ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​សំឡឹង​ទៅ​រក​«សេដ្ឋកិច្ច​ពុទ្ធិ»​ផ្អែកលើ​បច្ចេកវិទ្យា​ទំនើប


កុមារា​ពីរ​នាក់​សាកល្បង​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ឯ​សាលារៀន​របស់​ពួកគេ ដែល​ស្ថិត​ក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៥។​ (អូន ឆេងប៉រ/VOA)

ចំនួន​អ្នក​ត​ភ្ជាប់​ដើម្បី​ប្រើប្រាស់​អ៊ីនធឺណែត ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក ក្នុង​អត្រា​ប្រមាណ​​ជាង២០០០% ​ពី​ចំនួន​ប្រមាណ​៣សែន​២​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១០ កើន​ដល់​​ជិត៧​លាន​នាក់​ គិត​ត្រឹម​ដំណាច់​ឆ្នាំ២០១៥​ ហើយ​៩៤%នៃ​ប្រជាជន​សរុប មាន​ទូរស័ព្ទ​ដៃ​ប្រើប្រាស់។

សេវា​អ៊ីនធឺណែត​មិន​ទាន់​ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ដោយ​ស្រួល និង​ទូលំ​ទូលាយ​នោះ​ទេ កាលពី​អំឡុង​១០ឆ្នាំ​មុន​ ឬ​ក៏​ត្រឹម​៥​ ឬ​៦ឆ្នាំ​មុន​នេះ។ សេវាអ៊ីន​ធឺណែត​អាច​រក​បាន​តែ​នៅ​ក្នុង​ហាង​អ៊ីនធឺណែត​នៅ​តាម​ទីប្រជុំជន ហើយ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ដែល​អាច​ថតរូប និង​បំពេញ​មុខងារ​បាន​នោះ ក៏​មាន​ចំនួន​តិចតួច​ដែរ​នៅ​ពេល​នោះ។

ក៏​ប៉ុន្តែ​ ការ​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ​មាន​កំណើន​ជា​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​និន្នាការ​នេះ​កំពុង​តែ​ជួយ​រុញ​ច្រាន​ឱ្យ​មាន​ការ​ប្រែប្រួល​ផ្នែក​សង្គម​សេដ្ឋកិច្ច និង​នយោបាយ​ខ្មែរ​យ៉ាងឆាប់​រហ័ស។ នេះ​បើ​យោង​តាម​ការ​មើល​ឃើញ​របស់​អ្នក​អង្កេត​ការណ៍​លើ​វិស័យ​នេះ និង​មន្ត្រី​ពាក់ព័ន្ធ។

បរិក្ខារ​ទំនើបៗ និង​កម្មវិធី​ Software ថ្មីៗ បម្រើ​ឱ្យ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន រួម​មាន ទូរស័ព្ទ​ទំនើប កម្មវិធី​ទូរស័ព្ទ​ដ៏​វ័យ​ឆ្លាត ក៏​ដូចជា​វិសាលភាព​កាន់​តែ​ទំលំ​ទូលាយ​នៃ​សេវា​អ៊ីនធឺណែត ដែល​បាន​ទៅ​ដល់​ដៃ​ប្រជាជន​ខ្មែរ​ជា​ច្រើន​លាន​នាក់ ប្រើ​ប្រាស់​យ៉ាង​សកម្ម​ជា​រៀងរាល់​ថ្ងៃ។

អង្គុយ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ គ្រប​ដណ្ដប់​ដោយ​រលក​សេវា​អ៊ីនធឺណែត​ឥត​ខ្សែ (wifi) លោក សួន ណារ៉េន ជា​សហគ្រិន​ខ្មែរ​ម្នាក់ បាន​ប្រាប់​ VOA​ ថា សម្ភារៈ​បរិក្ខារ​បច្ចេកវិទ្យា​ទំនើប បាន​នឹង​កំពុងដើរ​តួនាទី​ជា​ជំនួយការ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អាជីវកម្មរបស់​លោក។

«ខ្ញុំ​គិត​ថា​ជួយ​ខ្ញុំ​ឱ្យ​បាន ជួយ​ឱ្យ​អាជីវកម្ម​របស់​ខ្ញុំ​ដំណើរការ​ល្អ ហើយ​ជួយផ្ដល់​នូវ​ដំណឹង​ទៅ​ដល់​អតិថិជន​រហ័ស ជួយ​ឱ្យ​ជីវិត​កាន់​តែ​ងាយ​ស្រួល​ យើង​អាច​ទទួល​បាន​ព័ត៌មាន​ថ្មីៗ»។

លោក ណារ៉េន បាន​បន្ថែម​ថា ​លោក​ប្រើប្រាស់​កម្មវិធី​កំពុង​ពេញ​និយម​មាន​ដូចជា Skype និង Facebook ជាដើម ភ្ជាប់​នឹង​ទូរស័ព្ទ​ទំនើប និង​កុំព្យូទ័រ​ជាមួយ​នឹង​អ៊ីនធឺណែត​ដែល​ងាយ​នឹង​ស្វែងរក ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ប្រតិបត្តិការ​អាជីវ​កម្ម​ជាមួយ​នឹង​អតិថិជន​របស់​លោក។

រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

យោង​តាម​តួលេខ​ផ្លូវការ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា (TRC) ដែល​ជា​ស្ថាប័ន​ចំណុះ​ឱ្យ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍ ចំនួន​អ្នក​ត​ភ្ជាប់​ដើម្បី​ប្រើប្រាស់​អ៊ីនធឺណែត ​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក ក្នុង​អត្រា​ប្រមាណជាង២០០០% ​ពី​ចំនួន​ប្រមាណ​៣សែន​២​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១០ កើន​ដល់ជិត៧​លាន​នាក់​ គិត​ត្រឹម​ដំណាច់​ឆ្នាំ២០១៥​ ហើយ​៩៤%នៃ​ប្រជាជន​សរុប មាន​ទូរស័ព្ទ​ដៃ​ប្រើប្រាស់។

លោក ខូវ មករា អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ បាន​ពន្យល់​ថា កត្តា​កំណើន​សេដ្ឋកិច្ច​ បាន​នាំ​ឱ្យ​ជីវភាព​ប្រជាជន​ខ្មែរ​ជា​ទូទៅ​មាន​លក្ខណៈ​ធូរធារ​ជាង​មុន នាំ​ឱ្យ​ពួក​គាត់​មាន​លទ្ធភាពទិញ​សម្ភារៈ​បច្ចេកវិទ្យា​ទំនើបៗ​ចុង​ក្រោយ​បង្អស់​យក​មក​ប្រើប្រាស់។

«វិស័យ​បច្ចេកវិទ្យា​ទូរ​គមនាគមន៍ និង​ព័ត៌មាន​ហ្នឹង​ បាន​នឹង​កំពុង​ផ្លាស់ប្ដូរ របៀប​របប​រស់នៅ និង​របៀប​របប​ធ្វើ​ការ​របស់​ប្រជាជន​យើង​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ រាល់​ថ្ងៃ​ហ្នឹង … យើង​ឃើញ​ការ​វិវត្ត​វិស័យ​ហ្នឹង​ជា​និន្នាការ​សកល ដែល​ធ្វើ​ឱ្យ​គ្រឿង​សម្ភារៈ​បរិក្ខារ​នៅ​ក្នុង​វិស័យ​ហ្នឹង​មាន​ការ​ចុះ​ថ្លៃ​ច្រើន»។

អ្នក​នាំ​ពាក្យ​រូប​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា កម្ពុជា​ដែល​ទើប​នឹង​ត្រូវ​បាន​ធនាគារ​អភិ​វឌ្ឍ​អាស៊ី​ (ADB) ​ប្រសិទ្ធ​នាម​ថា ​ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​នោះ នឹង​ទទួល​បាន​ផល​ចំណេញ​បន្ថែម​ពីកំណើន​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ហើយ​លោក​ថា​បច្ចេក​វិទ្យា​ទំនើប នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ខ្លា​ថ្មីថ្មោង​មួយ​នេះ។

វត្តមាន​នៃ​បច្ចេកវិទ្យា​ទំនើប​ទាំង​នេះ និង​ការ​ហូរ​ចូល​មក​នៃ​បណ្ដាញ​ផ្សព្វផ្សាយ​ទំនាក់​ទំនង​សង្គម​ រួមមាន Facebook​ និង​ Blog​ បាន​មាន​ឡើង​ព្រម​គ្នា។ បើ​យោង​តាម​ក្រុមហ៊ុន​ទិន្នន័យ​ទីផ្សារ​ឌីជីថល​ Geeks In Cambodia ប្រជាជន​ខ្មែរ​ជាង​៣លាន​នាក់ ជា​អ្នក​ប្រើប្រាស់ ​Facebook យ៉ាង​សកម្ម​ជា​រៀង​រាល់​ថ្ងៃ គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ។

​កំណើន​ប្រជាប្រិយ​ភាព​នៃ​ការ​ប្រើប្រាស់​ Facebook ដែល​មាន​បន្ត​គ្នា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​បម្រែ​បម្រួល​យ៉ាង​ខ្លាំង​ដល់​ឆាក​នយោបាយ​ខ្មែរ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ជំទាស់​ធំ​ជាង​គេ​នៅ​កម្ពុជា មាន​ឱកាស​តិចតួច​ក្នុង​ការ​បង្ហាញ​គំនិត​ទស្សនៈ​ និង​គោល​នយោបាយ​របស់​ខ្លួន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​រួមមាន​ វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក។

ប៉ុន្តែ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៣ បក្ស​មួយ​នេះ​បានប្រើ​ប្រាស់​ Facebook ​ជា​វេទិកា​ឃោសនា​បំពង ​សំឡេង ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​វ័យ​ក្មេង រហូត​ស្ទើរ​តែ​អាច​ទាញ​ទម្លាក់​ពី​អំណាច​របស់​គណបក្សប្រជាជន​កម្ពុជា ដែល​កាន់កាប់​ប្រទេស​កម្ពុជា​ជិត​៤០ឆ្នាំ​មក​ហើយ ជាមួយ​នឹង​ការ​ធ្វើឱ្យ​បក្ស​កាន់​អំណាច​មួយ​នេះ​បាត់បង់​អស់២២អសនៈ​នៅ​ក្នុង​រដ្ឋសភា។

រូបភាព​គេហទំព័រ Facebook របស់​លោក សម រង្ស៊ី ដែល​បង្ហាញ​សារ​របស់​លោក​ថា «អាណត្ដិ ទី ៦ (២០១៨-២០២៣) ៖ បើ គ.ជ.ប. ត្រឹមត្រូវ​ជាង​មុន​យ៉ាងតិច ៦២ នាក់ ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នាំ​មក​នូវ​ការផ្លាស់ប្តូរ​ ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន»។ (រូបថត៖ គេហទំព័រ Facebook របស់លោក សម រង្ស៊ី)
រូបភាព​គេហទំព័រ Facebook របស់​លោក សម រង្ស៊ី ដែល​បង្ហាញ​សារ​របស់​លោក​ថា «អាណត្ដិ ទី ៦ (២០១៨-២០២៣) ៖ បើ គ.ជ.ប. ត្រឹមត្រូវ​ជាង​មុន​យ៉ាងតិច ៦២ នាក់ ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នាំ​មក​នូវ​ការផ្លាស់ប្តូរ​ ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន»។ (រូបថត៖ គេហទំព័រ Facebook របស់លោក សម រង្ស៊ី)

កម្ពុជា​ទើប​នឹង​ដាក់​ចេញ​គោល​នយោបាយ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យាព័ត៌មាន ​និង​សារ​គមនាគមន៍ កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ ដែល​មាន​ការ​គូស​បង្ហាញ​នូវ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ជួយ​សម្រេច​គោលដៅ​ប្រែ​ក្លាយ​សេដ្ឋកិច្ច​ខ្មែរ​ជា​សេដ្ឋកិច្ច​ពុទ្ធិនា​ពេល​អនាគត។

គោល​នយោបាយ ដែល​មាន​កម្រាស់​៤៤​ទំព័រ បាន​គូស​បញ្ជាក់​ផែនការ ដែល​មាន​គោលដៅ​ធានា​ការ​រៀបចំ​ខ្លួន​ឱ្យបាន​រួចរាល់​របស់​វិស័យ​សាធារណៈ ​វិស័យ​ឯកជន និង​ប្រជាជន​ស៊ីវិល បង្កើន​សមត្ថភាព​សម្រប​ខ្លួន ​និង​ទាញ​យក​ប្រយោជន៍​ពី​ការ​វិវត្ត​ដែល​មាន​ល្បឿន​លឿន​រហ័ស​នៃ​បច្ចេក​វិទ្យា​ទំនើប។

នៅ​ក្នុង​ឯកសារ​គោល​នយោបាយ​នោះ​ផង​ដែរ រដ្ឋាភិបាល​ខ្មែរ​បាន​ចាត់​ទុក​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារ​គមនាគមន៍​ជា​«សសរ​ស្ដម្ភ​មួយ​ក្នុង​ចំណោម​សសរ​ស្ដម្ភ​ដ៏​មាន​សារៈសំខាន់​ទាំង​ឡាយ ​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា»។ កំណើន​នេះ​ស្ថិត​ក្នុង​ចំណោម​កំណើន​ដែល​លឿន​បំផុត​លើ​លោក។

លោក ខេង ពិសិដ្ឋ មន្ត្រីផ្នែក​អនុវត្ត​គម្រោង​នៅ​ឯ​វិទ្យាស្ថាន​បើក​ទូលាយ (Open Institute) ​ដែល​បាន​តាមដាន​ជា​ច្រើន​ឆ្នាំ​ទៅ​លើ​វិស័យ​នេះ បាន​និយាយ​ថា​ បម្រែ​បម្រួល​ដ៏​រហ័ស​នៃ​ការ​ភ្ជាប់​ប្រជាជន​កម្ពុជា​ទៅ​នឹង​សេវាកម្ម​អ៊ីនធឺណែត ​និង​បរិក្ខារ​បច្ចេក​វិទ្យា​ទំនើបៗ ​បាន​នឹង​កំពុង​រីក​សាយ​ភាយ​ឥទ្ធិពល​កាន់​តែ​ខ្លាំង។

លោក ​ខេង ​ពិសិដ្ឋ​ ក៏​បាន​គូស​សម្គាល់​ដែរ​ថា នៅ​ក្នុង​និន្នាការ​នៃ​រដ្ឋាភិបាល​អេឡិចត្រូនិក បច្ចេកវិទ្យា​ទំនើបត្រូវ​បាន​គេ​កំពុង​ប្រើប្រាស់​ក្នុង​ការ​ផ្ដល់​ដំណឹង​ទាក់​ទង​នឹង​បម្រែបម្រួល​អាកាសធាតុ​ ការ​អប់រំ​ និង​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ជំនួញ។

«វា​ស្រប​ពេល​ដែល​វិស័យ​ផ្សេងៗ​មាន​ការ​រីក​ចម្រើន ​បច្ចេកវិទ្យា​នេះ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជំនួយ​បច្ចេកទេស​មួយ​ដែល​ធ្វើ​ឱ្យ​កំណើន​ការ​អនុវត្ត​ការងារ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​មាន​ភាព​ល្អ ​មាន​ភាព​សុក្រឹត្យ​ប្រសើរ​ជាង​មុន»។

នៅ​ពេល​ដែល​ការ​ប្រតិបត្តិ​ការងារ​ និង​រក្សា​ទុក​ឯកសារ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ឡើង ​ទៅ​លើ​កម្មវិធី ​និង​បរិក្ខារ​បច្ចេកវិទ្យា​ទំនើប​នោះ​អ្នក​នាំ​ពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ ​លោក​ ខូវ​ មករា ​ក៏​បាន​ព្រមាន​ពី​ហានិភ័យ​ដូច​ដែល​មាន​ចែង​ក្នុង​ឯកសារ​គោល​នយោបាយ​របស់ក្រសួង​ផង​ដែរ។

«បញ្ហា​ប្រឈម​ក្នុង​ការ​ប្រើប្រាស់ និង​ផល​ប៉ះពាល់ អាច​ជា​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន អាច​មាន​ដែរ​នៅ​ក្នុង​ហ្នឹង តាមរយៈ​ការ​ប្រើប្រាស់​ខុស​គោលដៅ ឬ​ប្រើប្រាស់​ក្នុង​ន័យ​អវិជ្ជមាន​ អ៊ីចឹង​បាន​យើង​និយាយ​ ជាពិសេស ​បច្ចេកវិទ្យា​ប្រៀប​ដូច​អាវុធ​មុខ​ពីរ​អ៊ីចឹង ​បើ​យើង​ប្រើ​ត្រូវ​គោលដៅ​វា​ផ្ដល់​ផល​ល្អ ​បើ​យើង​ប្រើ​ខុស​គោលដៅ ​វា​នាំ​ឱ្យ​មាន​ផលពិបាក​ខ្លះ​ដែរ»។

រដ្ឋាភិបាល​ខ្មែរ​ ក៏​បាន​ទទួល​ស្គាល់​តាមរយៈ​ឯកសារ​គោល​នយោបាយ​អភិវឌ្ឍ​វិស័យ​នេះ​ផង​ដែរ​ថា ​ការ​អនុវត្ត​ប្រព័ន្ធ​អាជីវកម្ម​អេឡិចត្រូនិក ​ត្រូវ​យឺតយ៉ាវ ​ដោយ​សារ​តែ​កង្វះ​ការ​ការពារ​ផ្នែក​សន្តិសុខ​ទៅ​លើ​ទិន្នន័យ​ទាក់ទង​នឹង​ការ​ទូទាត់​ប្រាក់ ​បូករួម​នឹង​កង្វះ​ធន​ធាន​មនុស្ស ​និង​ការ​ច្នៃ​ប្រឌិត​បង្កើត​ថ្មី​លើ​វិស័យ​នេះ​ជា​ដើម។

ប៉ុន្តែ​ស្រប​ពេល​ទន្ទឹម​គ្នា​នេះ ក៏​មាន​មជ្ឈដ្ឋាន​សិស្ស​និស្សិត​មួយ​ចំនួន បាន​នឹង​កំពុង​ប្រើប្រាស់​ឧបករណ៍​បរិក្ខារ ​និង​កម្មវិធី​បច្ចេកវិទ្យា​ទំនើប​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព ​ហើយ​ថែម​ទាំង​ឈាន​ទៅ​ដល់​ការ​ស្រាវជ្រាវ​បង្កើត​ថ្មី​ថែម​ទៀត​ផង ​បើ​ទោះ​ជា​ការ​ឧបត្ថម្ភ​ទ្រទ្រង់​នៅ​មាន​កម្រិត​យ៉ាង​ណា​ក្ដី។

កុមារី​ពីរ​នាក់​អង្គុយ​ចុច​ទូរស័ព្ទ​ទំនើប ក្នុង​ពិធី​សាធារណៈ​មួយ​នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២៤ ខែ​មេសា​ ឆ្នាំ​២០១៦។ (អូន ឆេងប៉រ/VOA)
កុមារី​ពីរ​នាក់​អង្គុយ​ចុច​ទូរស័ព្ទ​ទំនើប ក្នុង​ពិធី​សាធារណៈ​មួយ​នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២៤ ខែ​មេសា​ ឆ្នាំ​២០១៦។ (អូន ឆេងប៉រ/VOA)

សិស្ស​និស្សិត​មួយ​ចំនួន​ បាន​និង​កំពុង​សិក្សា​អំពី​បញ្ហា​ប្រឈម​នៅ​ក្នុង​សហគមន៍​មក​ច្នៃ​ជា​ដំណោះ​ស្រាយ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ជា​ជំនួយ។ តួ​យ៉ាង​ថ្មីៗ​នេះ មាន​យុវតី​វ័យ​ជំទង់​មួយ​ក្រុម ដែល​មាន​មូលដ្ឋាន​មក​ពី​តំបន់​ជនបទ​ផ្សេងៗ​ពី​គ្នា​នៅ​ក្នុង​ប្រទេស បានធ្វើ​ការ​រួមគ្នា​បង្កើត​កម្មវិធី​ទូរស័ព្ទដោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម។

ជាក់ស្ដែង​ក្រុម​យុវតី​ដែល​មាន​វ័យ​តិច​ជាង​១៤ឆ្នាំ និង​ដែល​បាន​ប្រសិទ្ធ​នាម​ក្រុម​ខ្លួន​ថា ​LiGeek ​បាន​ចងក្រង​កម្មវិធី​ទូរ​ស័ព្ទ ​(Mobile Application) ​មួយ​ឈ្មោះថា​ ImEx ​ដែល​ដើរ​តួ​នាទី​ជា​វេទិកា​ជួប​គ្នា​រវាង​អ្នក​ទិញ ​និង​អ្នក​ផ្គត់ផ្គង់​កសិផល ​ដើម្បីដើរ​បញ្ចៀស​ក្រុម​ឈ្មួញ​កណ្ដាល ដែល​តែងតែ​ល្បី​ថា ទិញ​កសិផល​ពី​កសិករ​ក្នុង​តម្លៃទាប។

ការងារ​ចង​ក្រង​កម្មវិធី​ទូរស័ព្ទ​ដែល​ចំណាយ​ពេល​អស់​ជា​ច្រើន​សប្ដាហ៍​ជាមួយ​នឹ​ង​ការ​បណ្ដុះ​បណ្ដាល​ពី​សំណាក់​គ្រូ​ជំនាញ ​នាំ​ឱ្យ​យុវតី​មួយ​ក្រុម​នេះ ​ស្វែង​រក​ដំណោះ​ស្រាយ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​បញ្ហា​ប្រឈម​របស់​ឪពុកម្ដាយ ​សាច់ញាតិ​ និង​អ្នក​ភូមិ​ផង​របង​ជាមួយ​របស់​ពួក​គេ​នៅ​ស្រុក​កំណើត។​ នេះបើ​តាម​ការ​ឱ្យ​ដឹង​ពី​យុវតី ​អ៊ុន ​ស្រីនាង ​វ័យ​១៣​ឆ្នាំ ​ដែល​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ LiGeek ​នេះ។

«ប៉ុន្តែ​គាត់​(កសិករ)​អត់​មាន​ទីផ្សារ​ច្បាស់​លាស់​ទេ ​ពេល​ខ្លះ​គាត់​មាន​អតិថិជន ពេល​ខ្លះ​គាត់​លក់​តែ​នៅក្នុង​ភូមិ​គាត់​ទេ។​ អញ្ចឹង ​ទើប​យើង​គិត​ថា​ យើង​ចង់​ឱ្យ​ផលិតផល​ខ្មែរ​យើង​កាន់​តែ​ល្បី​ផង​ ហើយ​ឱ្យ​ប្រជាជន​រក​ចំណូល​បាន​កាន់​តែ​ច្រើន​ផង»។

បើ​ទោះ​ជាមាន​ការ​ជំរុញ​ពី​ថ្នាក់​ជាតិ​ឱ្យ​រុញ​បញ្ចូល ​និង​បង្កើន​កម្រិត​អក្ខរកម្ម​ផ្នែក​ព័ត៌មាន​វិទ្យា​ក្នុង​ចំណោម​ស្រទាប់​ពលរដ្ឋ​ និង​មន្ត្រី​រាជការ ​សិស្ស ​និស្សិត​ក្ដី ​លោក ​ខេង​ ពិសិដ្ឋ​ នៃ​វិទ្យាស្ថាន​បើក​ទូលាយ ​បាន​ស្នើ​ជា​យោបល់​ថា​ ការ​ស្រាវជ្រាវ​បង្កើត​ថ្មី ​គួរ​ធ្វើ​ស្រប​តាម​បញ្ហា​ជាក់​ស្ដែង​ និង​មានចក្ខុវិស័យ​ប្រមើមើល​អនាគត​វែង​ឆ្ងាយ។

«យើង​ប្រមើមើល​ទៅ​ថ្ងៃ​អនាគត ​តើ​បច្ចេក​វិទ្យា មនុស្ស​នឹង​ចង់​បានអី ​អ្វី​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​មនុស្ស។ អ្វី​ដែល​អាច​ធ្វើ​[ដូច]​ម្ដេច​ឱ្យ​មនុស្ស​ងាយ​ស្រួល ​តើ​យើង​គួរ​ច្នៃ​ប្រ​ឌិត​អ្វី ​តើ​យើង​គួរ​មាន​ឧបករណ៍​អ្វី​ដែល​អាច​ជួយ​ដល់​បញ្ហា​ទាំង​អស់​នោះ»។

ទោះ​ជា​យ៉ាង​ណាក្ដី​ ការ​វិវត្ត​ឈាន​ទៅ​មុខ​នៃ​បច្ចេកវិទ្យា​ទំនើប ​នៅ​តែ​ស្ថិត​ក្នុង​ការ​អង្កេត​តាមដាន​នៅ​ឡើយ ​រវាងចេតនា​ដ៏​ស្មុគ្រស្មាញ​នានា​នៃ​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា ​និង​និយ័តករ​នៃ​វិស័យ​នេះ។ តួយ៉ាង ឯកសារ​ផ្លូវ​ច្បាប់​ទាក់ទង​នឹង​បទ​ល្មើស​បច្ចេកវិទ្យា ​កំពុង​តែ​ស្ថិត​ក្រោម​ការ​ព្រាង ​និង​តាក់តែង​យ៉ាង​ចម្រូង​ចម្រាស​នៅ​ឡើយ។

រដ្ឋាភិបាល​ខ្មែរ​ធ្លាប់​បាន​ប្រកាស​ថា ​ការ​តាក់តែង​ច្បាប់​ស្ដីពី​ទូរ​គមនាគមន៍ ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ ​មក​លើ​ប្រព័ន្ធ​ទិន្នន័យ​រដ្ឋ​ និង​ឯកជន​នានា។ តែ​ក្រុម​អ្នក​រិះ​គន់​ បាន​លើក​ហេតុ​ផល​ថា ​រដ្ឋាភិបាល​គ្រាន់​តែ​ចង់​បង្កើន​សំណាញ់​ត្រួត​ពិនិត្យ ​និង​រឹត​ត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នៅ​លើ​លំហ​អ៊ីនធឺណែត​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG