ការវាយប្រហារតាមអាកាសពីក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប់ប៊ី សាអូឌីត បានបន្តពេញមួយយប់និងបានចូលដល់ថ្ងៃច័ន្ទនេះនៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីមានការសន្យាពីក្រុមមេដឹកនាំអារ៉ាប់បន្តយុទ្ធនាការយោធាររបស់ខ្លួនរហូតដល់ក្រុមឧទ្ទាម Houthis ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ចុះចាញ់។
យន្តហោះចំបាំងបានវាយប្រហាររដ្ឋធានីសាណាអានិងតំបន់ផ្សេងៗទៀតដែលស្ថិត នៅក្នុងការវាយប្រហារតាមអាកាសថ្ងៃទី៥ គាំទ្រប្រធានាធិបតីAbd-Rabbu Mansour Hadi ដែលបានសុំជំនួយកាលពីសប្តាហ៍ដោយនិយាយថា ក្រុមឧទ្ទាម Houthis បានច្រានចោលកិច្ចខំប្រឹងប្រែងដើម្បីឲ្យមានសន្តិភាព។
ក្រុម Houthis បានកាន់កាប់រដ្ឋធានីសាណាអាកាលពីខែកញ្ញា ហើយក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ បានរុលទៅទិសខាងកើតទៅដល់កំពង់ផែទីក្រុង Adenទីដែលលោក Hadi បានរត់គេចខ្លួនទៅកាលពីខែមុន ដើម្បីព្យាយាមត្រួតត្រាទីកន្លែងនោះ។ លោកបានចាកចេញពីប្រទេសយេម៉ែនទៅកាន់រដ្ឋធានី Riyadhកាលពីសប្តាហ៍មុន។
លោក Nabil Elaraby អគ្គលេខាសម្ព័ន្ធអារ៉ាប់បាននិយាយកាលពីថ្ងៃអាទិត្យថា គេត្រូវតែធ្វើឲ្យមានរដ្ឋាភិបាលត្រឹមត្រូវតាមច្បាប់របស់លោក Hadi ឡើងវិញ ។
លោកElaraby បាននិយាយនៅពេលដែលសន្និសីទកំពូលអារ៉ាប់បានបញ្ចប់កាលពីថ្ងៃអាទិត្យនៅទីក្រុងលំហែ Sharm el-Sheik ប្រទេសអេហ្ស៊ីបថា «យើង ត្រូវតែចាត់វិធានការដ៏សំខាន់មួយដើម្បីប្រឈមនឹងពួកគេ ហើយយើងបានឃើញបញ្ហានេះពិតប្រាកដនៅពេលយេម៉ែនបានធ្លាក់ចូលក្នុងភាពចលាចល»។
ក្រុមមេដឹកនាំនៅឯសន្និសីទកំពូលក៏បានព្រមព្រៀងគ្នាបង្កើតកងកម្លាំងយោធាអារ៉ាប់រួមមួយ ដើម្បីដោះស្រាយការគំរាមខាងសន្តិសុខនិងក្រុមភេរវកម្មនៅក្នុងតំបន់៕