កីឡា​អូឡាំពិក​នៅ​ក្រុង Rio បាន​បើក​ជា​ផ្លូវការ​ជាមួយ​នឹង​ចង្វាក់​រាំ​សាំបា និង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៃ​ការ​បាញ់​កាំជ្រួច

ការបើកឆាកកីឡា​អូឡាំពិក​នៅ​ក្រុង Rio ដ៏អស្ចារ្យមានជាការបង្ហាញភ្លើងពណ៌ជាមួយនឹងអ្នករាំជាច្រើន។

ពិធី​បើក​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង Rio ប្រទេស​ប្រេស៊ីល កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​បាន​ចាប់​ផ្ដើម​ឡើង​ជាមួយ​នឹង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​ដែល​បន្លឺ​ចេញ​ពី​ក្រុម​មនុស្ស​រាប់​ម៉ឺន​នាក់ និង​បទ​ចម្រៀង​ទំនើប​ដែល​រៀបរាប់​ពី​សេចក្តី​ស្រលាញ់​ចំពោះ​ប្រទេស​ប្រេស៊ីល។

អ្នក​រៀបចំ​ដំណើរការ​នៃ​ពិធី​បើក​ប្រកួត​កីឡា​អូឡាំពិក​លោក Marco Balich គឺ​មិន​មែន​ជា​មនុស្ស​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ដែល​ស្គាល់​នោះ​ទេ។ លោក​ធ្លាប់​រៀបចំ​ពិធី​បើក​ប្រកួត​កីឡា​ចំនួន ១៧ រួច​មក​ហើយ​នៅ​ក្នុង​ពិភពលោក ដែល​ក្នុង​នោះ​រួម​មាន​កីឡា​អូឡាំពិក​រដូវ​រងា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Turin ប្រទេស​អ៊ីតាលី​កាល​ពី​ឆ្នាំ ២០០៦ និង​កីឡា​អូឡាំពិក​រដូវ​រងា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី​ជាដើម។

លោក​បាន​បញ្ជាក់​ថា លោក​ចង់​ឲ្យ​មាន​ការ​សម្ដែង​នៅ​ក្នុង​ពិធី​បើក​ប្រកួត​កីឡា​លើក​នេះ​មួយ ដែល​មិន​ពាក់​ព័ន្ធ​ជាមួយ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ លោក​ចង់​ផ្ញើ​សារ​ទៅ​កាន់​ពិភពលោក​អំពី​បញ្ហា​បរិស្ថាន និង​អនាគត​នៃ​ភព​ផែនដី​របស់​មនុស្ស​ទូទៅ។

គោល​គំនិត​នេះ​អាច​ត្រូវ​គេ​មើល​ឃើញ​តាម​រយៈ​រទេះ​កង់​បី​ដ៏​ធំ​មួយ ដែល​តាក់​តែង​ឡើង​ចម្រុះ​ពណ៌ និង​ដឹក​ជញ្ជូន​ដើមឈើ និង​ផ្កា​ផ្សេងៗ បើក​នាំ​ក្បួន​គណៈប្រតិភូ​ក្រុម​កីឡាករ​ប្រទេស​ចូលរួម​ប្រកួត​នីមួយៗ។

មនុស្ស​រាប់​ពាន់​លាន​នាក់​បាន​ទស្សនា​ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នេះ​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​ពិធី​បើក​នោះ​បាន​បង្ហាញ​ពី​ក្រុម​កីឡាករ​ចូលរួម​ប្រកួត​ច្រើន​ជាង ២០០ ក្រុម ដែល​រួម​មាន​ទាំង​ក្រុម​ជន​ភៀស​ខ្លួន​ដំបូង​បំផុត​មិន​ដែល​មាន​ពី​មុន​មក​ផង​ដែរ។

ក្រុម​ជន​ភៀស​ខ្លួន​នេះ មាន​កីឡាករ ១០ នាក់​មក​ពី​ប្រទេស​ស៊ូដង់​ខាង​ត្បូង ប្រទេស​អេត្យូពី សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ប្រទេស​ស៊ីរី ដែល​ជន​ភៀស​ខ្លួន​ទាំង​នេះ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ប្រទេស​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​គេ​រស់​នៅ​ស្រប​ច្បាប់ ដូចជា​ប្រទេស​កេនយ៉ា ប្រទេស​លុចសំបួ​ ប្រេស៊ីល បែលហ្សិក និង​អាល្លឺម៉ង់។ កីឡាករ​ជន​ភៀស​ខ្លួន​ជា​បុរស ៦ នាក់ និង​ស្ត្រី ៤ នាក់​នេះ ចូលរួម​ប្រកួត​នៅ​ក្នុង​ផ្នែក​រត់ យូដូ និង​ហែលទឹក។

លោក​ប្រធានាធិបតី Barack Obama បាន​សរសេរ​សារ​នៅ​ក្នុង​បណ្តាយ​សង្គម Twitter ថា៖ «យប់​នេះ ក្រុម​ជន​ភៀស​ខ្លួន​ដំបូង​បង្អស់​ដែល​ចូលរួម​ប្រកួត​នៅ​ក្នុង​កីឡា​អូឡាំពិក​នេះ នឹង​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ឃើញ​ពួកគេ​ថា​មនុស្ស​រាល​គ្នា​អាច​ទទួល​ជោគជ័យ​បាន ទោះបីជា​អ្នក​នោះ​មក​ពី​ណា​ក៏ដោយ»៕