​ប្រឹង​ប្រែង​ដើម្បី​ស្តា​សេដ្ឋ​កិច្ច​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ឡើង​វិញ ​ដែល​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ឆៅ​យ៉ាង​ខ្លាំង ​ដែល​បង្ខំឲ្យ​ប្រទេស​នាំ​ប្រេង​ឆៅ​ធំ​ជាង​គេ​បង្អស់​របស់​ពិភពលោក​ស្វែងរក​ប្រភព​ចំណូល​ថ្មី។

ការ​ធ្វើ​កំណែ​ទម្រង់​នេះ ​មាន​គោល​បំណង​លុប​បំបាត់​បញ្ហា​ផ្ទះ​សម្បែង​ហើយ​និង​ការ​គ្មាន​ការ​ងារ​ធ្វើ​ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ពលរដ្ឋ​ភាគ​ច្រើន​បាន​ទទួល​ទឹក ​និង​ប្រាក់​ជួយ​ឧបត្ថម្ភ​ប្រេង​ពី​រដ្ឋាភិបាល។

ផែនការ​នេះ ​នឹង​ផ្តោត​លើ​ឯកជន​ភាវូបនីយកម្ម ​កាត់​បន្ថយ​ប្រាក់​ជំនួយ​ឧបត្ថម្ភ ​លក់​មហា​ក្រុមហ៊ុន​ប្រេង​ Saudi Aramco​ ចំនួន​៥​ភាគរយ​ ហើយ​និង​បង្កើត​មូលនិធិ​ដែល​មាន​ទឹក​ប្រាក់​២លាន​លាន​ដុល្លា​ដើម្បី​អភិវឌ្ឍ​ទីក្រុង​នានា។

ផែនការ​ដែល​មាន​ឈ្មោះ​ថា​ «ទស្សនៈ​សូឌី​ឆ្នាំ​២០៣០‍»​បាន​ទទួល​ការ​អនុម័ត​ពី​គណៈ​រដ្ឋមន្រ្តី​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​ចន្ទ។

ព្រះអង្គ​ម្ចាស់​ Mohammed bin Salman ​បាន​មាន​ព្រះរាជ​បន្ទូល​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​ថា ​«ខ្ញុំ​គិតថា ​នៅ​ឆ្នាំ​២០២០ ​ប្រសិន​បើ​ប្រេង​ឈប់​ដំណើរការ ​យើង ​អាច​នៅ​រស់​រាន​មាន​ជីវិត​បាន‍»។

ការ​អនុវត្ត​ផែនការ​នោះ ប្រហែល​មិន​កើត​ឡើង​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រាក់​ចំណូល​៧០​ភាគ​រយ​បាន​មក​ពី​ប្រេង​បែប​នេះ​ រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ​បាន​ចំណាយ​ប្រាក់​យ៉ាង​សម្បើម​រាប់​ទសវត្សរ៍​មក​ហើយ​ ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន​ដោយ​គ្មាន​តម្រូវ​ឲ្យ​ពួកគេ​បង់​ពន្ធ​ទេ៕