លោក​ Sanders និយាយ​ថា​លោក​នឹង​បោះ​ឆ្នោត​ឲ្យ​លោក​ស្រី​ Clinton

លោក Bernie Sanders បេក្ខជន​ដែល​ព្យាយាម​ឲ្យ​ទទួល​បាន​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ២០១៦។

លោក ​Bernie Sanders ​បេក្ខជន​ប្រធានាធិបតីស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ Morning Joe ​នៃ​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ MSNBC ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ លោក​នឹង​បោះឆ្នោត​ជូន​លោក​ស្រី Hillary Clinton ​នៅ​ក្នុង​ការ​បោះឆ្នោត​ទូទៅ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

សមាជិក​ព្រឹទ្ធសភា ស.រ.អ.​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា​ ការ​បញ្ឈប់​លោក​ Donald Trump ​មិន​ឱ្យ​ចូល​ក្នុង​សេតវិមាន​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ជា​គោល​ដៅ​មួយ​ក្នុង​បណ្តា​គោល​ដៅ​មួយ​ចំនួន​របស់​លោក។​

លោក​បាន​មាន​ប្រសាសន៍​ថា៖ «បញ្ហា​នៅ​ពេល​នេះ​គឺ​ខ្ញុំ​នឹង​ធ្វើអ្វី​ទាំង​អស់​ដែល​ខ្ញុំ​អាច​ធ្វើបាន​ដើម្បី​កុំឱ្យ​លោក ​Trump ​ឈ្នះ​ឆ្នោត។ ខ្ញុំ​យល់ថា​លោក Trump ជា​មហន្តរាយ​ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី»។

លោក​ Sanders ​នៅ​តែ​ឃោសនា​បោះឆ្នោត​និង​និយាយ​នៅ​ក្នុង​ការជួបជុំ​អ្នក​បោះ​ឆ្នោត​នៅទូទាំង​ប្រទេស​ ទោះ​ណា​ជា​កាល​ពី​ដើម​ខែ​មិថុនា​ លោកស្រី​ Clinton បាន​ទទួល​ចំនួន​ប្រតិភូ​ដែល​លោកស្រី​ត្រូវការ​ដើម្បី​ឱ្យ​ក្លាយ​ទៅជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​ក៏​ដោយ។ លោក​បាន​បដិសេធ​គំនិត​ដែល​ថា​ លោក​គួរ​ដក​ខ្លួន​ថយ​នៅ​មុន​មហា​សន្និបាត​របស់​គណបក្ស។

លោក ​Sanders​ បាន​មាន​ប្រសាសន៍​ថា៖ «ហេតុ​ដូចម្តេច​បាន​ជា​ខ្ញុំ​មិន​ចង់​ធ្វើអ្វី​ដែល​យើង​អាច​ធ្វើ​បាន​នៅ​ពេល​ខ្ញុំ​ចង់​ប្រយុទ្ធ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ យើង​មាន​កម្មវិធី​ល្អ​បំផុត​ដែល​យើង​អាច​មាន»។

លោក​និយាយ​ទទូច​ថា​វត្តមាន​របស់​លោក​មាន​គោលដៅ​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​អាមេរិកាំង​មាន​ការ​ទាក់ទិន​ជាមួយ​ដំណើរ​ការ​នយោបាយ៕