ក្រោយពី​គ.ជ.ប.​បដិសេធបេក្ខភាព​របស់លោក​​ លោក​សម​ រង្ស៊ី​ងាក​ទៅ​សុំ​អភ័យ​ឯកសិទ្ធិ​ពីសភា

​លោក​សម​ រង្ស៊ី​​ ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​ ​ថ្លែង​ទៅ​កាន់អ្នក​​សារព័ត៌មាន​ ​និង​អ្នកគាំទ្រ។​​

មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើប​វិល​ត្រឡប់​ពី​ការ​និរទេស​ខ្លួន​គឺ​លោក​សម ​រង្ស៊ី​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ស្នើ​ឲ្យ​ប្រធាន​រដ្ឋ​ប្រគល់​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ដ្រ​មក​ខ្លួន​វិញ។ ​ស្រប​ពេល​ដែល​លោក​បាន​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ពិនិត្យ​ឡើង​វិញ​ពី​ការ​ចុះ​ឈ្មោះ​រូប​លោក​ក្នុង​បញ្ជី​បេក្ខជន​តំណាង​រាស្ដ្រ។​

លោក​សម ​រង្ស៊ី​ត្រូវ​ព្យួរ​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ដ្រ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ក្រោយ​ពី​លោក​ត្រូវ​ចោទ​ប្រកាន់​ដោយ​តុលាការ​ខ្មែរ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយរៀង។​

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​លោក​ហេង ​សំរិន ​ប្រធាន​រដ្ឋ​សភា​ជាតិ​ លោក​សម ​រង្ស៊ី​លើក​ឡើង​ថា​ យោង​តាម​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ដ្រ​គឺ​ថា​ តំណាងរាស្ដ្រ​ដែល​ជា​ទណ្ឌិត​នឹង​ទទួល​បានសុពលភាព​និង​អភ័យ​ឯក​សិទ្ធិ​ឡើង​វិញ ក្រោយ​ពី​ត្រូវ​បាន​លើក​លែង​ទោស។​

ដូច្នេះ​លោក​សុំ​លោក​ហេង ​សំរិន​«ពិនិត្យ​និង​សម្រេច​ផ្តល់​សុពលភាព​និង​អភ័យ​ឯក​សិទ្ធិ»​ តំណាង​រាស្ត្រ​ជូន​រូប​លោក​ក្នុង​«ស្មារតី​បង្រួប​បង្រួម​ ផ្សះផ្សារ​និង​ឯក​ភាព​ជាតិ» ​និង​ដើម្បី​ឲ្យ​រូប​លោក​មាន​លទ្ធភាព​បំពេញ​តួនាទី​ជា​តំណាងរាស្ដ្រ​របស់​ខ្លួន​បាន។​

លោក​យឹម​ សុវណ្ណ​ បេក្ខជន​តំណាងរាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ​ការផ្តល់​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ដ្រ​ដល់​លោក​សម ​រង្ស៊ី​ ​នឹង​អាច​ផ្តល់​លទ្ធភាព​ចុះ​បញ្ជី​ឈ្មោះ​បេក្ខជន​រូប​លោក​ឡើង​វិញ​បាន។​

លោក​និយាយថា៖​ «កាលណា​ជម្រះ​រឿង​ទោស​ទណ្ឌ​ចប់​សព្វ​គ្រប់​ហើយ​ តំណាង​រាស្ដ្រ​ត្រូវ​មាន​បព្វ​សិទ្ធិ​ និង​ឯក​សិទ្ធិ​ផ្សេងៗ​ត្រឡប់​មក​វិញ។​ អញ្ចឹង​បើ​មាន​(អភ័យ​ឯកសិទ្ធិ)​ត្រឡប់​មក​វិញ​ហើយ​ ដោយសារ​ការ​លុប​ឈ្មោះ​អត់​មាន​អាហ្នឹង ​អញ្ចឹង​ត្រូវ​តែ​ឈ្មោះ​ហ្នឹង​អាច​ត្រឡប់​មក​វិញ​បាន»។​

ដោយឡែក​លោក​ជាម​ យៀប​ តំណាង​រាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈ​កម្មការ​កិច្ចការ​បរទេស​របស់​រដ្ឋ​សភា​ មាន​ប្រសាសន៍​ថា​ រដ្ឋ​សភា​បាន​ទទួល​សំណើ​របស់​លោក​សម រង្ស៊ី​រួច​ហើយ​ ប៉ុន្តែ​លោក​មិន​ដឹង​ ថា​តើ​គណៈកម្មាការ​អចិន្ត្រៃ​នៃ​រដ្ឋ​សភា​អាច​នឹង​កោះ​ប្រជុំ​ដើម្បី​សម្រេច​រឿង​នេះ​នៅ​ពេល​ណា​ទេ។​

លោក​និយាយថា៖​ «ស៊ីសង​លើ​សម្តេច​ប្រធាន​រដ្ឋ​សភា​កោះ​ប្រជុំ។ ​បើ​សិន​ជា​សម ​រង្ស៊ី​សុំ​ក្នុង​នាម​សង្គ្រោះ​ជាតិ ​យើង​អត់​មាន​ច្បាប់​ណា​ត្រូវ​ឲ្យ​គាត់​ទេ ​ពី​ព្រោះ​ក្នុង​អាណត្តិ​ទី៤​មាន​តែ​គណបក្ស​ប្រជាជន​៩០​កៅ​អី​ គណបក្ស​សម ​រង្ស៊ី​២៦ ​គណបក្ស​សិទ្ធិ​មនុស្ស​៣​ គណបក្ស​នរោត្តម ​រណឫទ្ធិ​ និង​ហ៊្វុនស៊ីនប៉ិក​ពីរៗ»។​

ការ​ស្នើ​សុំ​អភ័យ​ឯក​សិទ្ធិ​ឡើង​វិញ​របស់​ប្រធាន​គណបក្ស​ជំទាស់​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​ច្រាន​ចោល​សំណើ​របស់​លោក​សុំ​ចុះ​បញ្ជី​បេក្ខជន​តំណាង​រាស្ដ្រ​ដើម្បី​ឈរ​ឈ្មោះ​ប្រចាំ​ខេត្ត​កណ្តាល​ទល់​នឹង​បេក្ខភាព​របស់​លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​អំណាច។​

នៅ​ថ្ងៃ​ដដែល​នេះ ​លោក​សម​ រង្ស៊ី​ក៏បាន​សរសេរ​លិខិត​ថ្មី​មួយ​ទៀត​ទៅ​កាន់​លោក​អ៊ឹម ​សួស្តី ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​ឲ្យ​លោក​ពិចារណា​ឡើង​វិញ​អំពី​លទ្ធភាព​នៃ​ការ​ដាក់​ឈ្មោះ​លោក​ក្នុង​បញ្ជី​អ្នក​បោះឆ្នោត​និង​ក្នុង​បញ្ជី​បេក្ខជន​តំណាង​រាស្ដ្រ ​បន្ទាប់​ពី​គ.ជ.ប.​បដិសេធ​សំណើ​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​សំអាង​ថា ​មិន​មាន​មូល​ដ្ឋាន​ច្បាប់។​

គេ​នៅ​មិន​ទាន់​ដឹង​ពី​ការ​សម្រេច​របស់​គ.ជ.ប. ​យ៉ាង​ណា​នៅ​ឡើយ​ទេ​មក​ទល់​នឹង​ល្ងាច​នេះ។​

លោក​សម ​រង្ស៊ី​ បច្ចុប្បន្ន​កំពុង​ដឹកនាំ​ការ​ឃោសនា​ដោយ​គ្មាន​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ត្រ​ដើម្បី​ស្វែង​រក​សំឡេង​គាំទ្រ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​បណ្តា​ខេត្ត​នានា​ជាមួយ​អនុ​ប្រធាន​របស់​លោក​គឺ​លោក​កឹម​ សុខា ​ខណៈ​ដែល​យុទ្ធនាការ​បោះឆ្នោត​រយៈ​ពេល​មួយ​ខែ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២៦​ខែ​កក្កដា​នេះ​គឺ​ពីរ​ថ្ងៃ​មុន​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ចាប់​ផ្តើម៕