ក្រុមហ៊ុន Samsung បញ្ឈប់​ការ​លក់​ទូរស័ព្ទ​ម៉ាក Galaxy Note 7​ បន្ទាប់​ពី​ការ​មាន​ផ្ទុះ​ថ្ម​ទូរស័ព្ទ

អតិថិជន​ម្នាក់​កាន់​ទូរស័ព្ទ​ម៉ាក Galaxy Note 7 នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន KT នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។

ក្រុមហ៊ុន​ទូរស័ព្ទ Samsung​ របស់​កូរ៉េ​ខាង​ត្បូង​បាន​ផ្អាក​ការ​លក់​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​ប្រភេទ Galaxy Note 7 ​នៅ​ថ្ងៃ​សុក្រ​នេះ ​ក្រោយ​តែ​២សប្តាហ៍​ បន្ទាប់​ពី​ការ​ប្រកាស​បើក​លក់​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​នេះ។​ ការ​ផ្អាក​នេះ​កើត ឡើង​បន្ទាប់ពី​គេ​រក​ឃើញ​ថា ថ្ម​ខ្លះ​របស់​ទូរស័ព្ទ​ទំនើប​នេះ​បាន​ផ្ទុះ​នៅ​ពេល​ដែល​កំពុង​សាក​ ឬ​បញ្ចូល​ថ្ម។

ប្រធាន​ក្រុមហ៊ុន​អាជីវកម្ម​ទូរស័ព្ទ​ចល័ត ​Samsung លោក Koh Dong-jin ថ្លែង​ថា​អតិថជន​ដែល​បាន​ទិញ​ទូរស័ព្ទ​ Note 7s​ នឹង​អាច​ប្តូរ​យក​ទូរស័ព្ទ​ទំនើប​ថ្មី​បាន មិន​ថា​ពួកគេ​ទិញ​ពេល​ណា​នោះ​ទេ។

លោក​បាន​ថ្លែង​ថា​ ការ​ស៊ើប​អង្កេត​របស់​ក្រុមហ៊ុន​បាន​បង្ហាញ​ថា ថ្ម​របស់​ទូរស័ព្ទ​ចល័ត ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្ម​ទូរស័ព្ទ​ទាំង​ពីរ​ បាន​បង្ក​ឲ្យ​មាន​ការ​ឆេះថ្ម​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​មួយ​ណា​នោះ​ទេ។ ​ទូរស័ព្ទ Note 7s​ ត្រូវ​គេ​ប្រមូល​ពី​កន្លែង​លក់​ទូរស័ព្ទ​មក​វិញ​ក្នុង​ប្រទេស​ចំនួន​១០​ រួម​ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក។ ​មាន​អ្នក​ប្រើប្រាស់​ខ្លះ​បាន​រាយការណ៍​ថា​ទូរស័ព្ទ​ប្រភេទ​នេះ​ បាន​ឆេះ​ ឬ​ផ្ទុះ​ពេល​សាកថ្ម​ និង​ពេល​បញ្ជូន​រូបភាព​ក្នុង​ទូរស័ព្ទ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម។ ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា មាន​៣៥​ករណី​បែប​នេះ ​កើត​ឡើង​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​នៅ​ប្រទេស​ក្រៅ៕