ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​យាង​ទៅ​បណ្ដា​ប្រទេស​អារ៉ាប់​ដែល​ជា​សម្ព័ន្ធមិត្ត

ប្រធានាធិបតី​ទុយនេស៊ី​លោក Beji Caid Essebsi ចាប់ដៃជាមួយព្រះ​អង្គ​ម្ចាស់​ Mohammed bin Salman នៅពេល​ដែល​លោក​មកដល់​វិមានប្រធានាធិបតី Carthage ក្បែរ​ Tunis កាលពី​ថ្ងៃទី​២៧ វិច្ឆិកា ឆ្នាំ២០១៨។

ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Bin Salman កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​បាន​ដំណើរការ​ទៅ​មុខ ទោះបីជា​អ្នក​កាសែត​ទុយនេស៊ី​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​លុបចោល​ការ​អញ្ជើញ​ព្រះ​អង្គ​ក៏​ដោយ។

អ្នក​តវ៉ា​ដែល​ដឹកនាំ​ដោយ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ស្ត្រី​នានា បាន​ស្រែក​បន្ទោរ​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Mohammed Bin Salman នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​កណ្ដាល​រដ្ឋធានី​ទុយនីស ប្រទេស​ទុយនេស៊ី។

ពួកគេ​រិះគន់​ព្រះអង្គ​ទាក់ទិន​នឹង​ករណី​ដែល​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អារ៉ាប៊ីសាអ៊ូឌីត​ធ្វើ​ឃាត​លើ​អ្នក​កាសែត​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​ទួរគី កាល​ពី​ខែ​តុលា។ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន​បញ្ជាក់​ថា ព្រះ​អង្គ​ម្ចាស់ Bin Salman មិន​ដឹង​អំពី​ការ​សម្លាប់​នេះ​ជា​មុន​ទេ។

ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Bin Salman កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​បាន​ដំណើរការ​ទៅ​មុខ ទោះបីជា​អ្នក​កាសែត​ទុយនេស៊ី​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​លុបចោល​ការ​អញ្ជើញ​ព្រះ​អង្គ​ក៏​ដោយ។ ប្រធានាធិបតី​ទុយនេស៊ី​លោក Beji Caid Essebsi បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក​នៅ​ក្នុង​ការ​ស្វាគមន៍​ព្រះ​អង្គ​ម្ចាស់ Mohammed Bin Salman។

នៅ​មុន​នេះ ព្រះ​អង្គ​ម្ចាស់ Bin Salman បាន​ធ្វើ​ព្រះ​រាជ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារ៉ែន និង​អេមីរ៉េត​អារ៉ាប់​រួម ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​នៅ​តំបន់​ឈូង​សមុទ្រ​ព៊ែក មុន​ពេល​យាង​ទៅ​កាន់​ទីក្រុង​ឡឺគែរ ប្រទេស​អេហ្ស៊ីប។

នៅ​ក្នុង​ទីក្រុង​ឡឺគែរ ប្រជាពលរដ្ឋ​អេហ្ស៊ីប​មួយ​ចំនួន​តូច​បាន​ស្រែក​បន្ទរ​គាំទ្រ​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Mohammed Bin Salman នៅ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​អេហ្ស៊ីប​នានា​ដែល​ក្នុង​នោះ​មាន​ទាំង​លោក​ប្រធានាធិបតី Abdel Fattah el Sisi ផង​ដែរ បាន​ស្វាគមន៍​ព្រះ​អង្គ​យ៉ាង​កក់ក្ដៅ។ ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​លើក​នេះ​គឺ​ជា​លើក​ទី ៦ ហើយ​របស់​ព្រះ​អង្គ តាំង​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​មាន​ក្លាយជា​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ឆ្នាំ ២០១៥ មក។

ព្រះ​អង្គ​ម្ចាស់ Bin Salman យាង​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​លើក​ចុង​ក្រោយ​កាលពី​ខែ​មិនា​កន្លង​ទៅ​នេះ ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ដូចជា​កិច្ច​ព្រមព្រៀង​សាងសង់​ស្ពាន​រវាង​ឧបទ្វីប Sinai និង​ដែនដី​គោក​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កិច្ច​ព្រមព្រៀង​តំបន់​សេដ្ឋកិច្ច​រួម​គ្នា និង​កិច្ច​ប្រឹងប្រែង​ដើម្បី​ធ្វើ​គម្រោង​អគ្គិសនី​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ជា​ដើម។

កាសែត Asharqalawsat របស់​អារ៉ាប៊ីសាអ៊ូឌីត បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​គឺ​ជា​ប្រទេស​អារ៉ាប់​វិនិយោគ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ដោយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កើន​លើស ៧ ពាន់ ៣ រយ​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៧។

រដ្ឋាភិបាល​អេហ្ស៊ីប និង​អារ៉ាប៊ីសាអ៊ូឌីត​ក៏​សហការ​គ្នា​លើ​ផ្នែក​យោធា​ផង​ដែរ នៅ​ក្នុង​ការ​ល្បាត​ផ្លូវ​នាវា​សំខាន់ៗ​នៅ​ក្នុង​សមុទ្រ​ក្រហម និង​នៅ​ក្នុង​ប្រទេស​យេមែន។ ប៉ុន្តែ ប្រទេស​អេហ្ស៊ីប​មិន​មាន​ទាហាន​ជើង​គោក​នៅ​ក្នុង​ប្រទេស​យេមែន​ទេ។

លោក Theodore Karasik អ្នក​វិភាគ​អំពី​តំបន់​ឈូង​សមុទ្រ​ព៊ែក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ថា ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ម្ចាស់ Mohammed Bin Salman មាន​គោល​បំណង​គៀងគរ​ការ​គាំទ្រ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​សម្រាប់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​ជម្លោះ​ក្នុង​តំបន់ ដែល​ក្នុង​នោះ​មាន​ទាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ។

លោក Karasik និយាយ​ដូច្នេះ​ថា៖ «ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ Bin Salman ទៅ​កាន់​ប្រទេស​ទុយនេស៊ី​គឺ​ពិតជា​ផ្ដោត​លើ​រឿង​អ៊ីរ៉ង់ និង​ការ​ធានា​ថា ប្រទេស​ទុយនេស៊ី​គាំទ្រ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​ពេល​ដែល​មាន​ការ​ប្រឈម​ជាមួយ​នឹង​ប្រទេស​អ៊ីរ៉ង់»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា