ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​បញ្ជូន​កីឡាករ​ពីរនាក់​ទៅ​ប្រកួត​កីឡា​អូឡាំពិក


​​លោក​ Neko Hiroshiដែល​ជា​ជនជាតិ​ជប៉ុន​មាន​សញ្ជាតិ​ខ្មែរ រត់​ទៅ​ទីផ្តាច់ព្រ័ត​ដើម្បី​យក​ជ័យ​ជម្នះ​នៅក្នុង​ការប្រកួត​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០១៦។ លោក​ Neko Hiroshi និង​អ្នក​ស្រី​លី ណារី ​​​វ័យ​៤០​ឆ្នាំ​មក​ពី​ទី​ក្រុង​ភ្នំពេញ នឹង​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិកនៅ​ទី​ក្រុង​ Rio de Janeiro ប្រទេស​ប្រ៊េស៊ីល​នៅ​​ខែសីហា​ខាង​មុខ​នេះ។ (AP Photo/Heng Sinith)

លោក​​​វ៉ាត់ ចំរើន អគ្គលេខាធិការ​របស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​មាន​ប្រសាសន៍​ថា​ អ្នក​រត់​ទាំង​ពីរ​រូប​នោះ​​មាន​អ្នក​ស្រី​លី ណារី ​​​វ័យ​៤០​ឆ្នាំ​មក​ពី​ទី​ក្រុង​ភ្នំពេញ​ និង​​តារា​កំប្លែង​ជនជាតិ​ជប៉ុន​ ដែល​មាន​សញ្ជាតិ​កម្ពុជា​គឺ​​លោក​ Neko Hiroshi។​

គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នឹង​បញ្ជូន​ជ័យ​លាភី​រត់​ប្រណាំង​ម៉ារ៉ាតុង​ពីរ​រូប​ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អូឡាំពិក ​ដែល​ហៅ​ថា Olympic Game នៅ​ទី​ក្រុង​ Rio de Janeiro ប្រទេស​ប្រ៊េស៊ីល​នៅខែសីហា​ខាង​មុខ​នេះ។

ការ​ប្រណាំង​កីឡា​អូឡាំពិក​ ដែល​ប្រព្រឹត្ត​ទៅ​រៀងរាល់​បួន​ឆ្នាំ​ម្តង​ ហើយ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ប្រ៊េស៊ីល​នោះ​ នឹង​មាន​កីឡាករ​ចូលរួម​ជាង​មួយ​ម៉ឺន​រូប​ ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​នេះ។​

លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​របស់​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​មាន​ប្រសាសន៍​ថា​ អ្នក​រត់​ទាំង​ពីរ​រូប​នោះមាន​អ្នក​ស្រី​លី ណារី ​វ័យ​៤០​ឆ្នាំ​មក​ពី​ទី​ក្រុង​ភ្នំពេញ​ និងតារា​កំប្លែង​ជនជាតិ​ជប៉ុន​ ដែល​មាន​សញ្ជាតិ​កម្ពុជា​គឺលោក​ Neko Hiroshi។​

លោក​វ៉ាត់ ចំរើន​បាន​មាន​ប្រសាសន៍​ថា ​អ្នក​ស្រី​លី ណារី​គឺជា​ស្ត្រី​កម្ពុជា​លើក​ដំបូង​ដែល​ជា​បេក្ខនារីចូលរួម​ប្រកួត​នៅ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក។​

«ក្នុង​ឆ្នាំ​មុន​នឹង​គាត់​បាន​ទទួល​បំបែកឯតទគ្គកម្ម​មួយ​នៅ​ក្រោម​បី​ម៉ោង​សម្រាប់​រត់​ម៉ារ៉ាតុង​ស្ត្រី។ ​អញ្ចឹង​ទេ​ គាត់​មាន​កម្រិត​បច្ចេកទេស​លើល​គេ​ទាំង​អស់។ ​នៅ​ស្រុក​ខ្មែរ​យើង​អត់​មាន​ស្ត្រី​រត់​ម៉ារ៉ាតុង​ទេ ​មាន​តែ​គាត់​ហ្នឹង​រត់​ម៉ារ៉ាតុង​៤២​គីឡូ»។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ អ្នក​ស្រី​លី ណារី ​ដែលជា​បេក្ខភាព​រត់​ប្រណាំង​ស្ត្រី​របស់​កម្ពុជា​ កំពុង​រៀន​រត់​សម​នៅ​ប្រទេស​កេនយ៉ា​ មុនធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង ​Rio de Janeiro​ ​ដើម្បី​ចូល​រួម​ការ​ប្រកួត។​

«គាត់​ហាត់​ត្រៀម​នៅ​កេនយ៉ា​នឹង​បីខែ​មក​ហើយ។ ​គាត់​នឹង​ទៅ​ទី​ក្រុង​ Rio de Janeiro​ ហ្នឹង​ប្រកួត​តែ​ម្តង»។​

លោក​ចំរើនបន្ត​ថា ​កីឡាករ​និង​កីឡាការិនី​នេះ​បានឆ្លង​កាត់​ការ​ប្រណាំង​ប្រជែង​ជា​ច្រើន​លើក​ច្រើន​សារ​ មុន​នឹង​ត្រូវ​បាន​គណៈ​កម្មាធិការ​អូឡាំពិក​កម្ពុជា​ជ្រើសរើស​ឲ្យចូលរួម​ក្នុង​ការ​ប្រកួត​នេះ។​

«មុន​នឹង​ទៅ​ហ្នឹង​ គេ​ធ្វើការ​ប្រកួត​ជម្រើស​នៅ​ភ្នំពេញ។​ គេ​ជម្រុះបាន​លេខ​មួយ ​ហើយ​ទៅ​បាន​គេ​បញ្ជូន​ឈ្មោះ​ទៅ​សុំ​ស្នើ​ចូល​រួម​ប្រកួត»។

​លោកចំរើន​មាន​ប្រសាសន៍​ថា​ អ្នក​ស្រី​លី ណារី​នឹង​ក្លាយ​ជា​គម្រូ​សម្រាប់​ស្ត្រី​កម្ពុជា​ដទៃៗ​ទៀត​ដែល​ស្រឡាញ់​កីឡា​រត់​ប្រណាំង។​

«គាត់​អាច​នឹង​ទៅ​ជា​ role model (មនុស្សគម្រូ)​ ​មួយ​សម្រាប់​កីឡារត់​នេះ​ ពី​ព្រោះ​ខ្មែរ​ខាង​កីឡាការិនី​រត់​ចម្ងាយ​ឆ្ងាយ​នេះ​ពិបាក​រក​ណាស់។​ វា​ជា​លើក​ទីមួយ​ហើយ​ដែល​យើង​មាន​កីឡាករ​ជា​ស្ត្រី​រត់​៤២​គីឡួ​ម៉ែត្រ​នៅ​អូឡាំពិក»។​

តារា​កំប្លែង​ដ៏​ល្បីល្បាញ​លោក Neko Hiroshi​ បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​កាល​ពី​ឆ្នាំ​២០១៤​ ហើយ​លោក​ក៏​បាន​ឈ្នះ​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​ផ្សេងៗ​ទៀត​ជា​ច្រើន។​

កាល​ពី​ឆ្នាំ​២០១២​ លោក Neko Hiroshi ដែល​ជា​បេក្ខជន​រត់​ប្រណាំង​បុរស​ ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជ្រើស​រើស​និង​បញ្ជូន​ឲ្យទៅ​ចូលរួម​ប្រកួត​រត់​ប្រណាំង​ម៉ារ៉ាតុង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ ប៉ុន្តែ​បេក្ខភាព​របស់​លោក​ត្រូវ​បាន​បដិសេធ ​ដោយ​សារ​នៅ​ពេល​នោះ​លោក​មិន​ទាន់​បាន​បំពេញ​លក្ខខណ្ឌ​ពេញលេញ​ដើម្បី​បាន​សញ្ជាតិ​ខ្មែរ។​

«ពេល​ដែល​យើង​ដាក់​គាត់​ទៅ​ប្រកួត​[នៅ​ទី​ក្រុង]ឡុងដ៍​ ​នៅ​ប្រទេស​អង់​គ្លេស​ឆ្នាំ​២០១២​សម្រាប់​ការ​ប្រកួត​អូឡាំពិក​ គាត់​អត់​បាន​ចូល​ទេ​ ដោយ​សារ​គាត់​អត់​គ្រប់​លក្ខណៈ​សម្បត្តិដោយ​សារ​សញ្ជាតិ​របស់​គាត់​មិន​ទាន់​គ្រប់​មួយ​ឆ្នាំ។​ អញ្ចឹង​គេ​អត់​ឲ្យគាត់​ទៅ​ទេ​ កាល​នៅ​ទីក្រុងឡុងដ៍»។​

លោក​មាន​ប្រសាសន៍​ថា ​ដើម្បី​ក្លាយជា​អ្នក​រត់​ប្រណាំង​តំណាង​ឲ្យកម្ពុជា​ កីឡាករទាំង​ពីរ​ភេទ​រួម​មាន​លោក​ Neko Hiroshi ​បានឆ្លងកាត់​ការ​ជ្រើស​រើស​ដ៏​តឹង​រ៉ឹង​បំផុត៕

XS
SM
MD
LG