លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិបានអំពាវនាវជាថ្មីនៅថ្ងៃសុក្រនេះឱ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោតបើគណបក្សសង្គ្រោះជាតិមិនបានចូលរួមប្រកួតប្រជែងទេ។
នៅក្នុងសារជាវីដេអូបង្ហោះតាមទំព័រហ្វេសប៊ុក លោកសម រង្ស៊ី បានបញ្ជាក់ថា៖
«ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋខ្មែរសូមធ្វើពហិការកុំទៅបោះឆ្នោតឱ្យសោះដរាបណារដ្ឋអំណាចសព្វថ្ងៃមិនឱ្យគណបក្សសង្គ្រោះជាតិមានឈ្មោះជាគូប្រកួតក្នុងការបោះឆ្នោតខាងមុខ»។
លោកបានបន្ថែមថាប្រសិនបើប្រជាពលរដ្ឋច្រើនលើសលប់ធ្វើពហិការមិនទៅបោះឆ្នោតឱ្យគណបក្សណាទាំងអស់ទេវាគឺជាការរួមចំណែកដើម្បីដកភាពស្របច្បាប់ពីការបោះឆ្នោត«ក្លែងក្លាយ»ខាងមុខនិងដកភាពស្របច្បាប់ពី«របបផ្តាច់ការដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យហើយដែលពិភពលោកកំពុងតែថ្កោលទោស»។
លោកសម រង្ស៊ីបានបន្ថែមថា៖
«មានតែជំហរនិងកាយវិការពហិការបែបនេះទេដែលអាចនាំមកនូវការផ្លាស់ប្តូរឆ្ពោះទៅរកសេរីភាពនិងយុត្តិធម៌ដូចយើងចង់បានទាំងអស់គ្នា»។
លោក សម រង្ស៊ី ចាត់ទុកថានេះគឺជាទម្រង់មួយនៃការតវ៉ាអហិង្សាដែលប្រទេសនានាធ្លាប់បានប្រើប្រាស់ដោយជោគជ័យ។ លោកបានលើកឧទាហរណ៍សំដៅលើការតស៊ូអហិង្សារបស់វីរៈបុរសជាតិឥណ្ឌាគឺលោកមហាត្មៈ គន្ធីដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសរហូតបានទទួលជ័យជំនះក្នុងឆ្នាំ១៩៤៧។
លោក សម រង្ស៊ី ក៏បានរិះគន់គណបក្សដែលចូលរួមក្នុងការបោះឆ្នោតខាងមុខថាគ្រាន់តែ«កេងចំណេញ» ពីអវត្តមានគណបក្សសង្គ្រោះជាតិប៉ុណ្ណោះនិងជាការលំអរឆាកល្ខោនរបស់គណបក្សកាន់អំណាចហើយពួកគេប្រៀបដូចជា«សត្វអំពិលអំពែក»ដែលបញ្ចេញពន្លឺ«ភ្លឹបភ្លែតៗ»នៅពេលបោះឆ្នោតហើយបាត់ទៅវិញនៅពេលបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។ រីឯដំណើរការចុះឈ្មោះគណបក្សនយោបាយបានចាប់ផ្តើមតាំងពីថ្ងៃទី៣០ខែមេសាហើយនឹងបញ្ចប់ទៅថ្ងៃទី១៤ខែឧសភានេះ។
វិបត្តិនយោបាយកម្ពុជាបានកើតមានឡើងក្រោយពេលអាជ្ញាធរកម្ពុជាសម្រុកចូលចាប់ខ្លួនលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមខែកញ្ញាពីបទក្បត់ជាតិហើយតុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំនេះកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន។
គណបក្សភ្លើងទៀនដែលបានប្តូរឈ្មោះពីគណបក្សសមរង្ស៊ីបានប្រកាសធ្វើពហិការមិនចូលរួមការបោះឆ្នោតខែកក្កដាខាងមុខនេះ ក្នុងខណៈគណបក្សទើបបង្កើតថ្មីចំនួនពីរដែលមានមួយជារបស់កូនប្រុសលោក គង់ គាំ អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង បានថ្កោលទោសលោក សម រង្ស៊ី ថា បានកំពុងបង្កចលាចលមុនការបោះឆ្នោត៕