លោក​ស ខេង​​ស្នើ​ឲ្យ​មន្ត្រីរាជការ​តម្កល់​ប្រយោជន៍​ប្រជាជន​ឲ្យ​ធំ​ជាង​​ប្រយោជន៍​បក្ស​

រូប​ឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​នៃ​គណៈ​កម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​(គ.ជ.អ.ប) នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១០ ខែ​សីហា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។​ (ឡេង ឡែន/VOA)

អ្នកឃ្លាំមើល​សង្គម​យល់​ថា ​ការ​ផ្តល់​សេវា​សាធារណៈ​​មិន​ស្មើ​ភាព​ដល់​ប្រជាពលរដ្ឋ​​នឹង​ធ្វើ​ឲ្យ​អយុត្តិធម៌​សង្គម​កើត​ពាស​ពេញ​ប្រទេស។

លោក​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​បាន​ណែ​នាំ​ឲ្យ​មន្ដ្រី​សាធារណៈ​ទាំងអស់​ ពង្រឹង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ និង​មូលដ្ឋានដើម្បី​បម្រើ​រាស្រ្ត និង​បញ្ចៀស​ការ​ថ្នាំង​ថ្នាក់​ចិត្ត​ពី​ប្រជា​ពលរដ្ឋ​ ជា​ជាង​ការ​ពង្រឹង​ក្រុម​ការងារគណបក្ស។​

ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង នៅ​ខេត្ដ​នេះ នា​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​ លោក ​ស ខេង ​មាន​ប្រសាសន៍​ថា​ ថ្នាក់​ដឹកនាំ​ទាំង​អស់​ដែល​ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល​គឺ​កើត​ឡើង​ពី​ការ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ ដែល​លោក​ថា​ ពលរដ្ឋ​មួយ​ចំនួន​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​មិន​មែន​សុទ្ធតែ​ជា​សមាជិក​របស់​គណបក្ស​នោះ​ទេ។​

លោក​បន្ថែម​ថា​ មន្រ្តី​រដ្ឋាភិបាល​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ប្រសិទ្ធ​ភាព​របស់ក្រុម​ការងារ​រដ្ឋបាល​គ្រប់​ផ្នែក​ និង​កង​កម្លាំង​ការពារ​សន្តិសុខ​ទាំង​អស់​ដើម្បី​បម្រើ​ប្រយោជន៍​ និង​សម្រួល​ដល់​ការ​រស់​នៅរបស់​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​ទិសទី​នៃ​ប្រទេស​កម្ពុជា។​

លោក ​ស ខេង​ ដែល​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះបញ្ជាក់​ថា៖​

«ខ្ញុំ​មាន​បំណង​មួយ​ថា​ ​ពង្រឹង​ក្រុម​ការងារ​ថ្នាក់​ជាតិ​នេះ​ឲ្យ​ខ្លាំង​ ពីព្រោះ​ក្រុម​ការងារ​ថ្នាក់​ជាតិ​នេះ​គឺជា​មន្រ្តី​កាន់​តួនាទី​មុខងារ​សាធារណៈ។​ គាត់​ចុះ​ទៅ​មូលដ្ឋាន​ទាំង​ឯក​សណ្ឋាន​ ​ថ្ងៃ​ណា​ក៏​បាន​ គ្មាន​នរណា​គេ​ចោទប្រកាន់​ទេ។ ​អ៊ីចឹងបាន​ចង់​ពង្រឹង​ក្រុម​ហ្នឹង​ឲ្យ​ខ្លាំង ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ»។​

លោក​ ស ខេង​ ក៏​បាន​ប្រាប់​ឲ្យ​មន្រ្តី​រាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ឲ្យ​បម្រើ​ប្រជា​ពលរដ្ឋ​ដោយ​មិន​រើស​អើង​និន្នាការ​គណបក្ស​នយោបាយនិង​បាន​ហាម​ឃាត់មន្រ្តី​រដ្ឋាភិបាល​ទាំង​អស់​ មិន​ត្រូវ​យក​ម៉ោង​រដ្ឋបាល ​និង​សម្ភារៈ​របស់​រដ្ឋ​ទៅ​ធ្វើ​ការ​ងារ​ ឬ​បម្រើ​ការងារ​ឲ្យ​បក្ស​នោះ​ឡើយ។​

លោក​មាន​ប្រសាសន៍ថា៖​

«នៅ​ក្នុង​ការ​បំពេញ​តួនាទី​ក្នុង​មុខងារ​សាធារណៈ​ ​មន្រ្តី​សាធារណៈ​គ្រប់​មុខ​តំណែង​ត្រូវ​ខិត​ខំ​បម្រើ​ការងារ​សាធារណៈ​ រួម​ទាំង​ការ​ផ្តល់​សេវា​ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ដោយ​មិន​រើស​អើង​ខាង​នយោបាយ​ ការ​ប្រកាន់​ក្រុម ​ឬ​បក្ស​ពួក​និយម​ឡើយ»។​

នៅ​រៀង​រាល់​ពេល​មុន​និង​អំឡុង​ការ​បោះឆ្នោត​កន្លង​មក ​គេ​តែង​ឃើញ​មាន​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​យករថយន្តពាក់ស្លាក​លេខរដ្ឋ ​នគរបាល​ និង​ខេមរភូមិន្ទ​ជាដើម ទៅ​បិទ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាចដើម្បី​ចូលរួម​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត។ ​ចំណែក​មន្ត្រី​រាជការ​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ចូលរួម​ឃោសនា​បោះឆ្នោត​ឲ្យ​បក្ស​នយោបាយ ​ឬ​ទៅ​ពង្រឹង​បក្សក៏​រង​នូវ​ការ​រិះគន់​ខ្លាំង​ផង​ដែរ។​

ក្រោយ​មាន​ការ​រិះគន់​យ៉ាង​ដូច្នោះ​ ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​ណែនាំ​ និង​ហាម​ឃាត់​កុំ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ម៉ោង ​និង​សម្ភារៈ​របស់​រដ្ឋ​ដើម្បី​ទៅ​បម្រើ​បក្ស​ ​ប៉ុន្តែ​ករណី​ទាំង​នោះ​នៅ​តែ​កើត​មាន​ឡើង​ដដែល។​

មេដឹកនាំ​កង​កម្លាំង​ប្រដាប់​អាវុធ ​ដែល​រួម​មាន​មេទ័ព​ និង​មេ​នគរបាល​ តែង​ចេញ​មុខ​ប្រកាស​ការពារ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​និង​ខ្លះ​ចេញ​ពង្រឹងគណបក្ស​ និង​ប្រកាស​ឲ្យ​កង​ទ័ព​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច​ជា​ដើម។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ VOA ​នៅ​ថ្ងៃពុធ​នេះថា ការណ៍​ដែល​មន្រ្តី​សាធារណៈ​ផ្តល់​សេវា​មិន​ស្មើភាព​ដល់​ប្រជា​ពលរដ្ឋ​ ដោយ​សារ​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​នោះ ​នឹង​ធ្វើ​ឲ្យ​សង្គម​ពោរពេញ​ដោយ​ភាព​អយុត្តិធម៌។​

អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា​រូបនេះ​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជា​គួរចែង​ច្បាប់​ហាម​មិន​ឲ្យ​មន្រ្តី​រាជការ​សាធារណៈ​និង​កង​កម្លាំង​ប្រដាប់​អាវុធទាំងអស់​ធ្វើ​ជា​សមាជិក​គណ​បក្ស ​ដើម្បី​ធានា​អំពី​ភាព​អព្យា​ក្រឹត្យ​ក្នុង​ការ​ផ្តល់​សេវា​ដល់​ប្រជា​ពលរដ្ឋ​ជាទូទៅ។​

លោក​មាន​ប្រសាសន៍ថា៖​

«គ្រប់គ្រង​ប្រទេស​បែប​អ៊ីចឹងគឺ​អត់​ល្អ​ទេគឺ​បង្កើត​នូវ​អយុត្តិធម៌ ​និង​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​សង្គម​ ​ហើយ​គឺ​វា​ខុស​នឹង​គោល​ការណ៍​ដែល​នៅប្រទេស​ជឿនលឿន​គេ​មាន​បទ​ពិសោធន៍​គឺ​មន្រ្តី​រាជការ​ទាំងអស់ ​យោធា​ នគរបាល ​ចៅក្រម​ ព្រះរាជ​អាជ្ញា​ មន្រ្តី​រាជ​ការ​ស៊ីវិល​អី​ហ្នឹង​ គេ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ខាង​នយោបាយ»។

ក្នុង​ពិធី​បើក​សន្និបាត​ត្រួត​ពិនិត្យ​ការងារ​ប្រចាំ​ឆ្នាំរបស់​ក្រសួង​មហា​ផ្ទៃកាល​ពី​សប្តាហ៍​មុន ​លោក​ ស ខេង ​បាន​ប្រកាស​បង្កើន​ថវិកា​តាម​ឃុំ-សង្កាត់នៅ​ឆ្នាំ​២០២០ ​ឲ្យ​ដល់​៧៣០០០​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​ឃុំ-សង្កាត់​ឲ្យ​មាន​សណ្តាប់​ធ្នាប់​និង​មាន​សុវត្ថិភាព​ ខណៈ​ថវិកា​អភិវឌ្ឍន៍​តាម​ឃុំ-សង្កាត់ ​បច្ចុប្បន្ន​មាន​ត្រឹម​តែ​៣៥០០០​ដុល្លារ។ លោក​ក៏បាន​បន្ថែម​ថា​ នៅ​ឆ្នាំ​២០២១​ខាង​មុខ ​ថវិកា​អភិវឌ្ឍន៍​ក្នុង​មួយឃុំ-សង្កាត់​នឹង​កើន​ដល់​៨៥០០០​ដុល្លារ ​ឆ្នាំ​២០២២​នឹង​កើន​ដល់​១០​ម៉ឺន​ដុល្លារ​ ហើយ​ឆ្នាំ​២០២៣​នឹង​កើន​ដល់​១១​ម៉ឺន​ដុល្លារ។​

នៅ​មុន​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹក​នាំ​ដោយ​លោក ​កឹម សុខា ​និង​លោក​ សម រង្ស៊ី ​បាន​ប្រើ​សារ​នយោបាយ​«ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ដ្រ»។ ​ខណៈ​ដែល​សារ​នយោបាយ​នោះ​ត្រូវ​បាន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចែក​ចាយ​តៗ​គ្នា ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ប្តឹង​ទៅ​តុលាការ​ ដោយ​ចោទថា​ វា​ជា​សារ​ញុះ​ញង់ និង​ប្រមាថ​ដល់​មេឃុំ​ និង​ចៅ​សង្កាត់ ​ដែល​កំពុង​បំពេញ​ការងារ​នា​ពេល​នោះ។​

នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧​នោះ​ដែរ​ លោក ​កឹម សុខា ​ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ឃោសនា​ថា ​នឹង​ផ្តល់​ថវិកា​ប្រមាណ​ពី​៥០​ម៉ឺន​ដុល្លារ​រហូត​ដល់​១​លាន​ដុល្លារសម្រាប់​អភិវឌ្ឍន៍​ក្នុង​មួយឃុំ-សង្កាត់ នៅ​ពេល​គណ​បក្ស​របស់​លោក​ជាប់​ឆ្នោត៕